កំពង់ឆ្នាំងៈ អភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិទ្ធិ ជឿជាក់ថា ខេត្តកំពង់ឆ្នាំងនឹងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត បន្ទាប់ពីគម្រោងធ្វើឱ្យប្រសើរឡើងនៃកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងត្បូង ដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ។
លោកបានលើកឡើងបែបនេះ ខណៈដែលលោកបានដឹកនាំក្រុមមន្ត្រី និង ក្រុមការងារគម្រោងសាងសង់ផ្លូវជាតិលេខ ៥ ចុះពិនិត្យដំណើរការសាងសង់រូបសំណាកឆ្នាំងនៅរង្វង់មូលត្រង់ចំណុចផ្លូវបំបែក វាងក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ និងបានចូលរួមដាំកូនឈើតាមបណ្តោយផ្លូវភ្លោះវាងក្រុង ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២១។
លោក ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា ក្រោយពីផ្លូវនេះត្រូវបានសាងសង់រួចរាល់នឹងធ្វើឱ្យខេត្តកំពង់ឆ្នាំងក្លាយជាខេត្តដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ ដែលមានបរិស្ថានស្អាតទាក់ទាញបាននូវភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្ត។
លោកបន្តថា៖ «ខេត្តនឹងមានគម្រោងបន្ថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏សូមសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីសុខសុវត្ថិភាពយើងទាំងអស់គ្នា។
លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងស្ថាបនាផ្លូវជាតិលេខ ៥ បានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងត្បូង (ព្រែកក្ដាមធ្លាម្អម) មានប្រវែងសរុប ១៣៥,២៤ គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) គឺជាផ្លូវក្រាលបេតុងកៅស៊ូ AC ចែកជា ៤ គន្លង ២ ទៅ ២ មកគ្រោងសាងសង់រយៈពេល ៤៨ ខែជាគម្រោងហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ ព្រមទាំងអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។
រដ្ឋបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា សម្រាប់ភូមិសាស្ត្រខេត្តកំពង់ឆ្នាំងមានផ្លូវវាងចំនួន ៣ កន្លែងគឺទីតាំងទី ១ ក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ត្រង់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដែលកំពុងសាងសង់រូបសំណាកព្រះគោព្រះកែវ។
ទីតាំងទី ២ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ត្រង់ចំណុចផ្លូវបំបែកវាងក្រុងកំពង់ឆ្នាំង កំពុងសាងសង់រូបសំណាកឆ្នាំង និងផ្លូវវាងទី ៣ ក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ត្រង់ចំណុចចុងផ្លូវវាងក្រុងកំពង់ឆ្នាំងបានសាងសង់រូបនារីស្មូនឆ្នាំង៕