ភ្នំពេញៈ អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក គន់ គីម កាលពីថ្ងៃទី ២០ ខែកក្កដា បានអំពាវនាវឱ្យពលរដ្ឋនៅតាមតំបន់វាលទំនាបជុំវិញបឹងទន្លេសាប និងជាប់ដងទន្លេមេគង្គ ព្រមទាំងតំបន់ផ្ទៃរងទឹកភ្លៀងនៃជួរភ្នំដងរែក និងខ្ពង់រាបឦសាន ចុះឈ្មោះប្រើប្រព័ន្ធផ្តល់ដំណឹងជាមុនតាមរយៈសារជាសំឡេងពីទូរស័ព្ទលេខ ១២៩៤ ដើម្បីទទួលបានដំណឹងទាន់ហេតុការណ៍អំពីគ្រោះមហន្តរាយពីធម្មជាតិ រួមមាន ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងទឹកជំនន់ជាដើម។
លោកបានបញ្ជាក់ថា៖ «ការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធនេះគឺមានសារៈសំខាន់ណាស់ព្រោះវានឹងជួយផ្ដល់ដំណឹងទាន់ហេតុការណ៍អំពីគ្រោះមហន្តរាយដែលអាចនឹងកើតមាននៅក្នុងសហគមន៍។ តាមរយៈប្រព័ន្ធនេះយើងអាចត្រៀមបង្ការជាមុននូវមធ្យោបាយ និងកម្លាំងអន្តរាគមន៍សង្គ្រោះជនរងគ្រោះពីតំបន់គ្រោះថ្នាក់បានទាន់ពេលវេលាផងដែរ »។
បើតាមលោក គន់ គីម ឈានចូលខែកក្កដា ឆ្នាំ ២០២១ នេះ ព្យុះក្នុងតំបន់ និងប្រព័ន្ធសម្ពាធទាបបានកើតឡើងជាបន្តបន្ទាប់ បង្កឱ្យមានផលប៉ះពាល់មួយចំនួនដល់កម្ពុជា ដោយមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះដោយកន្លែង។
យោងតាមរបាយការណ៍សង្ខេបរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងរយៈពេល ២០ ថ្ងៃនៃខែកក្កដានេះ ខ្យល់កន្ត្រាក់បានកើតឡើង ២២ លើកនៅក្នុង ១៤ រាជធានី-ខេត្តដែលបានបណ្តាលឱ្យរលំ និងខូចខាតផ្ទះធ្ងន់ធ្ងរ ១៤៣ ខ្នង របើកដំបូល និងខូចខាតមធ្យម ១ ១៩៨ ខ្នង និងរបួសមនុស្ស ៣ នាក់ ខណៈរន្ទះបាញ់បានបង្កឱ្យមនុស្ស ៤ នាក់ស្លាប់ និងរបួស ១ នាក់។ ចំណែកជំនន់ទឹកភ្លៀង បង្កការជន់លិចផ្ទះ និងប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋសរុប ៥០ គ្រួសារនៅស្រុកភ្នំស្រុក ខេត្តបាត់ដំបង និងខូចខាតផ្លូវជាច្រើនកន្លែង។
ទោះជាបែបណាក្ដី នៅពេលនេះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននិងកំពុងធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះទឹកជំនន់ក្នុងរដូវវស្សាឆ្នាំ ២០២១ នេះរួចជាស្រេចហើយ។ ក្នុងនោះបានបំពាក់ឧបករណ៍ និងសម្ភារសង្គ្រោះគ្រោះមហន្តរាយដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជូនដល់កងប្រតិបត្តិការរុករកសង្គ្រោះចំនួន ១០ កងបន្ថែម ដើម្បីត្រៀមលើការងារសង្គ្រោះ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ ក៏បានព្រមានផងដែរថា ឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង និងឥទ្ធិពលជ្រលងសម្ពាធទាបតភ្ជាប់ពីព្យុះសេមប៉ាកា (CEMPAKA) និងប្រព័ន្ធសម្ពាធទាបនឹងបង្កឱ្យស្ថានភាពអាកាសធាតុក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២៣-២៧ ខែកក្កដាខាងមុខនេះនឹងមានភ្លៀងធ្លាក់កាន់តែច្រើនឡើង ជាមួយខ្យល់កន្ត្រាក់បក់បោកខ្លាំង។
ស្ថានភាពនេះ អាចនឹងបង្កជាជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្តមួយចំនួន នៅតាមតំបន់ឆ្នេរ និងតំបន់វាលទំនាបនៃបណ្ដាខេត្តជុំវិញបឹងទន្លេសាប និងតាមដងទន្លេមេគង្គព្រមទាំងតំបន់ផ្ទៃរងទឹកភ្លៀងនៃជួរភ្នំដងរែក និងខ្ពង់រាបឦសាន៕