ភ្នំពេញៈ ក្រសួងកសិកម្មប្តេជ្ញា ធ្វើយ៉ាងណារក្សាឱ្យបាននិរន្តរភាពប្រព័ន្ធស្បៀងនៅឆ្នាំ ២០៣០ ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូល វិបុលភាព និងសុខុមាលភាព។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន តាមរយៈហ្វេសប៊ុកនៅថ្ងៃទី ២១ កក្កដានេះ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ធ្វើយ៉ាងណារក្សាឱ្យបាននិរន្តរភាពប្រព័ន្ធស្បៀងនៅឆ្នាំ ២០៣០ ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយ កសិកម្មកម្ពុជា ជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូល វិបុលភាព និងសុខុមាលភាព។ បង្កើនប្រសិទ្ធភាពនៃការកាត់បន្ថយរហោស្ថានកម្ម ការគ្រប់គ្រងដី ធនធានព្រៃឈើ និងជលផលប្រកបដោយចីរភាព និងភាតរបរិស្ថាន។
លោករដ្ឋមន្ត្រីសរសេរលើហ្វេសប៊ុកថា៖ «វិស័យកសិកម្មកម្ពុជា មានសក្តានុពល និងកាលានុវត្តភាពសម្រាប់ធ្វើការអភិវឌ្ឍ លក្ខណៈភូមិសាស្រ្តអំណោយផល ស្ថានភាពទីផ្សារកសិផលក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិកំពុងមានការកើនឡើង បរិយាកាសវិនិយោគ ការផ្លាស់ប្តូរឥរិយាបថរបស់កសិករទៅជាកសិពាណិជ្ជករប្រកបដោយភាពវៃឆ្លាតក្នុងបរិបទនៃបច្ចេកវិទ្យាឌីជីថល ធានាបានការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងការប្រកួតប្រជែងការកែច្នៃវេចខ្ចប់»។
លោករដ្ឋមន្ត្រីបានបង្ហាញពីទស្សនគាំទ្រលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាព សម្រាប់ប្រទេសកម្ពុជា ត្រឹមឆ្នាំ ២០៣០។ ក្នុងគោលបំណងពង្រឹងប្រព័ន្ធស្បៀងនៅកម្ពុជាកាន់តែប្រសើរឡើង ក៏បានផ្តល់អនុសាសន៍មួយចំនួនឲ្យក្រុមការងារក្រសួងរួមគ្នាអនុវត្តគោលនយោបាយអភិវឌ្ឍន៍កសិកម្មឆ្នាំ ២០២១-២០៣០។ បន្តជំរុញការអនុវត្តកសិកម្មល្អ “GAP” បង្កើតកសិដ្ឋាន GAP/សហគមន៍កសិកម្ម GAP ផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ជាមួយគ្នានោះ ត្រូវបង្កើនផលិតភាព ការកែច្នៃកសិផល ការប្រើប្រាស់បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាវៃឆ្លាតនឹងអាកាសធាតុ បង្កើនផលិតភាព និងប្រសិទ្ធភាពប្រើប្រាស់ធនធានដី ទឹក និងធនធានសេនេទិក និងការផ្តល់សេវាផ្សព្វផ្សាយនិងប្រឹក្សាបច្ចេកទេសកសិកម្មទំនើប។
លោកថ្លែងថា៖ «បង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្ម (ទឹក ផ្លូវ ភ្លើង និងហិរញ្ញវត្ថុ) និងបង្កើនឥណទានកសិកម្ម ដែលមានការប្រាក់ទាប ព្រមទាំងគិតគូរអំពីសន្តិសុខស្បៀងសម្រាប់កសិករដែលងាយទទួលការរងគ្រោះ កសិករដែលមានផ្ទៃដីតូច»។
លោករដ្ឋមន្ត្រីបន្ថែមថា ត្រូវធ្វើសកម្មភាពរួមគ្នា ដើម្បីធានានិរន្តរភាពប្រព័ន្ធស្បៀងអាហារ និងប្រព័ន្ធផ្គត់ផ្គង់ស្បៀងអាហារ នៅក្នុងពិភពលោក ក្នុងតំបន់ និងប្រទេសនីមួយៗ។ បន្ទូរបន្ថយនូវរបាំងបច្ចេកទេស និងលក្ខខណ្ឌតម្រូវនានា និងកសិធុរកិច្ចស្បៀងអាហារ ដោយអនុវត្តនូវទស្សនទាន“ការផ្គត់ផ្គង់ស្បៀងអាហារគ្មានព្រំដែន (Food supply Without border)” ព្រមទាំងបង្កើតឱ្យមានការស្តុកស្បៀងអាហារ និងប្រព័ន្ធស្បៀងបម្រុងជាសកល ទាំងក្នុងតំបន់ ក្នុងប្រទេស តាមសហគមន៍ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានសន្តិសុខស្បៀងអាហារ។
លោកថ្លែងថា៖ «ត្រូវសហការអនុវត្ត និងគិតគូរប្រើប្រាស់ស្បៀងអាហារវៃឆ្លាតនៅពេលអនាគត (Future Smart Food) ដោយពិនិត្យផលិតផលដែលមានអាហារូបត្ថម្ភខ្ពស់ដូចជាសណ្តែក បន្លែស្លឹកខៀវ ផែ្ល និងមើម ផ្លែឈើសំខាន់ៗ សាច់ ត្រី ស៊ុត ទឹកដោះគោ និងអនុផលព្រៃឈើ ដែលមាននៅតាមមូលដ្ឋានជាដើម»៕