The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ដីព្រៃ​សហគមន៍​ព្រៃឈើ​នៅ​ស្រុក​សន្ទុក ប្រមាណ​ ៦០០ ​ហិកតា ​ត្រូវបាន​គេ​ទន្ទ្រាន​យក




ដីព្រៃ​សហគមន៍​ព្រៃឈើ​នៅ​ស្រុក​សន្ទុក ប្រមាណ​ ៦០០ ​ហិកតា ​ត្រូវបាន​គេ​ទន្ទ្រាន​យក

Content image - Phnom Penh Post
ដីព្រៃ​សហគមន៍​នៅ​ស្រុក​សន្ទុក ដែល​មាន​ការអះអាង​ថា​មាន​ការទន្ទ្រាន​ផ្នែក​ខ្លះ​។ រូប សហគមន៍​ព្រៃឈើ

ដីព្រៃ​សហគមន៍​ព្រៃឈើ​នៅ​ស្រុក​សន្ទុក ប្រមាណ​ ៦០០ ​ហិកតា ​ត្រូវបាន​គេ​ទន្ទ្រាន​យក

កំពង់ធំៈ ដីព្រៃ​របស់​សហគមន៍​ព្រៃឈើ​វាលអូរក្តី ស្ថិតនៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ កំពុង​រង​ការទន្ទ្រាន​គ្រប់​រូបភាព​។ ប្រធាន​សហគមន៍​សើ្ន​សុំឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ទប់ស្កាត់ ក្រោយពី​ដីព្រៃ​ត្រូវបាន​ទន្ទ្រាន​អស់​ប្រមាណ​ ៦០០ ​ហិកតា​ហើយ គិត​មកដល់​ថ្ងៃទី​ ២០ កក្កដា​។

លោក​ ហាច សាដាំ ប្រធាន​សហគមន៍​ព្រៃឈើ​វាលអូរក្តី ថ្លែង​កាលពី​ថ្ងៃទី​ ២០ កក្កដា ថា ការលួច​ចូល​កាប់​រានទន្ទ្រាន​ដី​នេះ ដោយសារ​តែ​តម្រូវការ​ដីធ្លី​មាន​ការកើនឡើង​។ ស្របពេល​មាន​វិបត្តិ​កូវីដ​ ១៩ សមាជិក​សហគមន៍​មិនអាច​ធ្វើការ​ជួបជុំ​គ្នាច្រើន ដើម្បី​ចុះ​ល្បាត​បាន​ឡើយ ទើប​បង្កើត​ជា​ឱកាស​សម្រាប់​ជនខិលខូច​ចូល​លួច​កាប់​ទន្ទ្រាន​តែម្តង​។ លោក​ថា ការកាប់​រាន​នេះ​បាន​ធ្វើឱ្យ​បាត់បង់​ព្រៃឈើ​ក្នុង​សហគមន៍​ប្រមាណ​ ៦០០ ​ហិកតា​ហើយ ដែល​ដីព្រៃ​សហគមន៍​មាន​ទាំងអស់​ ៤ ២០០ ​ហិកតា​។

លោក​ថ្លែងថា​៖ «​អ្នក​លួច​ចូល​កាប់​រានទន្ទ្រាន​ហ្នឹង​មាន​ខ្លះ​ជា​សមាជិក​សហគមន៍ ប៉ុន្តែ​ភាគច្រើន​មកពី​ខេត្ត​កំពង់ចាម​។ កន្លងមក​យើង​ធ្លាប់​ដាក់​ពាក្យបណ្តឹង​ទៅខាង​តុលាការ​ច្រើន​ករណី ប៉ុន្តែ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ណាមួយ​ទៅលើ​ការលួច​កាប់​រាន​នៅឡើយ​»​។

បើតាម​លោក​ ហាច សាដាំ ពលរដ្ឋ​ដែល​ចូលមក​កាប់​រានទន្ទ្រាន​នោះ​ប្រហែល​មាន​គោលបំណង​ចង់បាន​ដី​ដើម្បី​លក់ដូរ​បន្ត​។ ប៉ុន្តែ​ខាង​សហគមន៍​មិនទាន់​បានដឹង​ច្បាស់​ថា មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​ដែលជា​អ្នកមាន​លុយ​មានអំណាច ឬ​យ៉ាងណា​នោះទេ ព្រោះ​ពេលនេះ សហគមន៍​ក៏​កំពុង​សិក្សា​ស្រាវជ្រាវ​ជុំវិញ​បញ្ហា​នេះដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​កំពុង​ស្រាវជ្រាវ​មើលថា​តើ​គាត់​ចូលមក​កាប់ ដោយសារ​តែ​ខ្វះខាត ហើយ​ត្រូវការ​ដី​តិចតួច ដើម្បី​រស់នៅ​ពិត​ប្រាកដជា​លក្ខណៈ​គ្រួសារ ឬក៏​មាន​ឈ្មួញ​ធំៗ ឬ​អ្នកមានអំណាច​ណា​នៅ​ពីក្រោយ​ខ្នង​ពួកគាត់ ព្រោះ​ឆ្នាំនេះ​យើង​សង្កេតឃើញ​ថា មាន​សម្ទុះ​ច្រើន​ក្នុង​ការចូល​កាប់​រាន​»​។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ថ្លែង​ពី​ម្សិលមិញ​ថា បញ្ហា​ការចូល​កាប់​រានទន្ទ្រាន​ដីព្រៃ​ក្នុង​សហគមន៍​ព្រៃឈើ​វាលអូរក្តី​កន្លងមក លោក​បាន​ឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចុះ​ទៅ​ចងក្រង ពិនិត្យ​វាស់វែង និង​ធ្វើ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ជាច្រើន​ករណី​មកហើយ​។

