ភ្នំពេញៈ ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​បាន​បញ្ជា​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស ​(Rapid Test)​ រក​មេរោគ​កូវីដ ១៩ ​បន្ថែម​ចំនួន​ ៥ ០០០ តេស្ត​ សម្រាប់​ប្រើប្រាស់​តាម​អង្គភាព​ក្រោម​ឱវាទ​ក្រសួង ​និង​ការដ្ឋាន​ចាំបាច់​មួយចំនួន ​ក្រោយពី​ឧបករណ៍​ធ្វើតេស្ត​រហ័ស ​ចំនួន ​៤ ០០០ ទៀត​ ត្រូវបាន​បញ្ជា​ទិញ​យក​មក​ប្រើ​ប្រាស់​រួច​រាល់។

កាល​ពី​ដើម​សប្តាហ៍មុន ​ក្រសួង​សាធារណការ ​បានរៀបចំ​កម្មវិធី​បណ្ដុះ​បណ្ដាល​ពី​របៀប​ធ្វើ​តេស្ត​រហ័ស ​(Rapid Test) ​ជូន​ដល់​មន្ត្រី​រាជការ​ជា​ជន​បង្គោល​ទាំង ​២៥​ រាជធានី​-ខេត្ត ​ជាមួយ​នឹង​ឧបករណ៍​តេស្ត​រហ័ស ​ដែលបាន​បញ្ជា​ទិញ​ចំនួន​ ២ ០០០ តេស្ត ​និង ​២ ០០០ តេស្ត​ទៀត ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។

លោក ​កែន រដ្ឋា ​អគ្គនាយកនៃ​អគ្គនាយក​រដ្ឋបាល ​និងហិរញ្ញវត្ថុ ​នៃ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃនេះ​ថា​ ដើម្បី​ជា​ការចូលរួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​និង​ក្រសួង​សុខាភិបាល ​ក្នុង​ការស្វែងរក​ប្រភព​ចម្លង ​និង​អាច​មាន​លទ្ធភាព​កាត់ផ្ដាច់​ឫស​គល់​មេរោគ​កូវីដ ១៩​ នេះ ​ប្រកប​ដោយ​ប្រសិទ្ធភាព ​ក្រសួង​បានបញ្ជា​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​ជាបន្ត​បន្ទាប់ សម្រាប់​ប្រើ​ប្រាស់​តាម​អង្គភាព​ក្រោម​ឱវាទ​ក្រសួង ​និង​ការដ្ឋាន​ចាំបាច់​មួយ​ចំនួន។

លោក​បាន​បញ្ជាក់ថា​៖«យើង​បាន​បញ្ជា​ទិញ​បន្ថែម​ចំនួន​ ៥ ០០០ ទៀត ​ដែល​នឹង​មកដល់​នៅ​ចុង​សប្តាហ៍​នេះ ​បន្ទាប់ពី​ចំនួន ​៤ ០០០ តេស្ត​ បាន​យក​មក​ប្រើប្រាស់​រួច​រាល់​ហើយ។ យើង​មាន​តេស្ត​នេះ ​គឺ​ស្រួល​មែនទែន ​ដែល​នាំឲ្យ​យើង​ដឹង​លទ្ធផល​បានរហ័ស ​និង​ងាយ​ទប់​ស្កាត់ ​កុំ​ឱ្យ​ឆ្លង​ចូល​ក្រសួង»។

ក្រៅពី​បញ្ជា​ទិញ​ឧករណ៍​តេស្ត​រហ័ស​នេះ ​លោក​ កែន រដ្ឋា ​បានអះអាងថា ​ក្រសួងក៏បាន​បញ្ជា​ទិញ ​និង​បម្រុង​ទុក​ឱសថ​ចិន ​(LIANHUA QINGWEN JIAONANG)​មួយចំនួន​សម្រាប់​ផ្តល់​ជូន​ដល់​បុគ្គលិក ​មន្ត្រី​រាជការ​ណា​ដែល​មាន​ហានិភ័យ​ឆ្លង ​ឬ​បាន​ឆ្លង​ជំងឺ​កូវីដ ១៩ ​ប្រើ​ប្រាស់​ផង​ដែរ៕