ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន នឹងធ្វើជាសហប្រធានជាមួយលោក ស៊ូប្រា ម៉ានយ៉ាំចៃហ្សានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា ដឹកនាំកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គា លើកទី ១១ នៅថ្ងៃទី ២១ ខែកក្កដា តាមប្រព័ន្ធវីដេអូ។
រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសមេគង្គផ្សេងទៀត រួមមានឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមក៏នឹងចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសបញ្ជាក់នៅថ្ងៃទី ១៩ ខែកក្កដាថា រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គានឹងពិនិត្យវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គា លើកទី ១០ ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកកនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៩។
កិច្ចប្រជុំនេះក៏នឹងពិភាក្សាអំពីការកំណត់ទិសដៅ អនាគតនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ជាពិសេសនៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា រដ្ឋមន្ត្រីទាំងអស់រំពឹងថានឹងផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងជាក្តីបារម្ភរួម។
ក្រសួងការបរទេសឱ្យដឹងថា៖ «កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គា លើកទី១១ តាមប្រព័ន្ធវីដេអូនេះ បញ្ជាក់អំពីសមិទ្ធផលថ្មីបន្ថែមទៀត ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាក្នុងរយៈពេល ២១ ឆ្នាំកន្លងមកសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅក្នុងអនុតំបន់មេគង្គ និងប្រទេសឥណ្ឌាស្របពេលជាមួយការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងឥណ្ឌា និងប្រទេសមេគង្គតាមរយៈទំនាក់ទំនងវប្បធម៌ និងរវាងប្រជាជន និងប្រជាជន»។
ក្នុងការអបអរខួបទី២០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការនេះ កិច្ចប្រជុំនឹងមានការបើកសម្ពោធឱ្យដំណើរការនូវគេហទំព័រកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាថ្មីមួយ និងការចាក់បង្ហាញឯកសារវីដេអូ ដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសង្គម-វប្បធម៌របស់ប្រទេសសមាជិក។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែកក្កដា ថា កម្ពុជាមានកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា និងឥណ្ឌា-អាស៊ាន ដែលជាយន្តការពហុភាគី។
កិច្ចប្រជុំនេះ គឺជាការធ្វើពិពិធកម្មការទូតរបស់កម្ពុជា ថែមមួយកម្រិតទៀតទៅលើយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា។ លោកថ្លែងថា៖ «យើងសង្ឃឹមថា តាមរយៈកិច្ចប្រជុំនេះយើងនឹងមានច្រកការទូតដ៏សំខាន់បន្ថែមមួយទៀតសម្រាប់ពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា ជាទ្វេភាគីនឹងបានល្អប្រសើរជាងមុន។ ឥណ្ឌាជាប្រទេសដែលមានទំនាក់ទំនងល្អស្រាប់ជាមួយកម្ពុជា តាំងពីសម័យសង្គ្រាមត្រជាក់មកម្ល៉េះហើយជាប្រទេសស្ថាបនិកចលនាមិនចូលបក្សសម្ព័ន្ធដូចគ្នា»។
លោកថ្លែងថា ការដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឥណ្ឌា និងលទ្ធភាពនៃការវិនិយោគរបស់ឥណ្ឌាមកកាន់កម្ពុជា គួរតែជំរុញបន្ថែម។
លោក គិន ភា បានកត់សម្គាល់ឃើញថា អ្វីដែលឥណ្ឌាធ្វើបានល្អនោះ គឺជំនាញបច្ចេកវិទ្យាព័ត៌មាន និងការផលិតឱសថ។ លោកថ្លែងថា៖ «ឥណ្ឌាគួរជួយផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា»។
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែកក្កដាថា តំបន់មេគង្គគឺជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចក៏ដូចជាព្រំដែនយុទ្ធសាស្ត្រដែលកំពុងលេចត្រដែតឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រទេសឥណ្ឌា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់នេះតាមរយៈការផ្តល់ជំនួយបច្ចេកទេស លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ទំនាក់ទំនងប្រជាជន និងប្រជាជន និងការអភិវឌ្ឍធនធានមនុស្ស។
លោកថ្លែងថា ប្រទេសកម្ពុជាមានបំណងក្លាយជារដ្ឋមួយសម្រាប់ជាស្ពានក្នុងតំបន់ទន្លេមេគង្គតាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងចំណោមប្រទេសទន្លេមេគង្គ និងរវាងតំបន់មេគង្គជាមួយប្រទេសមហាអំណាចក្នុងតំបន់ និងក្រៅតំបន់។
លោក ឈាង វណ្ណារិទ្ធ បញ្ជាក់ថា កិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នាពេលខាងមុខនេះ នឹងជាឱកាសសម្រាប់ប្រទេសជាសមាជិកក្នុងការចែករំលែកទស្សនៈ និងបង្ហាញការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដែលកំពុងកើតមាននេះ និងធ្វើការរួមគ្នាដើម្បីស្តារជីវភាពរស់នៅរបស់ប្រជាជន។
លោកបន្តថា ការទូតពហុភាគីរបស់ប្រទេសកម្ពុជា កំពុងទទួលបានសម្ទុះ ទោះបីជាមានការរំខានពីជំងឺរាតត្បាតក៏ដោយ។ កម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ពហុភាគីនិយមដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមក។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១០ ដែលធ្វើឡើងកាលពីឆ្នាំ ២០១៩ បានអរគុណចំពោះជំនួយរបស់ប្រទេសឥណ្ឌា ក្រោមកម្មវិធីឆាប់ទទួលផលរហ័សនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា និងបានអបអរសាទរចំពោះជំនួយរបស់ឥណ្ឌាក្នុងការបង្កើតមជ្ឈមណ្ឌលសម្រាប់អភិវឌ្ឍន៍កម្មវិធី និងបណ្តុះបណ្តាល (CE-SDT) នៅបណ្តាប្រទេសមេគង្គ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គាលើកទី១០ បានអនុម័តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាឆ្នាំ ២០១៩-២០២២ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី ១០៕