ក្នុងពេល​ថ្មី​នេះ ក៏បាន​ធ្វើ​សំណុំរឿង​បន្ថែម​ចំនួន​ ៧ ​សំណុំរឿង​ថែមទៀត បញ្ជូន​ទៅ​តុលាការ​ផងដែរ​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ច្បាស់​ពីថ្ងៃ​ណា​ប្រាកដ​ក្នុង​ការបញ្ជូន​សំណុំរឿង​ទាំងនោះ​ទៅ​តុលាការ​ទេ​។

លោក​ថា​៖ «​យើង​ចុះ​ធ្វើ​រហូត​ហ្នឹង និយាយ​ឱ្យ​ចំ​ទៅ​មិនមែន​ជំនាន់​ដែល​ខ្ញុំ​ជា​ប្រធាន​មន្ទីរ​ទេ តាំងពី​ជំនាន់​ប្រធាន​មន្ទីរ​មុនៗ ក៏​គាត់​បាន​ធ្វើ​ការងារ​ហ្នឹង​។ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក៏​ខិតខំ​ប្រឹងប្រែង​ធ្វើ ទាំង​សហគមន៍​អីហ្នឹង​បាន​នាំគ្នា​ចុះ​ទប់ស្កាត់​ជាប្រចាំ​ហើយ​កន្លែង​ហ្នឹង​នោះ​»​។

«​ខ្ញុំ​មិន​ចាំ​សំណុំរឿង​ទាំងអស់​មាន​ប៉ុន្មាន​ទេ​ប៉ុន្តែ​ខ្ញុំ​គិតថា​មិន​ក្រោម​ ១០ ​រឿង ទេ ដែល​បានដាក់​ទៅ​តុលាការ​ក្នុង​ពេល​កន្លងទៅ ហើយ​ថ្មី​នេះ យើង​ថែម​ប្រមាណ​ ៧ ​រឿង​ទៀត​ទៅ​តុលាការ​»​។ លោក​ ប៉ែន វណ្ណរិទ្ធ បញ្ជាក់បន្ថែម​។

លោក​ សាយ វាសនា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ឱ្យដឹងថា ស្ថាប័ន​អយ្យការ​ពិតជា​ទទួល​បាន​សំណុំរឿង​ពាក់ព័ន្ធ​ដីព្រៃ​សហគមន៍​ព្រៃឈើ​វាលអូរក្តី​ជា​បន្តបន្ទាប់​ពិតប្រាកដ​មែន ប៉ុន្តែ​សំណុំរឿង​មាន​ច្រើន​លោក​ចាំ​មិន​អស់​ទេ​។ ទោះយ៉ាងណា លោក​បញ្ជាក់ថា សំណុំរឿង​ទាំងនោះ​បាន​ទៅ​ដល់ដៃ​ចៅក្រម​អស់​ហើយ​។

លោក​ថ្លែងថា​៖ «​សំណុំរឿង​ទាំងអស់​ហ្នឹង​យើង​បញ្ជូនទៅ​ដល់ដៃ​ចៅក្រម​ហើយ ហើយ​ពេលនេះ ចៅក្រម​កំពុង​ពិនិត្យ​សំណុំរឿង​ទាំងអស់​ហ្នឹង​»​។

លោក​ សុខ រដ្ឋា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ (ADHOC) ប្រចាំខេត្ត​កំពង់ធំ កត់សម្គាល់​ថា ការកាប់​រានទន្ទ្រាន​ដី​មានការ​កើនឡើង​ជា​បន្តបន្ទាប់ ទោះបី​សហគមន៍ ឬ​មន្ត្រី​យុត្តិធម៌​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​ក៏ដោយ​។ តុលាការ​អាចមាន​ចំណាត់ការ​យឺត ដោយសារ​តែ​ពាក្យបណ្តឹង​មិនបាន​កំណត់​អត្តសញ្ញាណ​ជនល្មើស​ច្បាស់លាស់​។

លោក​ថ្លែងថា​៖ «​កាលណា​គាត់​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ បើ​ក្នុងន័យ​អញ្ញាតជន អាហ្នឹង​វា​ពិបាក​ដែរ ព្រោះ​តុលាការ បើសិន​ជា​កំណត់​អត្តសញ្ញាណ​ឱ្យ​ច្បាស់​ថា​បុគ្គល​ណាខ្លះ​ជា​អ្នក​ចូលទៅ​កាប់​ទន្ទ្រាន​ដីធ្លី​ហ្នឹង​ពិតប្រាកដ ខ្ញុំ​ជឿថា តុលាការ​គេ​នឹង​ធ្វើការ​តាមច្បាប់​»៕

អត្ថបទគួរចាប់អារម្មណ៍