កណ្តាលៈ ប្រជាពលរដ្ឋ ៣២៦ គ្រួសារ ដែលតវ៉ាកាលពីដើមខែមិថុនា ពាក់ព័ន្ធនឹងដីកម្មសិទ្ធិរបស់រដ្ឋ ស្ថិតនៅចម្ការបារាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល បានទទួលបណ្ណបង្កាន់ដៃសម្គាល់ដី ដើម្បីរង់ចាំទទួលការដោះស្រាយគោលនយោបាយពីរដ្ឋាភិបាល ខណៈអភិបាលខេត្តថា ការចេញបង្កាន់ដៃនេះ ដើម្បីសម្គាល់ពីការរុករានដីរបស់រដ្ឋ។
លោក ជីក សុភា មេប៉ុស្តិ៍ឃុំទួលព្រេជ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែកក្កដាថា ពលរដ្ឋដែលតវ៉ាពាក់ព័ន្ធនឹងដីចម្ការបារាំងនេះមិនទាន់ទទួលបានសំណង ឬ ដោះស្រាយយ៉ាងម៉េចនៅឡើយទេ។ ប៉ុន្តែគ្រាន់តែថ្នាក់ខេត្តរួមជាមួយមន្ត្រីអន្តរក្រសួងបានចុះវាស់វែង និងចេញបង្កាន់ដៃបញ្ជាក់ក្បាលដីជូនប្រជាពលរដ្ឋចំនួន ៣២៦ គ្រួសារ ស្មើនឹងចំនួន ៤១៩ ក្បាលដីរួចហើយ។
លោកថា ពលរដ្ឋដែលតវ៉ាដីចម្ការបារាំងនេះបានទទួលគ្រប់គ្នាអស់ហើយ និងមិនមានការតវ៉ាទៀតនោះទេ ដោយពួកគាត់កំពុងរង់ចាំការដោះស្រាយបន្តទៀតពីថ្នាក់ខេត្តក៏ដូចជាមន្ត្រីអន្តរក្រសួងតាមនីតិវិធី ឬគោលការណ៍ផ្សេងទៀត។
លោក ជីក សុភា ថ្លែងថា៖ «ឃើញក្រុមសុរិយោដី គាត់ចុះទៅវាស់វែង និងឆ្វៀលដីរបស់ប្រជាពលរដ្ឋដែលអាស្រ័យផលនៅហ្នឹង ប៉ុន្តែមិនទាន់ដឹង ឬមានសំណងក្នុងតម្លៃគោលការណ៍ណាមួយអីអត់ទាន់មានទេ»។
លោក គាំ រិទ្ធ ពលរដ្ឋនៅភូមិអង្គតាសិតនៃឃុំទួលព្រេជឱ្យដឹងថា មកដល់ពេលនេះ អាជ្ញាធរខេត្តមិនទាន់បានកាត់ដី ឬក៏ចេញជាសំណងជូនពលរដ្ឋនៅឡើយទេក្នុងរយៈពេលជាង ១ ខែនេះ។ ប៉ុន្តែ គ្រាន់តែថ្នាក់ខេត្តបានចុះមកវាស់វែង និងចេញបណ្ណបង្កាន់ដៃសម្គាល់បានគ្រប់គ្នាអស់ហើយ។
លោកថា បណ្ណបង្កាន់ដៃដែលចេញឱ្យពលរដ្ឋនេះ ចុះហត្ថលេខាទទួលស្គាល់ដោយលោកមេភូមិ និងមេឃុំ និងស្រុកផងដែរ ប៉ុន្តែ មិនបានប្រាប់ពលរដ្ឋថាយ៉ាងម៉េចទេ។ ប៉ុន្តែ បើទោះបីមានបណ្ណសម្គាល់ក៏ដោយ ក៏អាជ្ញាធរមិនអនុញ្ញាតឱ្យពលរដ្ឋដែលធ្លាប់អាស្រ័យផលចូលទៅធ្វើកសិកម្ម ឬប្រកបមុខរបរផ្សេងៗបានទេ។
