ភ្នំពេញ៖ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំនេះ ក្រសួងមហាផ្ទៃបានកត់ត្រាគណនីហ្វេសប៊ុកប្រជាពលរដ្ឋចំនួន ៦៦៥ គណនី ដែលបានលើកឡើងបញ្ហា និងសំណូមពរតាមរយៈទំព័រហ្វេសប៊ុករបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលក្នុងនោះ ៤២៤ គណនី ត្រូវបានយកមកពិនិត្យ ហើយ ២៥៩ គណនី ត្រូវបានដោះស្រាយរួចរាល់។
លោក ស ខេង បានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី ១៧ ខែកក្កដា នេះថា៖ «ខ្ញុំក៏សុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនដែលមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី»។
លោក ស ខេង បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិបានពិនិត្យដោះស្រាយ និងឆ្លើយតបទៅប្រជាពលរដ្ឋចំនួន ១៧២ គណនី ខណៈអគ្គនាយកដ្ឋានរដ្ឋបាល បានពិនិត្យដោះស្រាយ និងឆ្លើយតបទៅប្រជាពលរដ្ឋចំនួន ៥៨ គណនី ចំណែកឯអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានពិនិត្យដោះស្រាយ និងឆ្លើយតបចំនួន ១០ គណនី។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពិនិត្យដោះស្រាយ និងឆ្លើយតបចំនួន ៣ គណនី ពាក់ព័ន្ធនឹងការបំពេញការងាររបស់មន្រ្តីតាមច្រកព្រំដែនគោក ច្រកទ្វារអាកាសយានដ្ឋាន និងការងារអនុវត្តន៍ច្បាប់អន្តោប្រវេសន៍លើជនបរទេស។
អគ្គាធិការដ្ឋានបានពិនិត្យដោះស្រាយ និងឆ្លើយតបចំនួន ១៥ គណនី ពាក់ព័ន្ធនឹងមន្ត្រីរាជការ និងកងកម្លាំងនគរបាលជាតិក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដែលបានប្រព្រឹត្តមិនត្រឹមត្រូវ។
ចំណែកអគ្គនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុវិញបានពិនិត្យដោះស្រាយ និងឆ្លើយតបបានចំនួន ១ គណនី ដែលពាក់ព័ន្ធករណីមន្ត្រីស្នើសុំដំឡើងតួនាទី និងឋានន្តរស័ក្ដិ។ ជាមួយគ្នានេះ ក៏មានមតិយោបល់ចំនួន ៨៧ ទៀត ដែលលោក ស ខេង បានបញ្ជូនទៅអង្គភាពពាក់ព័ន្ធដើម្បី «មុខការ និងជាសមត្ថកិច្ច»។
លោក ស ខេង បញ្ជាក់ថា៖ «ក្រៅពីនោះ ខ្ញុំក៏បានទទួលយកនូវមតិយោបល់ និងទស្សនៈល្អៗ របស់បងប្អូនប្រជាពលរដ្ឋបានផ្ញើមកខ្ញុំមានប្រមាណ ១៥៤ គណនី ដែលអាចធ្វើឲ្យខ្ញុំយកមកពិចារណា ដើម្បីប្រតិបត្តិក្នុងកិច្ចការបម្រើជាតិ»។
លោក ស ខេង អំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តលើកជាមតិយោបល់ និងសំណូមពរមកកាន់លោកតាមរយៈទំព័រហ្វេសប៊ុករបស់លោក ហើយលោកអះអាងថា លោកនឹងទទួលយកសំណូមពរទាំងនេះដើម្បីពិនិត្យ និងធ្វើការដោះស្រាយដោយពុំមានការរើសអើងក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ៕