ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថានបានថតជាប់ហ្វូងសត្វខ្ទីងជាច្រើន ដែលមានទាំងសត្វខ្ទីងធំ និងសត្វខ្ទីងតូចៗ ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងដែនជម្រកសត្វព្រៃនៅកម្ពុជានាពេលថ្មីៗនេះ។ វត្តមាននៃកូនសត្វខ្ទីងជាច្រើន គឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះពិភពលោក ខណៈសត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យនៃក្រសួងបរិស្ថាននៅថ្ងៃទី ១៦ ខែកក្កដា នេះ។
នៅក្នុងហ្វូងខ្ទីងដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ គឺមានវត្តមានកូនខ្ទីង និងសត្វខ្ទីងជំទង់ជាច្រើនដែលនេះបង្ហាញថាសត្វខ្ទីងបន្តមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងបានបន្តពូជបង្កើតកូនតូចៗជាច្រើនដែលជាផ្នែកមួយនៃការរក្សាបានប្រភេទពូជសត្វដ៏កម្ររបស់ពិភពលោកនៅកម្ពុជា និងការថែរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាពសម្រាប់ពួកគេរស់នៅ។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចំនួនសត្វខ្ទីងត្រូវបានសិក្សាថាមានការថយចុះជាង ៨០% ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ ហើយសត្វខ្ទីងនៅលើពិភពលោកបានថយចុះប្រមាណ ៩០% ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី ២០ មក។
លោកបានបន្តថា តាមការសិក្សារបស់អ្នកជំនាញ សត្វខ្ទីងនៅកម្ពុជាមានការធ្លាក់ចុះប្រមាណជាង ៥០% នៅក្នុងអំឡុងពេលចន្លោះពីឆ្នាំ ១៩៦០ មកដល់ដើមឆ្នាំ ១៩៩០។
លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ចំនួននេះត្រូវបានរកឃើញថាមានការធ្លាក់ចុះបន្ថែមទៀតរហូតមកដល់ពេលនេះ។ បើទោះបីជាការសិក្សាបានបង្ហាញថាចំនួនសត្វខ្ទីងនៅកម្ពុជាមានការថយចុះស្របតាមនិន្នាការនៃការថយចុះរបស់ពិភពលោក តែរបាយការណ៍ប្រជាសាស្ត្រសត្វខ្ទីងមាននៅស្ទើរគ្រប់តំបន់ការពារធម្មជាតិនានា»។
យោងតាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះចំនួនប្រជាសាស្ត្រនៃសត្វខ្ទីងនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ១៥ ០០០ ទៅ ៣៥ ០០០ ក្បាល ហើយក្នុងនោះ បើយោងតាមទិន្នន័យទីវាល ចំនួនសត្វខ្ទីងពេញវ័យអាចមានចន្លោះពី ៦ ០០០ ទៅ ២១ ០០០ ក្បាលប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះបានបន្តថា បច្ចុប្បន្ននេះ ខ្ទីងកំពុងមានវត្តមានរស់នៅក្នុងប្រទេសប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃ និងវៀតណាម ប៉ុន្តែបានផុតពូជនៅក្នុងប្រទេសស្រីលង្កា និងប្រទេសបង់ក្លាដែស ឯសម្រាប់កម្ពុជាមិនទាន់មានទិន្នន័យច្បាស់លាស់ថានៅសល់សត្វខ្ទីងចំនួនប៉ុន្មានឡើយ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា៖ «ក្រសួងបរិស្ថាននឹងបន្តសហការជាមួយអង្គការដៃគូនានាដែលបានសហការក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ដើម្បីថែរក្សាការពារឱ្យបានគង់វង្សនូវធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ។ ក្រសួងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការបរិភោគ សាច់សត្វព្រៃ និងកុំជឿថាបរិភោគសាច់សត្វព្រៃផ្តល់នូវសុខភាពល្អ»។
សត្វខ្ទីង ចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន ១ បន្ទាប់ពីពពោះរយៈពេល ៩ ខែ។ សត្វខ្ទីងញីពេញវ័យអាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១,៥ តោន៕
វីដេអូ៖