ភ្នំពេញៈ រដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន សម្រេចផ្តល់ជំនួយឥតសំណងចំនួន ២,៥ លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាមរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សម្រាប់រយៈពេល ១២ ខែ ឆ្នាំ ២០២២។ នេះបើតាមលោក ហេង រតនា អគ្គនាយក CMAC។
លោក ហេង រតនា សរសេរអបអរសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន តាមរយៈហ្វេសប៊ុកកាលពីម្សិលមិញអំពីការទទួលបានជំនួយរបស់ចិននេះ។
លោកសរសេរថា៖ «ឆ្លៀតក្នុងឱកាសនេះសូមគោរពអរគុណជាអនេកចំពោះសម្តេចតេជោ [ហ៊ុន សែន] ប្រមុខរាជរដ្ឋាភិបាលដែលបានជំរុញសំណើគាំទ្រថវិកានេះជាមួយប្រធានាធិបតីចិន ហើយជាបន្តបន្ទាប់រដ្ឋាភិបាលចិនបានឆ្លើយតបតាមសំណូមពររបស់សម្តេចតេជោ»។
លោកបានបន្តថា៖ «តាងនាមអង្គភាពស៊ីម៉ាក់ក៏ដូចជនរងគ្រោះដោយសារមីន សូមសម្តែងនូវការដឹងគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានគាំទ្រថវិកាមនុស្សធម៌ដ៏មានសារៈសំខាន់នេះ សម្រាប់ទ្រទ្រង់សកម្មភាពអង្គភាពស៊ីម៉ាក់ក្នុងការរំដោះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ផ្តល់សុខសុវត្ថិភាព និងគាំទ្រការអភិវឌ្ឍនៅកម្ពុជា»។
លោក ហេង រតនា បានឱ្យដឹងថា ការផ្ដល់ជំនួយនេះគឺដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងខេត្តកំពង់ធំដែលមានកម្លាំងប្រតិបត្តិការសរុបជិត ៣០០ នាក់។
លោក រតនា បញ្ជាក់ថា គម្រោងនេះមានរយៈពេល ១២ ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដីចម្ការមីន និងចម្ការសំណល់ជាតិផ្ទុះពីសង្គ្រាមជាង ១៧០០ ហិកតា និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនចំនួន ៧ ខេត្ត។
បើតាមលោកអគ្គនាយក លទ្ធផលរយៈពេល ៦ ខែ ឆ្នាំ ២០២១ នេះគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណងមានទំហំថវិកាដូចឆ្នាំ ២០២២ ដែរនោះ បានរំដោះដីចម្ការមីន/គ្រាប់សំណល់ជាតិផ្ទុះជិត ១ ០៨៣ ហិកតា រុករកឃើញកម្ទេចគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង ៥ ០០០ គ្រាប់។
កាលពីថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២១ នេះ សាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជាបានផ្ដល់នូវសម្ភារជាជំនួយមនុស្សធម៌លើវិស័យសកម្មភាពមីនដល់អាជ្ញាធរមីនស្មើនឹងទឹកប្រាក់ប្រមាណ ១ លានដុល្លារអាមេរិក ខណៈកម្ពុជាបានដាក់ផែនការយុទ្ធសាស្ត្រជាតិ គ្មានមីននៅឆ្នាំ ២០២៥។
បើតាមអាជ្ញាធរមីន គិតត្រឹមខែមិថុនា ឆ្នាំ ២០២១ នេះ កម្ពុជាបានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីចំនួន ២ ២២១ គីឡូម៉ែត្រការ៉េ។ រកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សបានជាង ១,១ លានគ្រាប់។ មីនប្រឆាំងរថក្រោះចំនួន ២៥ ៦០៣ គ្រាប់ និងសំណល់ជាតិផ្ទុះជាង ២,៩ លានគ្រាប់។ ក្នុងនោះ មានពលរដ្ឋទទួលផលជាង ៣,៣ លានគ្រួសារ៕