ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមគ្នា​ពិភាក្សា​លើ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​ ២០២២-២០២៤ និង​ពិភាក្សា​លើ​គម្រោង​ចំណូល​ចំណាយ​ផ្សេងទៀត ដើម្បី​ធ្វើការ​គ្រប់គ្រង​ឱ្យមាន​ប្រសិទ្ធភាព ដែល​អាច​ចូលរួម​សន្សំសំចៃ​ថវិកា​ក្នុង​បរិបទ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

ការពិភាក្សា​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២០ កក្កដា​ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ (Zoom Video Conference) ដោយមាន​ការចូលរួម​ពី​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ជំនាញ និង​អង្គភាព​ដែលជា​សមាសភាព​អង្គភាព​ថវិកា ស្ថិតក្រោម​ឱវាទ​ក្រសួង​ទាំង​ ២ ព្រមទាំង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ខេត្ត និង​ក្រុមការងារ​ជំនាញ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សរុប​ប្រមាណ​ ១៥០ ​រូប​។ កិច្ចពិភាក្សា​គ្នា​នេះ គឺ​ធ្វើ​ឡើង​ក្នុង​កម្រិត​មន្ត្រី​បច្ចេកទេស​ថវិកា សម្រាប់​ឆ្នាំ​ ២០២២​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ​បាន​ឱ្យ​ដឹងថា កិច្ចប្រជុំ​នេះ ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ពិនិត្យ​ពិភាក្សា​លើ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​ ២០២២-២០២៤​។ ក្នុងនោះ ក៏បាន​ពិភាក្សា​លើ​គម្រោង​ចំណូល​ចំណាយ​ថវិកា​សម្រាប់​ឆ្នាំ​ ២០២២ របស់​ក្រសួង​សាធារណការ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​នៃ​ការគ្រប់គ្រង ការប្រមូល​ចំណូល ការសម្របសម្រួល​ចំណាយ និង​ការប្រើប្រាស់​ថវិកាជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​អាច​ចូលរួម​សន្សំសំចៃ​ថវិកា​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ផងដែរ​។

លោក កែន រដ្ឋា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ដែលជា​ប្រធាន​ប្រតិភូ​តំណាង​ក្រសួង​សាធារណការ​ថ្លែងថា ដោយសារ​បញ្ហា​ជំងឺ​កូវីដ​ ១៩ នៅតែ​បន្ត​រីករាលដាល​រហូតដល់​បច្ចុប្បន្ននេះ ក្រសួង​បាន​គិតគូរ​យ៉ាង​ហ្មត់ចត់ និង​ច្បាស់លាស់​អំពី​ការជ្រើសរើស​សកម្មភាព​អាទិភាព​ដាក់បញ្ចូល​ក្នុង​ទិសដៅ​ការងារ​អនុវត្តន៍​សម្រាប់​ឆ្នាំ​ ២០២២​។

គម្រោង​ជា​អទិភាព​ទាំងនោះ​ត្រូវ​បាន​លោក​បញ្ជាក់ថា​៖ «​គឺ​បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ប្រចាំឆ្នាំ​ (BSP)​គម្រោង ផែនការ​ថវិកា​ (BP) និង​កិច្ចការ​ពាក់ព័ន្ធ​នឹង​ថវិកា ស្របតាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ សារាចរ​ណែនាំ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើជា​មូលដ្ឋាន​ដាក់បញ្ចូល​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​កម្រិត​បច្ចេកទេស​ថវិកា​សម្រាប់​ឆ្នាំ​ ២០២២ និង​សម្រាប់​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ​នាពេល​បន្ទាប់​ខាងមុខ​»​។

លោកស្រី ឈិន ដាលីន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ថវិកា និង​ជា​ប្រធាន​ប្រតិភូ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា មន្ត្រី​នៃ​ក្រសួង​ទាំង​ ២ បាន​ពិភាក្សា​គ្នា​ប្រកប​ដោយ​ស្មារតី​យោគយល់ ទទួល​ខុសត្រូវ​ខ្ពស់ និង​ប្រកប​ដោយ​ផ្លែផ្កា​លើ​ការងារ​គ្រោង​ប្រមូល​ចំណូល​។

លោកស្រី​បន្តថា ក្រោយ​ចប់​កិច្ចប្រជុំ ភាគី​ទាំង​ ២ បានសម្រេច​ឯកភាព​ស្នើសុំ​គម្រោង​ចំណាយ​ថវិកា​ឆ្នាំ​ ២០២២ ទៅតាម​ជំពូក កម្មវិធី អនុកម្មវិធី គណនី អនុគណនី ដោយបាន​ឯកភាព​រួមគ្នា លើ​ខ្ទង់​ថវិកា​អាទិភាព​មួយចំនួន​ដែល​បានស្នើ សម្រាប់​ដាក់​ស្នើ​ជូន​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​មូលដ្ឋាន​ក្នុង​ការពិនិត្យ និង​សម្រេច​នៅក្នុង​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ​បន្តទៀត​។

ដោយសារ​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ អស់​រយៈពេល​ប្រមាណ​ជាង​ ២ ​ឆ្នាំ​កន្លងមកនេះ ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក៏ដូចជា​ពិភពលោក​ទាំងមូល​បាន​ជួបប្រទះ​នឹង​ផល​លំបាក ហើយ​ស្ថិតក្នុង​បរិបទ​នេះ​រាជរដ្ឋាភិបាល​ក៏បាន​ធ្វើ​វិចារណកម្ម​ចំណាយ​ថវិកា​ទៅតាម​ក្រសួង ស្ថាប័ន និង​អង្គភាព​រដ្ឋ ដើម្បី​កាត់បន្ថយ​ការចំណាយ និង​រក្សាទុក​កញ្ចប់​ថវិកា​មួយផ្នែក សម្រាប់​ត្រៀម​បម្រុង​ទុក​ប្រើប្រាស់​តាម​ការចាំបាច់​ផ្សេងៗ​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ​៕