
ឧបករណ៍តេស្ដរហ័ស រកអង់ទីហ្ស៊ែនកូវីដ ១៩ ដែលនាំចូល។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងមួយចំនួនបានបញ្ជាទិញឧបករណ៍តេស្តរហ័សរាប់ពាន់តេស្តសម្រាប់ធ្វើតេស្តមន្ត្រីរបស់ខ្លួន ដើម្បីចូលរួមកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ចូលក្នុងស្ថាប័ន ខណៈក្រសួងប្រៃសណីយ៍បានអះអាងថា បានលក់តេស្តរហ័សនេះបានជាងរាប់ម៉ឺនតេស្ត។
កាលពីថ្ងៃទី ៧ កក្កដា ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសុខាភិបាលឯកជន ស្ថាប័ន និងអង្គភាពរដ្ឋមិនមែនសុខាភិបាល បណ្តាច្រកទ្វារចេញ-ចូលប្រទេស ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស ទីកន្លែងអាជីវកម្មផ្សេងទៀត និងនៅតាមផ្ទះ ឬសម្រាប់បុគ្គលឯកជន ប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីហ្ស៊ែនកូវីដ ១៩។
គិតត្រឹមថ្ងៃទី ៧ ខែកក្កដា ក្រសួងសុខាភិបាលបានទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់តេស្តរហ័សរកអង់ទីហ្ស៊ែនកូវីដ ១៩ ចំនួន ៤ ប្រភេទ រួមមាន ABBOTT PANBIO COVID-19 Ag RAPID TEST DEVICE, ROCHE SARS-CoV-2 Rapid Antigen Test 25T, STANDARD Q COVID-19 Ag Test និង INDICAID COVID-19 Rapid Antigen Test។
ឧបករណ៍តេស្តរហ័ស ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅពេលមានការសង្ស័យពីការចម្លងមេរោគកូវីដ ១៩ និងនៅពេលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដើម្បីជាវិធានការស្រាវជ្រាវ និងរុករកអ្នកមានវិជ្ជមានដទៃទៀត តាមរយៈការពាក់ព័ន្ធដោយផ្ទាល់ ឬពាក់ព័ន្ធដោយប្រយោល។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាទិញឧបករណ៍ធ្វើតេស្តរហ័ស (Rapid Test) ប្រមាណ ៩ ពាន់តេស្តពីប្រទេសកូរ៉េ សម្រាប់ប្រើប្រាស់តាមអង្គភាពក្រោមឱវាទក្រសួង និងការដ្ឋានចាំបាច់មួយចំនួន។
លោក កែន រដ្ឋា អគ្គនាយកនៃអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១២ កក្កដា ថា តេស្តរហ័សដែលបានបញ្ជាទិញនេះ គឺបានមកដល់ក្រសួង ដើម្បីយកមកប្រើប្រាស់ ចែកចាយរួចមកហើយចំនួន ៤ ពាន់តេស្ត និងចំនួន ៥ ពាន់តេស្តទៀត បានបញ្ជាទិញបន្ថែមដែលនឹងត្រូវមកដល់នៅចុងសប្តាហ៍នេះ។
លោកបានបញ្ជាក់ថា ការដែលក្រសួងសាធារណការបានបញ្ជាទិញឧបករណ៍តេស្តរហ័សយកមកប្រើប្រាស់ដោយខ្លួនឯង គឺដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការស្វែងរកប្រភពចម្លង។
លោកថ្លែងថា ការធ្វើតេស្តរហ័សនេះបានជួយកាត់ផ្ដាច់ឫសគល់មេរោគកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព ជាពិសេសការឆ្លងរីករាលដាលមកកាន់មន្ត្រីនៃក្រសួងសាធារណការផ្ទាល់តែម្តង។
លោកបានបញ្ជាក់ថា៖ «យើងមានតេស្តនេះ គឺស្រួលមែនទែន ដែលនាំឱ្យយើងដឹងលទ្ធផលបានរហ័ស និងងាយទប់ស្កាត់កុំឱ្យឆ្លងចូលក្រសួង។ បើប្រៀបធៀបទៅគឺជួយការងារក្រសួងបានច្រើន ព្រោះបើមន្ត្រីយើងណាម្នាក់ មកធ្វើការមានជំងឺនេះ គឺនឹងមានប្រាស្រ័យទាក់ទងជាមួយមន្ត្រីផ្សេងទៀត។ ដូច្នេះ យើងធ្វើតេស្តអ្នកពាក់ព័ន្ធភ្លាមៗ ដែលមិនធ្វើឱ្យប៉ះពាល់ដល់ការបំពេញការងាររបស់មន្ត្រីយើង»។
លោក សូ វិសុទ្ធី អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១២ កក្កដាថា ក្រសួងបានលក់ចេញនូវឧបករណ៍តេស្តរហ័សបានចំនួនរាប់ម៉ឺនតេស្តរួចមកហើយៗក៏នៅមានការបញ្ជាទិញពីស្ថាប័នរដ្ឋ និងឯកជន រាប់ម៉ឺនតេស្តបន្ថែមទៀត ដែលមិនទាន់ដឹកមកដល់កម្ពុជា។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបាននិយាយថា ជាបទពិសោធនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ គឺការប្រើប្រាស់ឧបករណ៍តេស្តរហ័ស គឺជាមធ្យោបាយមួយក្នុងការត្រួតពិនិត្យ និងស្វែងរកជំងឺនេះ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាល។
លោកថ្លែងថា៖ «ខ្ញុំយល់ថានេះគឺជារឿងល្អ ដែលក្រសួងស្ថាប័នទាំងនោះបានបញ្ជាទិញ និងនាំចូលឧបករណ៍តេស្តមកកាន់ស្ថាប័នរបស់ពួកគេ ដើម្បីតាមដានរាល់បញ្ហារបស់មន្ត្រី»។ «សម្រាប់ខ្ញុំ ដើម្បីធានាអំពីសុខសុវត្ថិភាព គឺក្រសួង ក៏ត្រូវពិនិត្យ តាមដាន ឱ្យបានហ្មត់ចត់ដែរ ជាពិសេសធ្វើឱ្យប្រាកដថា ក្រុមហ៊ុនឯកជន ពិតជាទិញឧបករណ៍តេស្តរហ័សពីអ្នកផលិត ឬក៏ពីប្រភពដែលអាចទុកចិត្តបាន និងតាមស្តង់ដាវេជ្ជសាស្ត្រត្រឹមត្រូវ។ ចំណែកវិស័យរដ្ឋវិញ ត្រូវមានតម្លាភាពដើម្បីធានាថា លុយដែលបានចំណាយហ្នឹង ចំគោលដៅ»៕