លោក គាំ រិទ្ធ បន្តថា៖ «ចាប់ពីធ្វើហើយមកស្ងាត់ឈឹង ហើយអ្នកផ្សេងទៀតក៏អត់ដឹងដែរ។ ខ្ញុំកំពុងតែឆ្ងល់ដែរហ្នឹង។ យ៉ាងហោចណាស់ក៏ប្រាប់ប្រធានភូមិឱ្យដឹងឮ និងជួយប្រាប់ពលរដ្ឋដែរ។ ប៉ុន្តែនេះ ទាំងភូមិ និងឃុំអត់ដឹងដែរហ្នឹង»។
បើតាមលោក គាំ រិទ្ធ តាមរយៈបណ្ណសម្គាល់នេះ ពលរដ្ឋខ្លះក៏ទទួលបានដីទំហំធំ ចន្លោះពី ១- ២ ហិកតា និងអ្នកខ្លះទទួលបានទំហំតូច ពី ១០-៧០ អា ទៅតាមប្រភេទដីដែលខ្លួនបានកាន់កាប់ និងអាស្រ័យផលកន្លងមកនេះ។
លោក គង់ សោភណ្ឌ អភិបាលខេត្តកណ្តាលប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា អាជ្ញាធរចេញបណ្ណបង្កាន់ដៃជូនពលរដ្ឋ មិនមែនសម្គាល់ជាម្ចាស់ដីនេះនោះទេ។ ប៉ុន្តែជាបណ្ណសម្គាល់ថា ពួកគាត់បានមកចូលរុករានយកដីនេះធ្វើកសិកម្មផ្សេងៗ។ ជាមួយគ្នានេះពលរដ្ឋមួយចំនួនបានយល់ច្រឡំចំពោះបណ្ណបង្កាន់ដៃសម្គាល់ដីនេះ ដោយយកទៅលក់បន្ត និងមានឈ្មួញចូលទៅទិញ។ អាជ្ញាធរកំពុងស្រាវជ្រាវករណីនេះឈានទៅដល់ការឃាត់ខ្លួនជនល្មើស។
លោកបញ្ជាក់ថា ដីចម្ការបារាំងជាកម្មសិទ្ធិរបស់រដ្ឋ និងយកពីពលរដ្ឋវិញនេះ ដើម្បីបម្រើឱ្យរដ្ឋក្នុងការអភិវឌ្ឍគម្រោងផ្សេងៗ ដោយមិនមែនយកទៅបម្រើឱ្យវិស័យឯកជននោះទេ។ ដូច្នេះបានជាអន្តរក្រសួងព្យាយាមដោះស្រាយគោលនយោបាយសមស្របណាមួយជូនពលរដ្ឋ ដើម្បីបានដីនេះមកវិញ។ ពលរដ្ឋដែលធ្លាប់អាស្រ័យផលក្នុងដីចម្ការបារាំងនេះមិនមានបណ្ណកម្មសិទ្ធិទេ ពួកគាត់បានកាប់ឆ្ការ និងរានយកធ្វើជាកម្មសិទ្ធិដោយខ្លួនឯង។
លោក គង់ សោភណ្ឌ ថ្លែងថា៖ «នៅពេលដែលទទួលបានបង្កាន់ដៃនេះ គេតាមមើល [អន្តរក្រសួង] ថា តើត្រូវដោះស្រាយបែបម៉េច។ យើងមិនអាចធ្វើទៅតាមចិត្តរបស់គាត់ចង់បានភ្លាមទេ។ ទោះជាយ៉ាងណា អន្តរក្រសួងនឹងចុះទៅដោះស្រាយគោលនយោបាយឆាប់ៗនេះ»។
យោងតាមលិខិតលេខ ៧៥៥ សជណ/មយ របស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ១៣ សីហា ឆ្នាំ ២០២០ បានយល់ព្រមជាគោលការណ៍ផ្តល់ដីទំហំ ២,៨ លានម៉ែត្រការ៉េ ដែលមានទីតាំងនៅភូមិចំនួន ៥ នៃឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ ៥១ ជាសម្បត្តិឯកជនរបស់រដ្ឋនៃក្រសួងការពារជាតិ៕