The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ហ៊ុន សែន នឹង​​អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ​ពី​ជប៉ុន​ដែល​ដឹក​មកដល់​នៅ​សប្ដាហ៍​នេះ




លោក​ ហ៊ុន សែន នឹង​​អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ​ពី​ជប៉ុន​ដែល​ដឹក​មកដល់​នៅ​សប្ដាហ៍​នេះ

Content image - Phnom Penh Post
លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចាប់ដៃជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នានៅវិមានសន្តិភាព នាពេលកន្លងទៅ។ រូបថត SPM

លោក​ ហ៊ុន សែន នឹង​​អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ​ពី​ជប៉ុន​ដែល​ដឹក​មកដល់​នៅ​សប្ដាហ៍​នេះ

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ចំនួន​ ១ ​លានដូស ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ហើយនឹង​ត្រូវ​ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​ ២៣ កក្កដា​ខាងមុខនេះ​។ នេះ​បើតាម​នាយកដ្ឋាន​ព័ត៌មាន​ក្រសួង​ការពារជាតិ​ពី​ម្សិលមិញ​។

ក្រសួង​ការពារជាតិ​បាន​បញ្ជាក់​ថា​ការអញ្ជើញ​ទទួល​វ៉ាក់សាំង​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​របស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នាពេល​ខាងមុខ​នេះ គឺជា​ការអញ្ជើញ​ទទួល​វ៉ាក់សាំង​ប្រទេស​ជា​មិត្ត​លើក​ទី​២ ​ហើយ​។ ការ​ចេញទៅ​ទទួល​វ៉ាក់សាំង​ផ្ទាល់​លើក​ទី​១ គឺ​នៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ចំនួន​ ៦០ ​ម៉ឺនដូស​។

កាលពី​សប្តាហ៍​មុន លោក​ មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឱ្យ​ដឹងថា រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ផ្ដល់ជំនួយ​វ៉ាក់សាំង​ AstraZeneca ប្រមាណ​ ១ ​លានដូស​ដល់​កម្ពុជា​។ ជំនួយ​នេះ​ធ្វើឡើង​ស្របតាម​ចំណង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា ដោយ​ផ្អែកលើ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សង្ឃឹមថា ជំនួយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ ​១៩ ក៏ដូចជា​កាត់បន្ថយ​ការព្រួយបារម្ភ​មួយ​ចំនួន​របស់​ប្រជាជន​កម្ពុជា​»​។

លោក​ មិកាមិ ម៉ាសាហ៊ីរ៉ូ បាន​បន្ត ថា​ការប្រឈមមុខ​នឹង​ការរីករាលដាល​នៃ​មេរោគ​ឆ្លង​ថ្មី​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នេះ ការចាក់​វ៉ាក់សាំង និង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល គឺជា​កត្តា​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​។

មកទល់​ពេល​នេះ រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ជំនួយ​សរុប​ប្រមាណ​ច្រើនជាង​ ៥០ ​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា រួមមាន​ការផ្ដល់​បរិក្ខារពេទ្យ ការកែលម្អ​មន្ទីរពេទ្យ ការគាំទ្រ​ដល់​គម្រោង​របស់​អង្គការ​អន្តរជាតិ​នានា​សម្រាប់​វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺ​តាម​ព្រំដែន ក៏ដូចជា​ការផ្ដល់​បរិក្ខារ​សម្រាប់​ដឹកជញ្ជូន និង​រក្សាទុក​វ៉ាក់សាំង​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។ រដ្ឋាភិបាល​ជប៉ុន ក៏បាន​ផ្ដល់​ជា​កម្ចី​ប្រមាណ ២២៧ ​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ប្រជាជន ដែល​រង​ផលប៉ះពាល់​ដោយសារ​កូវីដ​ ១៩ និង​សម្រាប់​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​។

ដោយឡែក​កាលពី​ថ្ងៃទី​ ២០ កក្កដា ជាការ​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ដូស​ទី​ ១ ជូន​ដល់​ជនបរទេស​ទាំងអស់​ដែល​កំពុងស្នាក់នៅ និង​កំពុង​បំពេញ​ការងារ​ក្នុង​ខេត្តសៀមរាប ដែល​ប្រព្រឹត្ត​ទៅក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។

