ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន នឹងថ្លែងការណ៍អំពីមធ្យោបាយនិងរបៀបដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនានារួមនឹងជំហររបស់កម្ពុជា ចំពោះពហុភាគីនិយមក្នុងសន្និសីទពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេសនៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) តាមប្រព័ន្ធវីដេអូនៅថ្ងៃទី ១៣-១៤ ខែកក្កដានេះ ដែលធ្វើឡើងនៅទីក្រុងបាគូសាធារណរដ្ឋអាស៊ែបៃហ្សង់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី ១២ ខែកក្កដា បានបញ្ជាក់ថា ការចូលរួមសន្និសីទរបស់លោកប្រាក់ សុខុន គឺតបតាមការអញ្ជើញរបស់លោក Jeyhun Bayramov រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ (Azerbaijan)។
សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា សន្និសីទនេះនឹងធ្វើឡើងក្រោមមូលបទ «ចលនាមិនចូលបក្សសម្ព័ន្ធស្ថិតនៅចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងពហុភាគី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល»។
សន្និសីទតាមប្រព័ន្ធវីដេអូនេះ នឹងផ្តល់ឱកាសដល់រដ្ឋសមាជិក NAM ពិនិត្យមើលវឌ្ឍនភាព ដែលសម្រេចបានលើបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងរបៀបវារៈនៃចលនាមិនចូលបក្សសម្ព័ន្ធ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងបាគូឆ្នាំ ២០១៩ ក៏ដូចជាធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីតួនាទីរបស់ NAM ក្នុងការឆ្លើយតបទៅនឹងកំណើននៃបញ្ហាប្រឈមនានាឱ្យកាន់តែមានប្រសិទ្ធភាព។
បើតាមក្រសួងការបរទេស លោក ប្រាក់ សុខុន នឹងថ្លែងការណ៍ផ្តោតលើមធ្យោបាយ និងរបៀបដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនានា តាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការពហុភាគី។ ពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់មនុស្សជាតិ នៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ និងជំហររបស់កម្ពុជា ចំពោះពហុភាគីនិយមសម្រាប់សន្តិភាព៕