ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាដឹកជញ្ជូនជំនួយជាបរិក្ខារសុខាភិបាល និងថវិកាយកទៅជូនរដ្ឋាភិបាលវៀតណាមនាថ្ងៃនេះ ដើម្បីរួមចំណែកទប់ស្កាត់ការរាលដាលជំងឺកូវីដ ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំងក្នុងប្រទេសវៀតណាម។ សង្គមស៊ីវិលមើលឃើញថា ការផ្តល់ជំនួយនេះជាកាយវិការមនុស្សធម៌ជាមួយប្រទេសជិតខាង ប៉ុន្តែថា រដ្ឋាភិបាលគួរតែផ្តល់ជូនប្រជាពលរដ្ឋរបស់ខ្លួនក្នុងតំបន់ក្រីក្រខ្វះលទ្ធភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រី ម៉ែន សំអន ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម កាលពីថ្ងៃទី ១៧ ខែកក្កដា បានប្រកាសផ្តល់អំណោយជាបរិក្ខារសុខាភិបាល និងថវិកាសរុប ៣៥០ ០០០ ដុល្លារអាមេរិកទៅដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍នៃទីក្រុងហូជីមិញ។
អំណោយដែលត្រូវផ្តល់ជូនប្រទេសវៀតណាម ហើយនឹងត្រូវដឹកជញ្ជូនតាមយន្តហោះពិសេសនៅថ្ងៃចន្ទនេះ រួមមាន ម៉ាស់ធម្មតា (Face Mask) ចំនួន ១ លានម៉ាស់។ ម៉ាស់ N95 (Mask N95) ចំនួន ១០ ម៉ឺនម៉ាស់។ ម៉ាស៊ីនផលិតអុកស៊ីហ្ស៊ែនស្វ័យប្រវត្តិ ១០០ គ្រឿង និងមានថវិកាដែលត្រូវបានផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជាចំនួន ២០ ម៉ឺនដុល្លារ ថវិកា សប្បុរសធម៌របស់កាកបាទក្រហមកម្ពុជាចំនួន ១០ ម៉ឺនដុល្លារ និងថវិការបស់សមាគមមិត្តភាពកម្ពុជា-វៀតណាមចំនួន ៥ ម៉ឺនដុល្លារអាមេរិកផងដែរ។
កាកបាទក្រហមកម្ពុជាបានសរសេរលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ១៧ ខែកក្កដាថា៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចជួយឧបត្ថម្ភថវិកាចំនួន ១០ ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅប្រទេសវៀតណាម»។
ប្រទេសវៀតណាមបាននិងកំពុងរងការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅទីក្រុងហូជីមិញ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ខ្ទង់ពាន់នាក់ជារៀងរាល់ថ្ងៃ។ នេះបើតាមការលើកឡើងបន្ថែមរបស់កាកបាទក្រហមកម្ពុជា ដោយបញ្ជាក់ទៀតថា គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែកក្កដា វៀតណាម មានអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ៤៤ ១៨៦ នាក់ និងបានស្លាប់ចំនួន ២២៥ នាក់។
ចំណែកលោកស្រី ម៉ែន សំអន ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម ក៏បានសម្រេចជួយឧបត្ថម្ភថវិកាចំនួន ៥ ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជាផងដែរ តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីចូលរួមដល់យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅប្រទេសវៀតណាម។
លោកស្រីឱ្យដឹងថា៖ «នេះជាសមានចិត្តរបស់ប្រជាជនកម្ពុជា ដើម្បីជួយមិត្តវៀតណាមក្នុងគ្រាមានអាសន្នក្នុងនាមមិត្តភាព និងសាមគ្គីភាពរវាងសមាគមមិត្តភាពនៃប្រទេសទាំង ២។ កន្លងមកភាគីវៀតណាមក៏បានជួយដល់កម្ពុជា តាមរយៈសមាគមមិត្តភាពកម្ពុជា-វៀតណាមជាបន្តបន្ទាប់ក្នុងការការពារទប់ស្កាត់ជំងឺកូវីដ ១៩ រួមមាន សម្ភារពេទ្យ ម៉ាស់ និងថវិកាផងដែរ»។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោក ប៉ា ចន្ទរឿន ថ្លែងពីម្សិលមិញថា ការបរិច្ចាគថវិកា និងបរិក្ខារសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា គឺជាកាយវិការមនុស្សធម៌ ហើយក៏ជាការទូតបែបសម័យកូវីដផងដែរ ដើម្បីជាការសម្តែងនូវការឈឺឆ្អាលក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា។
លោកនិយាយថា៖ «នេះជាកាយវិការមួយចង់បង្ហាញថា កម្ពុជាមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានភាពកូវីដ រហូតដល់មានលទ្ធភាពបរិច្ចាគថវិកា និងបរិក្ខារសុខាភិបាលមួយចំនួនទៅដល់ប្រទេសវៀតណាម ដែលកំពុងតែមានការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ប្រភេទថ្មីផងដែរ»។
ជាមួយគ្នានេះ លោក ប៉ា ចន្ទរឿន ក៏បានបញ្ជាក់ដែរថា សម្រាប់ប្រទេសកម្ពុជាវិញ ចំនួននៃអ្នកឆ្លង និងសម្ទុះនៃការរីករាលដាល រួមនឹងចំនួននៃអ្នកស្លាប់ដោយសារជំងឺកូវីដប្រចាំថ្ងៃវិញ វាចង់ឆ្លងហួសបន្ទាត់ក្រហមដូចការព្រួយបារម្ភរបស់ក្រសួងសុខាភិបាល។ ស្ថានភាពនេះតម្រូវឱ្យរាជរដ្ឋាភិបាលប្រឹងប្រែង និងរិះរកគ្រប់មធ្យោបាយក្នុងការទប់ស្កាត់ការរីករាលដាល និងជួយប្រជាពលរដ្ឋកម្ពុជា។
មន្ត្រីសង្គមស៊ីវិលរូបនេះប្រាប់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា គួរតែមានយន្តការនៅក្នុងការចែកម៉ាស់ ឬការលក់អាល់កុលសុទ្ធក្នុងតម្លៃសមស្រប ឬបញ្ចុះតម្លៃដើម្បីឱ្យប្រជាពលរដ្ឋអាចយកទៅប្រើប្រាស់បានក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ»។
លោកបន្ថែមថា៖ «កន្លងមកយើងឃើញប្រជាពលរដ្ឋមានបញ្ហារកម៉ាស់ដែលមានគុណភាពមានតម្លៃសមរម្យ និងរឿងករណីអាល់កុលក្លែងក្លាយរាប់ពាន់លីត្រដែលកំពុងចរាចរក្នុងប្រទេស ដែលជាវត្ថុចាំបាច់ក្នុងការការពារខ្លួន និងការទប់ស្កាត់ជំងឺកូវីដនាពេលបច្ចុប្បន្ន»។
លោក ចន្ទរឿន បន្ថែមថា ប្រសិនបើរាជរដ្ឋាភិបាលមានការចែកម៉ាស់ទៅដល់ប្រជាពលរដ្ឋទៀត គឺកាន់តែប្រសើរ ជាពិសេសការចែកជូនប្រជាពលរដ្ឋក្នុងតំបន់ក្រីក្រ និងនៅតាមស្រុកស្រែចម្ការដែលខ្វះលទ្ធភាពក្នុងការទិញម៉ាស់យកមកប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានផ្តល់ជំនួយម៉ាស់ដល់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងប្រទេសនេប៉ាល់ផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នេះ៕