ភ្នំពេញៈ វ៉ាក់សាំង AstraZeneca ប្រមាណ ១ លានដូស ត្រូវបានរាជរដ្ឋាភិបាលជប៉ុនប្រកាសផ្តល់ជំនួយមកប្រទេសកម្ពុជា ដែលនឹងត្រូវដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ក្នុងពេលដ៏ឆាប់ខាងមុខ ខណៈមកដល់ពេលនេះប្រទេសកម្ពុជា ចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ ១៩ បានជាង ៥ លាននាក់ហើយ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានាថ្ងៃទី ១៣ ខែកក្កដា បានផ្ញើសារមួយឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយនូវវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ ១ លានដូសដល់កម្ពុជាដែលជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។
លោកបានលើកឡើងទៀតថា វ៉ាក់សាំងដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភ័ស្តុភារដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) បានបញ្ចប់។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ មានប្រសាសន៍ក្នុងសារនេះថា៖ «ខ្ញុំសង្ឃឹមថា ជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជា ហើយក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់យើង»។
លោកបន្តថា៖ «ខ្ញុំសង្ឃឹមថាស្ថានភាពនឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះហើយការផ្លាស់ប្តូររវាងប្រទេសយើងទាំង ២ ក៏ដូចជាក្នុងពិភពលោកនឹងអាចចាប់ផ្តើមឡើងវិញ»។
ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មី ដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដសរុបប្រមាណច្រើនជាង ៥០ លានដុល្លារអាមេរិកដល់កម្ពុជា ដែលរួមមានការផ្តល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺ តាមព្រំដែន ក៏ដូចជាការផ្តល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវផងដែរ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ថា៖ «យើងក៏បានផ្តល់ជាកម្ចីប្រមាណ ២២៧ លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល»។
ចាប់តាំងពីថ្ងៃទី ៧ ខែកុម្ភៈ ដល់ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងប្រមាណ ១៧ លានដូសរួចហើយ ដែលភាគច្រើនជាវ៉ាក់សាំងចិនដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ និងជាជំនួយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងកាលពីថ្ងៃទី ១០ កក្កដាថា៖ «វ៉ាក់សាំងគឺជាយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ ១៩។ តាមរយៈវ៉ាក់សាំងដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ»។
ដោយឡែក ប្រទេសកម្ពុជាបានរកឃើញអ្នកទី ៥ លាន ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ដែលជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ។
លោក ហ៊ុន សែន បានប្រកាសពីការរកឃើញមនុស្សទី ៥ លាន ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយលោកបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា៖ «សូមអបអរសាទរចំពោះបងប្រុស ណុប មាន អាយុ ៧០ ឆ្នាំជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទី ៥ លាននៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ នេះ»។
លោក ហ៊ុន សែន បញ្ជាក់ទៀតថា លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្របខ័ណ្ឌទូទាំងប្រទេសនឹងនាំយកថវិកាចំនួន ១០ លានរៀល ព្រមទាំងសម្ភារផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។
លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន និងក្រុមគ្រួសារ ដែលមកដល់ពេលនេះកម្ពុជាចាក់វ៉ាក់សាំងបាន ៥០ ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់ ១០ លាននាក់ហើយ។
តាមផែនការរាជរដ្ឋាភិបាលកម្ពុជានឹងបញ្ចប់ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋឱ្យបាន ១០ លាននាក់នៅក្នុងត្រឹមខែតុលា ឬដើមខែវិច្ឆិកាឆ្នាំ ២០២១ នេះ បន្ទាប់ពីទទួលបានវ៉ាក់សាំងគ្រប់ចំនួន ២០ លានដូសរួចរាល់នៅក្នុងខែសីហា ខាងមុខ។
ដោយឡែកនៅថ្ងៃទី ១៣ ខែកក្កដាដដែលនេះដែរ ស្ថានទូតចិន ប្រចាំកម្ពុជា បានប្រកាសថា វ៉ាក់សាំងចិនស៊ីណូហ្វាម និងស៊ីណូវ៉ាក់ បានចូលក្នុងបញ្ជីឈ្មោះនៃយន្តការ COVAX ដោយជោគជ័យហើយ។ យោងតាមស្ថានទូតចិន ប្រចាំកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី ១២ ខែកក្កដា សម្ព័ន្ធថ្នាំបង្ការសកល (GAVI) បានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមុន (Pre Order) ជាមួយក្រុមហ៊ុន China National Pharmaceutical Group Corporation និងក្រុមហ៊ុន Sinovac Biotech។
ស្ថានទូតចិនបានលើកឡើងថា៖ «វ៉ាក់សាំងចិនស៊ីណូហ្វាម និងវ៉ាក់សាំងចិនស៊ីណូវ៉ាក់បានចូលក្នុងបញ្ជីឈ្មោះនៃយន្តការ COVAX និងព្រមទាំងអាចផ្គត់ផ្គង់វ៉ាក់សាំងជូនដល់យន្តការ COVAX ដើម្បីប្រើប្រាស់ក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដោយចាប់ពីខែកក្កដានេះតទៅ»។
ស្ថានទូតចិនបានបន្តថា យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនចិនទាំង ២ នេះនឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដចំនួន ១១០ លានដូសទៅកាន់យន្តការ COVAX មុនចុងខែតុលាឆ្នាំនេះ ហើយនឹងបន្តផ្គត់ផ្គង់រយៈពេលវែងជាបន្តបន្ទាប់។ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនចិនទាំង ២ នេះជាមួយនឹងសម្ព័ន្ធ GAVI ជាការបង្ហាញពីលក្ខណៈសំខាន់នៃការអនុវត្តសកម្មភាពជាក់ស្តែងរបស់ចិនក្នុងការចាត់ទុកវ៉ាក់សាំងជាផលិតផលសាធារណៈ៕