ពោធិ៍សាត់ៈ កម្លាំង​បញ្ជាការ​ឯកភាព​នៃ​រដ្ឋបាល​ខេត្តពោធិ៍សាត់​បាន​បន្ត​ចុះ​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅក្នុង​តំបន់​ព្រៃលិចទឹក​បឹងទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រគរ ស្រុក​កណ្ដៀង និង​ស្រុក​បាកាន​។ ក្នុង​ប្រតិបត្តិការ​រយៈពេល​ ៣ ​ថ្ងៃ​កន្លងមកនេះ ក្រុម​សមត្ថកិច្ច​បាន​បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​នេសាទ​ជាច្រើន​កន្លែង ដោយបាន​រុះរើ​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​ចម្រឹង​សម្រាស់​ជាច្រើន​កន្លែង​។

លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ពោធិ៍សាត់​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្នុង​ប្រតិបត្តិការ​នេះ ក្រុមការងារ​បាន​បែងចែក​កម្លាំង​ជា​ ៣ ​ក្រុម​ក្នុងនោះ​មួយក្រុម​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​សហគមន៍​ប្រជានេសាទ​នៅតាម​មូលដ្ឋាន ដើម្បី​ឱ្យ​ពួកគេ​មាន​ការយល់ដឹង​ពី​ផ្លូវច្បាប់ និង​ផលប្រយោជន៍​នៃ​ធនធាន​មច្ឆាជាតិ ហើយ​ចូលរួម​ទប់ស្កាត់​បទល្មើស​នេសាទ តាមរយៈ​ការបញ្ឈប់​នូវ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ដែល​បាន​ហាមឃាត់​ដោយ​ច្បាប់ ជាពិសេស​ការនេសាទ​នៅក្នុង​រដូវ​ត្រីពង​កូន​។ ចំណែក​ ២ ​ក្រុម​ទៀត គឺ​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ជលផល​នៅក្នុង​តំបន់​ព្រៃលិចទឹក​បឹង​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ ។

លោក​បានបញ្ជាក់​ឱ្យដឹង​ទៀត​ថា​៖ «​នៅពេលនេះ យើង​ធ្វើ​សកម្មភាព​ព្រម​គ្នា​ក្នុងពេល​តែមួយ គឺ​ចុះ​ផ្សព្វផ្សាយ​អប់រំ​​ពី​ផ្លូវច្បាប់​ផង និង​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ចាប់​បទល្មើស​ជលផល​ផង​»​។

លោក វិមល បាន​ថ្លែងថា យុទ្ធនាការ​នេះ​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​ ១០ ខែកក្កដា ឆ្នាំ​ ២០២១​។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ក្រុមការងារ​បាន​ចុះ​អនុវត្ត​ និង​បង្ក្រាប​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ចំនួន​ ៣ ​គឺ​ស្រុក​កណ្តៀង ស្រុក​បាកាន និង​ស្រុក​ក្រគរ ដោយ​បាន​រុះរើ​ និង​បំផ្លាញចោល ចម្រឹង​សម្រាស់​សរុប​ ២ ៤២០ ​ដើម ក្បាល​​បរណរ៉ាវ សរុប​ ៣៦ ​គ្រឿង របាំង​សាច់អួន​សរុប ៣៤ ​ខ្សែ ដែលមាន​ប្រវែង​សរុប​ចំនួន ៦ ២៥០ ​ម៉ែត្រ និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ប្រភេទ​ចូលទៅក្នុង​ទឹក​បឹង​ទន្លេសាប​វិញ​សរុប ចំនួន​ ២៩ ​គីឡូក្រាម​។

លោក​បាន​បន្ថែមថា​៖ «​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ សមត្ថកិច្ច​យើង​នៅ​មិនទាន់​ជួបប្រទះ​ ឬ​ចាប់​ឃាត់ខ្លួន​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​ណា​ម្នាក់​នៅឡើយ​ទេ ព្រោះ​ពួកគេ​ទំនងជា​បានដឹងខ្លួន​ជាមុន ហើយ​បានគេច​ខ្លួន​ពី​តំបន់ ដែល​មាន​ការលួច​នេសាទ​ត្រី​ដោយ​ខុសច្បាប់​ក្នុង​រដូវ​ត្រីពង​កូន​»​។