លោក​ លីវ សុខុន អ្នកនាំពាក្យ និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២១ ខែកក្កដា ថា គិត​ត្រឹម​ថ្ងៃទី​ ១ នៃ​ការចាក់​វ៉ាក់សាំង​ជូន​ជនជាតិ​បរទេស ក្រុមការងារ​បាន​ចាក់​វ៉ាក់សាំង​ជូន​ជនបរទេស បាន​ជាង​ ៧០០ ​នាក់​។

លោក​ប្រាប់ថា​៖ «​តាម​ការឱ្យ​ដឹងពី​លោក​ឱសថការី លីម ហេង អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប និង​ជា​ប្រធាន​មណ្ឌល​ចាក់​វ៉ាក់សាំង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ក្នុង​ពេល​ ១ ​ថ្ងៃ ជនបរទេស​ចំនួន​ ៧៤៥ ​នាក់​ (​ស្រី ២៨៧ ​នាក់​) បានទទួល​ការចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​»​។

លោក​ លីវ សុខុន បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​ជូន​ជនបរទេស គ្រោង​បញ្ចប់​តាម​ផែនការ​របស់​រដ្ឋបាល​ខេត្តសៀមរាប គឺ​នៅត្រឹម​ថ្ងៃទី​ ២៣ ខែកក្កដា ហើយ​ជនបរទេស​ដែល​បាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​នេះ​មាន​ចំនួន​ដល់ ២ ១២០ ​នាក់​។

គិត​ត្រឹម​យប់​ថ្ងៃទី​ ២០ កក្កដា ប្រជាពលរដ្ឋ​ជាង​ ៦,២ ​លាន​នាក់​នៅ​ទូទាំងប្រទេស​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​ ១៩ ដែល​ស្មើនឹង​ជាង​ ៦២% ​ធៀប​នឹង​គោលដៅ​ចាក់​ ១០ ​លាន​នាក់ ដែល​គ្រោង​បញ្ចប់​ក្នុង​ខែតុលា ឬ​ដើមខែ​វិច្ឆិកា ឆ្នាំ​ ២០២១ ​នេះ​។

ជាមួយ​គ្នា​នេះ លោកស្រី​ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បានឱ្យ​ដឹងថា វ៉ាក់សាំង​ស៊ីណូហ្វាម​ចំនួន​ ១ ​លានដូស​នឹងត្រូវ​ដឹក​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​ ២២ ខែកក្កដា នេះ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​បន្ថែម​។ សរុប​ក្នុង​ខែកក្កដា​នេះ វ៉ាក់សាំង​ដែល​បាន​ដឹក​មក​កម្ពុជា​មាន​ចំនួន​ ៦ ​លានដូស​។

គិត​មកដល់​ពេលនេះ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​សរុប​ជាង​ ១៦ ​លានដូស ហើយ​ភាគច្រើន​ជា​វ៉ាក់សាំង​ចិន​ដែល​ជា​ការបញ្ជា​ទិញ​និង​ការផ្តល់​ជា​ជំនួយ​របស់​ភាគី​ចិន​។ ក្នុងនោះ​មាន​វ៉ាក់សាំង​ស៊ីណូហ្វាម​ចំនួន​ ៥,២ ​លានដូស វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ១០,៥ ​លានដូស និង​វ៉ាក់សាំង​កូវីសែល (COVISHIELD) ​ចំនួន​ ៣២៤ ០០០ ​ដូស​របស់​ក្រុមហ៊ុន AstraZeneca​។

គួរ​បញ្ជាក់ថា ក្នុង​ខែ​សីហា​ខាងមុខនេះ វ៉ាក់សាំង​ ៤ ​លានដូស​ទៀត​នឹង​ដឹក​មកពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ឱ្យបាន​ ១០ ​លាន​នាក់​តាម​ផែនការ​ដែល​បាន​កំណត់​៕

អត្ថបទគួរចាប់អារម្មណ៍