ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាថ្លែងថា មានតែនៅក្នុងក្របខ័ណ្ឌនៃពហុភាគីនិយមពិតប្រាកដមួយប៉ុណ្ណោះ ដែលសហគមន៍អន្តរជាតិ អាចនឹងដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗបានក្នុងអំឡុងពេលបញ្ហាប្រឈមសំខាន់ៗ កំពុងញាំញីពិភពលោក ២ ឆ្នាំចុងក្រោយនេះគឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ចសង្គមកិច្ច និងមនុស្សធម៌។
លោក ប្រាក់ សុខុន បានថ្លែងការណ៍បែបនេះនៅក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាសនៃចលនាមិនចូលបក្សសម្ព័ន្ធស្តីពីចលនាមិនចូលបក្សសម្ព័ន្ធនៅចំណុចនៃកិច្ចខិតខំប្រឹងប្រែងពហុភាគីក្នុងការឆ្លើយតបទៅនឹងការប្រឈមពិភពលោក តាមប្រព័ន្ធវីដេអូនៅថ្ងៃទី ១៣-១៤ ខែ កក្កដា ឆ្នាំ ២០២១។
លោកថ្លែងថា នាពេលបច្ចុប្បន្នក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗដែលកំពុងញាំញីពិភពលោកក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ រួមនឹងការប្រណាំងប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩ ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌។
ចំណែកការរើបកាន់តែខ្លាំងឡើងវិញនៃគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលដែលអាចនឹងកើតមានឡើងនាពេលបន្ទាប់។
លោកបានបន្តថា៖ «កម្ពុជា ជឿជាក់យ៉ាងមុតមាំថា ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលទាំងនេះ ការខិតខំប្រឹងប្រែង កិច្ចសហប្រតិបត្តិការពហុភាគី គួរតែត្រូវបានបញ្ចូលជាមូលដ្ឋាននៅក្នុងប្រព័ន្ធបទប្បញ្ញត្តិនានា ដោយស្របតាមគោលការណ៍បានឌុង សេចក្តីថ្លែងការណ៍បាគូ ឆ្នាំ ២០១៩ និងធម្មនុញ្ញអង្គការសហប្រជាជាតិ»។
លោក សុខុន បញ្ជាក់ថា៖ «ចំពោះកម្ពុជាមានតែនៅក្នុងក្របខ័ណ្ឌនៃពហុភាគីនិយមពិតប្រាកដមួយប៉ុណ្ណោះ ដែលសហគមន៍អន្តរជាតិនឹងអាចដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗទាំងនេះបាន។ ការគ្រាន់តែរៀបរាប់ពីពហុភាគីនិយមដើម្បីផលប្រយោជន៍ខ្លួនឯងដោយមិនទទួលស្គាល់ពហុនិយមនៃពិភពលោកនោះគ្រាន់តែជាការនិយាយតែមាត់ប៉ុណ្ណោះ»។
លោកបានលើកឡើងថា ពហុភាគីនិយមពិតមានន័យថា ការទទួលយកភាពខុសគ្នា និងការប្រែក្លាយគូប្រជែងឱ្យទៅជាការប្រកួតប្រជែងដោយសន្តិវិធី និងភាពស្មោះត្រង់។ បើសិនជាគ្មានចំណុចទាំងនេះទេ នឹងមិនអាចយកឈ្នះលើជំងឺរាតត្បាតនាពេលបច្ចុប្បន្ន និងអនាគតបានទេ។
ខណៈដែលសហគមន៍អន្តរជាតិព្យាយាមជម្នះផលប៉ះពាល់នៃជំងឺរាតត្បាត គឺត្រូវពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីធានាឱ្យប្រទេសទាំងអស់ទទួលបានវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រដោយគ្មានការរារាំង និងប្រកបដោយសមភាព។
ភាពចាំបាច់នេះមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រទេសជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋដើរលើមាគ៌ាស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ វិធីសាស្ត្រទិសដៅពីបច្ចុប្បន្នរបស់ប្រទេសអភិវឌ្ឍន៍ប្រឆាំងនឹងប្រទេសកំពុងអភិវឌ្ឍន៍អាចនឹងទទួលបរាជ័យដោយខ្លួនឯង។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ថ្លែងថាការចូលរួមក្នុងចលនាមិនចូលបក្សសម្ព័ន្ធរបស់កម្ពុជា គឺជាភាពចាំបាច់ក្នុងការសម្រប ដើម្បីរក្សាវត្ដមានរបស់ខ្លួននៅក្នុងចលនានេះ ពីព្រោះពិភពលោកបច្ចុប្បន្នបានវិលត្រឡប់មកចន្លោះនៃសង្គ្រាមត្រជាក់ដែលបានប្រទាញប្រទង់គ្នា ដើម្បីបង្កើតសម្ព័ន្ធមិត្ដ។
លោកថ្លែងថា៖ «ប្រទេសតូចដូចកម្ពុជាជម្រើសក្នុងការរក្សានូវអព្យាក្រឹតភាពរបស់ខ្លួននៅក្នុងគោលនយោបាយការបរទេសជាជម្រើសមួយដែលល្អហើយត្រូវប្រកាន់ខ្ជាប់។ ប៉ុន្ដែមិនមែនកម្ពុជាត្រូវបដិសេធមិនមានចំណងមិត្ដភាពជាមួយប្រទេស ឬតំបន់ណាមួយនោះទេ គឺត្រូវមានតែត្រូវឈរលើជំហរអព្យាក្រឹតដែលផ្ដល់ផលប្រយោជន៍ដល់កម្ពុជា»៕