ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថាគម្រោងជំនួយបច្ចេកទេសថ្នាក់តំបន់រយៈពេល ៦ ឆ្នាំ ដែលបានអនុវត្តមកនេះបានកាត់បន្ថយការគំរាមកំហែងដល់សុខភាពពលរដ្ឋកម្ពុជា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
ADB បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៩ ខែកក្កដាថា ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុដល់វិស័យសុខាភិបាលក្នុងគម្រោងមហាអនុតំបន់មេគង្គក៏បានជួយដល់ប្រទេសកម្ពុជា អនុម័តផែនការបន្សាំសម្រាប់ផ្នែកសុខាភិបាលជាតិ ដើម្បីដោះស្រាយហានិភ័យបណ្តាលមកពីអាកាសធាតុ រួមមាន កម្ដៅនិងជំងឺឆ្លងដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ ភាពតានតឹងអារម្មណ៍ដោយសារកម្តៅនិងជំងឺរាក។
សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា គម្រោងនេះក៏បានជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការកំណត់ការវិនិយោគដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយអត្រាមរណភាព និងជំងឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
ការជួយនេះរួមមាន ការបង្កើតប្រព័ន្ធប្រកាសអាសន្នកម្ដៅបឋម និងការកែលម្អបរិក្ខារសុខាភិបាលឱ្យមានភាពធន់នឹងអាកាសធាតុពិសេសនៅក្នុងតំបន់ដាច់ស្រយាលនិងសហគមន៍ដែលមិនទាន់បានទទួលការគាំទ្រ។
គម្រោងនេះត្រូវបានអនុម័តនៅឆ្នាំ ២០១៥ ដែលមានថវិកាជំនួយចំនួន ៤,៤ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍ Nordic (Nordic Development Fund) និងហិរញ្ញប្បទានសមភាគីពីរដ្ឋាភិបាលនៃប្រទេសកម្ពុជា វៀតណាមនិងឡាវ។
លោកស្រី Ayako Inagaki នាយិកាផ្នែកអភិវឌ្ឍន៍មនុស្ស និងសង្គមនៃនាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ ADB បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននេះថា៖ «គម្រោងនេះបានជួយកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងប្រទេសវៀតណាម ទៅនឹងការគំរាមកំហែងដល់ផ្នែកសុខាភិបាល ដែលបង្កឡើងដោយអាកាសធាតុ ពិសេសក្នុងចំណោមក្រុមងាយរងគ្រោះ រួមមាន ពលរដ្ឋក្រីក្រ ពលរដ្ឋចំណាកស្រុក និងជនជាតិភាគតិច»។
គម្រោងនេះជាគំនិតផ្តួចផ្តើមដំបូងរបស់ ADB នៅអាស៊ីអាគ្នេយ៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើការថែទាំសុខភាព។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា គម្រោងនេះបានធ្វើឱ្យប្រសើរឡើងនូវការប្រមូលទិន្នន័យទាន់ពេលវេលាសម្រាប់រដ្ឋាភិបាលដើម្បីតាមដានផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើសុខភាពសាធារណៈ ឧបករណ៍នានាដូចជា មូលដ្ឋានទិន្នន័យ វិធីសាស្ត្រគំរូ និងកម្រងផែនទីឌីជីថល។
គម្រោងនេះក៏បានបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលថ្នាក់ជាតិនិងខេត្តអំពីប្រព័ន្ធតាមដានសម្រាប់ជំងឺបង្កដោយអាកាសធាតុ ការវិភាគទិន្នន័យរោគរាតត្បាត និងបញ្ហាសុខភាពស្ត្រី កុមារ និងក្រុមងាយរងគ្រោះដទៃទៀត។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Sunniya Durrani-Jamalថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាននេះថា ជាមួយនឹងផែនការជាតិដែលទើបបញ្ចប់ថ្មីៗដើម្បីធ្វើឱ្យប្រព័ន្ធសុខាភិបាលកាន់តែធន់នឹងអាកាសធាតុនិងដើម្បីពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលប្រទេសកម្ពុជា ឥឡូវនេះត្រូវបានបំពាក់ឱ្យកាន់តែប្រសើរឡើងដើម្បីការពារសហគមន៍ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ស្របពេលដែលជំងឺកូវីដ ១៩ កំពុងរាតត្បាត។
លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មិនអាចទាក់ទងបានដើម្បីសុំការបញ្ជាក់បានទេ កាលពីថ្ងៃទី ២០ ខែកក្កដា។
អង្គការសុខភាពពិភពលោកឱ្យដឹងនៅថ្ងៃទី ២០ ខែកក្កដាថា នៅប្រទេសកម្ពុជា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកំពុងបង្កហានិភ័យកាន់តែខ្លាំងដល់សុខភាពប្រជាជន។
អង្គការសុខភាពពិភពលោកបញ្ជាក់ថា ប្រទេសកម្ពុជាបានដាក់ចេញគោលនយោបាយជាបន្តបន្តាប់ ដើម្បីជួយដល់វិស័យសុខាភិបាលក្នុងការទប់ស្កាត់ផលប៉ះពាល់ដែលកំពុងកើនឡើងនេះ។ ប៉ុន្តែប្រព័ន្ធសុខាភិបាលចាំបាច់ត្រូវពង្រឹងបន្ថែមទៀតជាបន្ទាន់ដើម្បីការពារ និងធ្វើឱ្យប្រសើរឡើងនូវសុខភាពសហគមន៍ ខណៈដែលអាកាសធាតុមិនមានស្ថិរភាពនិងមានការប្រែប្រួល៕