
អ្នកបើករថយន្តធំដាក់បដាតវ៉ាការអនុវត្តច្បាប់។ រូបថត សហការី
ភ្នំពេញៈ អ្នកបើកឡាន និងម្ចាស់ឡានដឹកដី ដឹកខ្សាច់ប្រមាណ ២០០ នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅថ្ងៃទី ២០ កក្កដា នៅលើផ្លូវ ៦០ ម៉ែត្រ ជិតកន្លែងថ្លឹងជញ្ចីងក្នុងក្រុងតាខ្មៅ ដើម្បីស្នើសុំលក្ខខណ្ឌ ៣ ចំណុច បន្ទាប់ពីមន្ត្រី បានចុះអនុវត្តច្បាប់ និងឃាត់យានយន្តដឹកលើសទម្ងន់កំណត់ ជាង ១០០ គ្រឿង យកមករក្សាទុក។
បន្ទាប់ពីប្រមូលផ្តុំគ្នាតវ៉ាពេញមួយព្រឹក ពួកគាត់ក៏បានបញ្ឈប់ការតវ៉ាទៅវិញ ក្រោយមានការសម្របសម្រួលពីអាជ្ញាធរ និងមន្ត្រីជំនាញ ដោយបានសន្យាថា នឹងយកសំណើររបស់ពួកគាត់ ដាក់ជូនរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន លោក ស៊ុន ចាន់ថុល ធ្វើការពិនិត្យ និងសម្រេច។
លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន និងតំណាងឲ្យក្រសួងសាធារណការ និងដឹកជញ្ចូន ដែលចុះទៅសម្របសម្រួលក្នុងការតវ៉ានេះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ កក្កដាថា ក្រោយការសម្របសម្រួល អ្នកបើកឡាន និងម្ចាស់ឡានដឹកដី ដឹកខ្សាច់ទាំងនោះ បានស្នើសុំចំនួន ៣ ចំណុច ហើយសំណើរទាំងនេះ នឹងដាក់ជូនរដ្ឋមន្ត្រីក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើការដោះស្រាយ។
លោក តាំង ពៅ បានអះអាងថា ចំណើរដែលពួកគេ បានទាមទារ គឺរួមមាន ទី១ ស្នើឲ្យមានការផាកពិន័យ ចំពោះយានយន្តដឹកលើសទម្ងន់ ប៉ុន្តែសុំកុំឲ្យមានការឃាត់យានយន្តទុករយៈពេល១ ឆ្នាំ។ ទី២ ស្នើឲ្យក្រសួងពិចារណាបន្ថែមទម្ងន់លើទម្ងន់យានយន្តដែលបានកំណត់ដោយច្បាប់ចំនួន ១៥ តោនបន្ថែមទៀត និងទី៣ ស្នើសុំឲ្យប្រគល់យានយន្តដែលចាប់បានរយៈពេល ១ ឆ្នាំ កន្លងមកនេះ ជាង ១០០ គ្រឿង ប្រគល់ត្រឡប់ឲ្យម្ចាស់ដើមវិញ។
លោកបានបញ្ជាក់ថា៖ «ចំពោះសំណើរទាំងនេះ យើងកំពុងធ្វើរបាយការណ៍ដាក់ជូនទៅថ្នាក់ដឹកនាំ ឲ្យលោកជាអ្នកពិនិត្យ និងសម្រេច។ នៅពេលដែលយើងប្រកាសដូច្នេះ ពួកគាត់ ក៏បានរំសាយការប្រមូលផ្តុំ ទៅផ្ទះរៀងៗខ្លួនវិញ»។
ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ លោក តាំង ពៅ យល់ថា សំណើររបស់ពលរដ្ឋក្នុងពេលនេះ ជាពិសេសត្រង់ចំណុចទី២ ដែលស្នើឲ្យបន្ថែមទម្ងន់ ១៥ តោនបន្ថែមទៀតនោះ គឺជាសំណើរមួយដែលមិនត្រឹមត្រូវនោះទេ ព្រោះតាមគោលការណ៍ច្បាប់ បានកំណត់រួចហើយ គ្រប់យានយន្តទាំងអស់ ត្រូវដឹកទៅតាមទម្ងន់ដែលបានកំណត់ដោយច្បាប់ អាស្រ័យទៅលើប្រភេទយានយន្តនីមួយៗ។