យោងតាម​ទិន្នន័យ​ស្ដីពី​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ របស់​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួលបាន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ សំណុំ​រឿង​បទល្មើស​ជលផល​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​សរុប​ ១ ២២២ ​ករណី​ក្នុងនោះ​បទល្មើស​ជលផល​សមុទ្រ​មាន​ចំនួន ៧០ ​ករណី​។ ចំនួន​នេះ​មាន​ការកើនឡើង​ចំនួន​ ២៦ ​ករណី បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០​។

ក្នុង​ឆមាស​ទី​ ១ នេះ​សមត្ថកិច្ច​រដ្ឋបាល​ជលផល​នៅ​ទូទាំង​រាជធានី-ខេត្ត​នៃ​ប្រទេស​កម្ពុជា​បាន​បង្ក្រាប​រឹបអូស និង​បំផ្លាញចោល​នូវ​វត្ថុតាង​នៃ​បទល្មើស​នៅនឹង​កន្លែង​សរុប ១ ១០៥ ​ករណី​។ វត្ថុតាង​ដែល​បាន​រឹបអូស​ និង​បំផ្លាញចោល​ទាំងនោះ​រួមមាន របាំង​ស្បៃមុង និង​សាច់​អួន​ប្រវែង​ ៣៧៩ ១២០ ​ម៉ែត្រ បង្គោល​ ឬ​ចម្រឹង​ចំនួន​ ១៦៦ ៣១៧ ​ដើម លូស្បៃមុង និង​សាច់​អួន​ចំនួន​ ៥ ៥១៥ ​មាត់ សម្រាស់​ទំហំ​ ៣៤ ៥៧២ ​ម៉ែត្រក្រឡា មងរាយ និង​មង​បណ្តែត​ប្រវែង​ ៧៩ ២៧៨ ​ម៉ែត្រ លប​កែច្នៃ ឬ​កន្ទុយ​កណ្តុរ​ចំនួន ១ ៨០៥ ​គ្រឿង ឧបករណ៍​ឆក់​ត្រី​ចំនួន​ ១១៥ ​គ្រឿង និង​បាន​លែង​ត្រី​ចម្រុះ​ចូលក្នុង​បឹង​ធម្មជាតិ​វិញ​ទម្ងន់ ១០ ០១៦ ​គីឡូក្រាម​។

ទិន្នន័យ​ដដែល​នោះបាន​បង្ហាញថា​៖ «​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២១ ​នេះ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​បាន​ចំនួន​ ៩១ ​ករណី ដែលមាន​ជនសង្ស័យ​សរុប​ ៧០ ​នាក់ និង​បាន​ចាប់​ផាកពិន័យ​អន្តរកាល​ចំនួន​ ២៦ ​ករណី​សរុប​ជា​ទឹកប្រាក់​ជិត​ ៤០ ​លាន​រៀល​។

រដ្ឋបាល​ជលផល​បាន​គូសបញ្ជាក់​នៅក្នុង​របាយការណ៍​សង្ខេប​ស្ដីពី​លទ្ធផល​នៃ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​ប្រចាំឆមាស​ទី​១ ឆ្នាំ​ ២០២១ ​របស់ខ្លួន​ថា បទល្មើស​ជលផល​តែងតែ​កើតមាន​ឡើងវិញ បន្ទាប់ពី​សមត្ថកិច្ច​ជលផល​បង្ក្រាប​រួច ខណៈ​ប្រជានេសាទ​មួយចំនួន​តូច​នៅតែ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​នៅ​រដូវ​បិទ​នេសាទ​។ ទន្ទឹម​ជាមួយគ្នា រដ្ឋបាល​ជលផល​នៅតែ​ពិនិត្យឃើញ​មាន​ករណី​លួច​កាប់ឆ្ការ​គាស់​រាន ឈូសឆាយ ដុត​ព្រៃ​លិច​ទឹក ព្រៃកោងកាង និង​ហ៊ុមព័ទ្ធ​កាន់កាប់​ជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់ បើទោះជា​សមត្ថកិច្ច​ជំនាញ​បាន​ខិតខំ​ប្រឹងប្រែង​ចុះ​ផ្សព្វផ្សាយ​អប់រំ ណែនាំ បង្ក្រាប ចាប់ រឹបអូស និង មានការ​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ជា​បន្តបន្ទាប់​យ៉ាងណា​ក៏ដោយ​៕

វីដេអូ៖