ភ្នំពេញៈ កម្ពុជាសម្រេចផ្អាកការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា និងវៀតណាមជាបណ្តោះអាសន្នរយៈពេល ១ ខែ គិតចាប់ពីថ្ងៃទី ១៨ ខែកក្កដា ខាងមុខនេះតទៅ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ចូលមកកម្ពុជា។
នៅក្នុងលិខិតផ្ញើទៅកាន់លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ដែលបានផ្សព្វផ្សាយកាលពីម្សិលមិញ ក្រសួងការបរទេសបានលើកឡើងថា៖ «ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ចម្លងចូលមកព្រះរាជាណាចក្រ-កម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្តោះអាសន្ន សម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមរបស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិក ក្រុមហ៊ុននានារបស់វៀតណាម»។
យ៉ាងណាក្ដី ក្រសួងបញ្ជាក់ថា ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែននៃប្រទេស ២ ត្រូវបានលើកលែង ចំពោះតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំង ២ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។
ក្រសួងបន្ថែមទៀតថា ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាមដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកបានធ្វើចត្តាឡីស័ករួច និងអ្នកកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលបណ្តោះអាសន្ននេះ។
ជាមួយនេះដែរក្រសួងការបរទេសបានឱ្យស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម សហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឱ្យអាជ្ញាធរនៃប្រទេសទាំង ២ ជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ជូន នាំចេញ និងនាំចូលទំនិញនានាដោយអនុវត្ត «ឱ្យបានម៉ឺងម៉ាត់» តាមវិធានសុខាភិបាលនៃប្រទេសទាំង ២។
ក្រសួងបន្តថា វិធានការបណ្តោះអាសន្ននៃការរឹតត្បិតការចូលមកកម្ពុជាដូចដែលមានចែងក្នុងកំណត់ទូត កាលពីឆ្នាំ ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិធានការផ្សេងៗ ដែលមានស្រាប់របស់កម្ពុជានៅជាធរមាននៅឡើយ។
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស មិនអាចទាក់ទងបានដើម្បីសុំការបញ្ជាក់បន្ថែមបានទេកាលពីម្សិលមិញ។
ក្នុងពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញ (Zoom) កាលពីថ្ងៃទី ៩ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងថា យោងតាមរបាយការណ៍នៅតាមព្រំដែនកម្ពុជា-វៀតណាមអាណិកជនវៀតណាមនៅតែចេញ ចូលប្រទេសកម្ពុជា។
ករណីនេះលោកនាយករដ្ឋមន្ត្រីបានណែនាំដល់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឱ្យណែនាំដល់ខេត្តនៅជាប់ព្រំដែនកម្ពុជា-វៀតណាមឱ្យផ្អាកការធ្វើដំណើរចេញ ចូលរបស់អាណិកជនវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «អ៊ីចឹងនៅតាមទល់ដែនរបស់យើងគួរត្រូវបានហាមឃាត់នៅពេលនេះ...។ អាណិកជនវៀតណាមឆ្លងចុះ ឆ្លងឡើងនេះជាបញ្ហា»។
លោក លី សាវេត អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តតាកែវប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា រដ្ឋបាលខេត្តរបស់លោកបានចេញជាលិខិតដាស់តឿនដល់អភិបាលស្រុកទាំង ៤ និងប្រធានច្រកទ្វារព្រំដែនទាំង ៣ ដែលនៅជាប់ព្រំដែនវៀតណាម និងកងកម្លាំងសមត្ថកិច្ចទាំងអស់ឱ្យរឹតបន្តឹងវិធានការដែលមានកន្លងមក ជាពិសេសការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលិខិតរបស់ក្រសួងកសិកម្ម។
លោក សាវេត បានបញ្ជាក់ថា៖ «យើងមានយន្តការត្រួតពិនិត្យច្បាស់លាស់របស់យើង ដែលមានក្រុមការងាររបស់យើងពិសេសគឺឯកឧត្តមអភិបាល [ខេត្ត] គឺលោកបានត្រួតពិនិត្យការងារហ្នឹងជាប់ជាប្រចាំ»៕