ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានស្នើប្រទេសសមាជិកមេគង្គ-គង្គាឱ្យជួយគាំទ្រការស្តារឡើងវិញនូវប្រតិបត្តិការសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅខេត្តសៀមរាប ដែលរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ ហើយលោកក៏លើកពីគុណសម្បត្តិឥណ្ឌាដែលបានលើកស្ទួយជីវភាពប្រជាជនតាមរយៈជំនួយលើគម្រោងទទួលផលរហ័ស។
ការលើកស្នើឡើងដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី ១១ កាលថ្ងៃទី ២១ ខែកក្កដា តាមប្រព័ន្ធវីដេអូ។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកាលពីថ្ងៃទី ២១ ខែកក្កដា បានដកស្រង់សម្ដីលោក ប្រាក់ សុខុន ថាសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ នៅខេត្តសៀមរាបគឺជាសមិទ្ធផលមួយដែលឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។
លោកថ្លែងថា ជាអកុសល ឧស្សាហកម្មទេសចរណ៍ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់សារមន្ទីរនេះ។
លោក សុខុន ថ្លែងថា៖ «មានតែផែនការស្តារឡើងវិញរបស់សារមន្ទីរដែលមានការគាំទ្រពីបណ្តាប្រទេសជាសមាជិកតែប៉ុណ្ណោះ ទើបអាចដោះស្រាយនូវរាល់បញ្ហាប្រឈមនានាហើយអាចឈានទៅរកភាពប្រក្រតីជាថ្មីឡើងវិញ»។
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌គឺជាផ្នែកមួយនៃវិស័យសំខាន់ៗរបស់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ហើយសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅខេត្តសៀមរាបនេះ គឺជាសារមន្ទីរប្រវត្តិសាស្ត្រមួយនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នេះ។
លោកថ្លែងថា៖ «ការរក្សាបាននូវប្រតិបត្តិការសារមន្ទីរនេះគឺមានសារៈសំខាន់ណាស់។ ខ្ញុំគិតថា ឥណ្ឌានឹងបន្តគាំទ្រគម្រោងនេះ»។
បើតាមសេចក្តីប្រកាសព័ត៌មាននេះលោក ប្រាក់ សុខុន បានអរគុណដល់ឥណ្ឌាដែលបានបង្កើនជំនួយសម្រាប់គម្រោងទទួលផលរហ័សដល់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី [ប្រាក់សុខុន] បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការប្តេជ្ញាចិត្តច្បាស់លាស់របស់ប្រទេសឥណ្ឌាក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងទទួលផលរហ័ស ចំពោះប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀតដោយបាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន ដែលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ»។
កាលពីឆ្នាំ ២០១៩ រដ្ឋាភិបាលឥណ្ឌាបានផ្តល់ជំនួយដល់ប្រទេសកម្ពុជាសម្រាប់គម្រោងចំនួន ១៨ ដែលមានទឹកប្រាក់ជិត ៩០ ម៉ឺនដុល្លារ ដើម្បីអនុវត្តគម្រោងទទួលផលរហ័សក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាដែលអនុវត្តចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជនកម្ពុជា។
កិច្ចសហប្រតិបត្តិការមេគង្គ-គង្គាគឺជាគំនិតផ្តួចផ្តើមរបស់ប្រទេសចំនួន ៦ រួមមាន ឥណ្ឌា និងប្រទេសអាស៊ាន ៥ ទៀត មាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍វប្បធម៌អប់រំក៏ដូចជា ដឹកជញ្ជូន និងគមនាគមន៍។ កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ត្រូវបានបង្កើតឡើងនៅឆ្នាំ ២ ០០០ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
លោក ប្រាក់ សុខុន ថ្លែងថា ២ ទសវត្សរ៍កន្លងមកនេះ គម្រោង និងសកម្មភាពជាច្រើនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅក្នុងអនុតំបន់មេគង្គរួមមានវិស័យសុខាភិបាល អប់រំ បរិស្ថាន និងវប្បធម៌។
លោកថ្លែងថា៖ «កិច្ចសហប្រតិបត្តិការមេគង្គ-គង្គាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ ការយោគយល់ និងការជឿទុកចិត្តគ្នា ព្រមទាំងបានលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងអនុតំបន់មេគង្គ ដើម្បីឈានទៅសម្រេចឱ្យបាននូវសុខុមាលភាព និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសសមាជិក»។
ការប្រារព្ធខួបអនុស្សាវរីយ៍ ២០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាដែលគ្រោងរៀបចំនៅខែមេសា ឆ្នាំមុននៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ខេត្តសៀមរាបត្រូវបានពន្យារពេលដោយសារការរាតត្បាតជំងឺកូវីដ ១៩៕