កំពង់ស្ពឺៈ មន្ត្រីបរិស្ថាន ខេត្តកំពង់ស្ពឺកាលពីម្សិលមិញបានចុះបង្ក្រាបការលួចដាំដុះដំណាំ និងការធ្វើរបងព័ទ្ធវាតយកដីឧទ្យានជាតិគិរីរម្យនៅចំណុចភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច។ ក្នុងប្រតិបត្តិការនេះ មន្ត្រីបរិស្ថានបានដកបង្គោលរបងជិត ១ ពាន់ដើម លួសបន្លា ១ ពាន់ម៉ែត្រ និងផ្ទះប្រក់ស័ង្កសី ៣ ខ្នង ត្រូវដុតកម្ទេចចោលនៅនឹងកន្លែង។
លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺថ្លែងពីម្សិលមិញថា ការចុះបង្ក្រាបករណីលួចដាំដំណាំ និងដាំបង្គោលរបងហ៊ុមព័ទ្ធដោយបន្លាលួសវាតយកដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ និងសាងសង់ផ្ទះអនាធិបតេយ្យគ្មានច្បាប់អនុញ្ញាតនេះមានចំនួន ២ ទីតាំង ដែលស្ថិតក្នុងភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច នៃឧទ្យានជាតិព្រះសុរាម្រិត កុសុម:គិរីរម្យ។
លោកប្រធានមន្ទីរបញ្ជាក់ថា ទីតាំងទី១ មានបង្គោលរបងឈើចំនួន ៥០០ ដើម លួសបន្លាចំនួន ៤ ខ្សែប្រវែង ៦០០ ម៉ែត្រ និងផ្ទះធ្វើអំពីឈើអារទំហំ ៣ ម៉ែត្រ គុណនឹង ៤ ម៉ែត្រ ប្រក់ស័ង្កសីចំនួន ១ ខ្នង។ ចំណែកទីតាំងទី២ មានបង្គោលរបងឈើចំនួន ៤០០ ដើមលួសបន្លាចំនួន ៤ ខ្សែប្រវែង ៤០០ ម៉ែត្រនិងផ្ទះធ្វើអំពីឈើអារ ទំហំ ៤ ម៉ែត្រគុប ៤ ម៉ែត្រ ប្រក់ស័ង្កសីចំនួន ២ ខ្នង។
លោកថ្លែងថា៖ «អំពើបែបនេះ វាផ្ទុយនឹងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ មន្ត្រីយើងក៏បានដកបង្គោលរបង និងរុះរើផ្ទះទាំងអស់នោះដុតកម្ទេចចោលនៅនឹងកន្លែង និងកំពុងបន្តស្រាវជ្រាវរកជនល្មើស ដើម្បីចាប់យកមកផ្ដន្ទាទោសតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ» ។
កាលពីថ្ងៃទី ១៣ ខែកក្កដា មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺក៏បានចុះពិនិត្យបរិវេណដី ១ កន្លែងទៀត ស្ថិតនៅក្នុងភូមិឃុំដដែលនេះផងដែរ ឃើញមានដាំដំណាំស្វាយចំនួន ២០ ដើម និងបង្គោលរបងឈើចំនួន ៥០០ ដើម និងលួសបន្លាចំនួន ៤ ខ្សែប្រវែង ១ ០០០ ម៉ែត្រ។ មន្ត្រីបរិស្ថានបានដកដំណាំ និងបង្គោលរបងទាំងអស់នោះកម្ទេចចោល នៅនឹងកន្លែងផងដែរ។
លោក រ័ត្ន ថាវី មន្ត្រីសម្របសម្រួលសមាគមអាហុដ ប្រចាំខេត្តកំពង់ស្ពឺ ថ្លែងថា បើសិនជាមានការលួចដាំដំណាំ និងព័ទ្ធរបងលើដីសាធារណៈរបស់រដ្ឋមែននោះ ការចុះទៅបង្ក្រាបរបស់មន្ត្រីបរិស្ថាន គឺជារឿងល្អ ដើម្បីការពារដីរដ្ឋឱ្យនៅគង់វង្សកុំឱ្យមានជនខិលខូចមួយចំនួនដើរចាប់យកផ្តេសផ្តាស។
លោកថ្លែងថា៖ «វិធានការរបស់អាជ្ញាធរ គឺជារឿងល្អមួយដែរ កុំឱ្យចេះតែមានការចូលទៅព័ទ្ធយកដីពាសវាលពាសកាលយូរៗទៅធ្វើឱ្យបាត់បង់ដីសាធារណៈរបស់រដ្ឋអស់។ ប៉ុន្តែបើសិនជាដីហ្នឹង ជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋពិតប្រាកដ ហើយអាជ្ញាធរទៅធ្វើដោយមិនបានឆ្លងកាត់តាមផ្លូវតុលាការនោះ ខ្ញុំគិតថា ជាអំពើមួយដែលយើងមិនអាចទទួលយកបានទេ»។
យ៉ាងណាក៏ដោយលោក ឱម ម៉ាក់ធារី បានអះអាងថា តាមរបាយការណ៍ដែលមន្ត្រីរបស់លោកបានចុះទៅដល់ទីតាំងជាក់ស្តែង និងបានពិនិត្យបរិវេណកន្លែងកើតហេតុទាំងនោះឃើញថា ពិតជាមានការលួចដាំដំណាំ និងដាំបង្គោលរបងហ៊ុមព័ទ្ធយកដី និងសង់ផ្ទះអនាធិបតេយ្យគ្មានច្បាប់អនុញ្ញាតប្រាកដមែន។
លោកប្រធានមន្ទីរបញ្ជាក់ថា ជនណាដែលបោះបង្គោលហ៊ុមព័ទ្ធដាក់សញ្ញាសម្គាល់ និងកាប់គាស់រុករានដីព្រៃឆ្ការដុតឈូសឆាយដីព្រៃរបស់រដ្ឋ ដើម្បីយកធ្វើជាកម្មសិទ្ធិនឹងត្រូវផ្ដន្ទាទោសក្នុងមាត្រា ៦០ និងមាត្រា ៦២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ត្រូវជាប់ទោសដាក់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១៥ លានរៀលដល់ ១៥០ លានរៀល៕