លោកបានថ្លែងថា៖ «ការស្នើសុំឲ្យយើងធ្វើខុសច្បាប់នេះ គឺជាកិច្ចការមួយពិបាកធ្វើណាស់។ យើងមិនអាចធ្វើទៅតាមគាត់បានទេ ចំពោះចំណុចដែលគាត់ស្នើខុសច្បាប់នេះ គឺមិនអាចបំពេញបំណងពួកគាត់បានទេ។ បើធ្វើបាន លុះត្រាយើងធ្វើវិសោធនកម្មច្បាប់សិន ព្រោះ ក្នុងនាមយើងអ្នកអនុវត្តច្បាប់ចឹង បើធ្វើខុសច្បាប់ គឺពិបាកធ្វើតាមគាត់ណាស់»។
សូមជម្រាប់ថា ក្នុងការតវ៉ា កាលពីព្រឹកថ្ងៃទី ២០ កក្កដា គឺមានមនុស្សប្រុសស្រីយ៉ាងហោចណាស់ប្រមាណ ២០០ នាក់ បានប្រមូលផ្តុំគ្នា លើកបដា និងបានស្រែកទាមទារឲ្យក្រសួងសាធារណការដោះស្រាយករណីដែលពួកគាត់បានទាមទារ។
អ្នកស្រី ណារ៉េត ជាអ្នកតវ៉ាម្នាក់ ក្នុងចំណោមអ្នកតវ៉ាដទៃទៀត បានលើកឡើងថា ឡានអ្នកស្រី ត្រូវបាន មន្ត្រីជំនាញ ឃាត់ទុករយៈពេល ជាង ១០ ថ្ងៃមកហើយ។ អ្នកស្រីបន្តថា អ្នកស្រី ព្រមទទួលបង់ការផាកពិន័យចំពោះទង្វើល្មើស ប៉ុន្តែអ្នកស្រីស្នើសុំកុំឲ្យមានការឃាត់យានយន្តទុក ព្រោះអ្នកស្រី ត្រូវការឡាន មករកស៊ីចិញ្ចឹមជិវិត និងដោះបំណុល។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំសុំឡានរបស់ខ្ញុំមកវិញ ខ្ញុំព្រមបង់ការផាកពិន័យ តែកុំឃាត់ឡានខ្ញុំ ទុកដល់ទៅ ១ ឆ្នាំអី។ ខ្ញុំ ដឹកលើសទម្ងន់នេះ ព្រោះបើមិនដឹកលើសទេ គឺមិនបានស៊ីទេ សងតែថ្លៃប្រេងគេ មិនគ្រប់ផង។ ឡាននេះ ខ្ញុំ ខ្ចីប្រាក់ធនាគារមកទិញទេ បើចាប់ទុកទៅ បានអីស៊ី បានអីសងគេ»។
លោក គង់ សុវណ្ណ អ្នកជំនាញសុខភាពសាធារណៈ និងជានាយកកម្មវិធីមូលនិធិសុវត្ថិភាពអន្តរជាតិ បានលើកឡើងថា ការដែលពលរដ្ឋ ទាមទារទាំងនេះ គឺហាក់មិនត្រឹមត្រូវទៅតាមច្បាប់នោះទេ ព្រោះយើងដឹងច្បាស់ហើយថា កត្តាដែលបណ្តាលឲ្យខូចផ្លូវ ក៏បណ្តាលមកពីការដឹកលើសទម្ងន់របស់អ្នកបើកបរ។
លោកបន្តថា ក្នុងពេលនេះ សមត្ថកិច្ចបានអនុវត្តច្បាប់ក្នុងនាមជាពលរដ្ឋ គឺត្រូវតែគោរពទៅតាមច្បាប់ ហើយក្នុងករណី ដែលមិនមានការយល់ដឹង និងមិនទាន់បានផ្សព្វផ្សាយឲ្យបានទូលំទូលាយ នោះសមត្ថកិច្ច គួរតែធ្វើការព្រមានជាមុនសិន ហើយបើសិនជាក្នុងករណី មានកំហុសជាដដែល គឺមិនត្រូវលើកលែងនោះទេ។
លោកលើកឡើងដូច្នេះ ក៏ព្រោះតែមើលឃើញថា មានពលរដ្ឋមួយចំនួន បានយកមូលហេតុទាំងនេះ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍រួម និងផលប្រយោជន៍ជាតិ។
សម្រាប់ជាយន្តការបណ្តោះអាសន្នក្នុងករណីនេះ លោក សុវណ្ណ បានបញ្ជាក់ថា៖« គាត់ថា គាត់មិនទាន់បានដឹងច្បាប់ មិនទាន់បានឮពីការអនុវត្តច្បាប់។ អ៊ីចឹងចន្លោះពេលនេះ គឺធ្វើការផាកពិន័យហើយ ធ្វើកិច្ចសន្យានៅក្នុងកម្រិតមួយ។ បើសិនជាលើកក្រោយ នៅតែដដែលទៀត គឺករណីនេះ មិនមែនពួកគាត់ មិនដឹងទេ គឺធ្វើជាមិនដឹង។ ដូច្នេះ គាត់មានចេតនាចង់បានតែផលប្រយោជន៍របស់ក្រុមគាត់ និងគាត់ហ្នឹង យើងត្រូវតែអនុវត្តតាមច្បាប់់»៕