ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ដ​ឧត្ដរមានជ័យ និង​មួយ​ចំនួន​ទៀត​មក​ពី​ស្រុក​ថ្មពួក​ ខេត្ដ​បន្ទាយមានជ័យ អាច​រក​ចំណូល​បន្ថែម​ពី​ការ​លក់​អនុផល​ព្រៃឈើ​ពី​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​សង្ឃរុក្ខាវ័ន បាន​ចន្លោះ​ពី​ ១៥ ០០០ រៀល ទៅ ២០ ០០០ ម៉ឺន​រៀល ក្នុង ១ គីឡូក្រាម។

តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ឧត្ដរមានជ័យ និង​មួយ​ចំនួន​ទៀត​មក​ពី​ស្រុក​ថ្ម​ពួក​ខេត្ដ​បន្ទាយមានជ័យ ចាប់​ផ្តើម​ទទួល​ផល​អនុផល​ព្រៃឈើ​ពី​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​សង្ឃរុក្ខាវ័ន ដែល​មាន​ការ​គ្រប់គ្រង ដោយ​សហគមន៍​សង្ឃរុក្ខាវ័ន និង​មន្ទីរ​បរិស្ថាន​ខេត្ដ​ឧត្ដរមានជ័យ អនុផល​ព្រៃ​ឈើ​ទាំង​នោះ​រួមមាន ផ្សិតក្ងោក ផ្សិត​ទន្សោង និង​មាន​ផ្សិត​ផ្សេងៗ​ជា​ច្រើន​ទៀត ដែល​ចាប់​ផ្តើ​ដុះ​នៅ​ក្នុង​ខែ​កក្កដា​នេះ រហូត​ដល់​ចុង​ខែ​សីហា​ខាង​មុខ។

បើ​តាម​ការ​បង្ហាញ​របស់​ក្រសួង​បរិស្ថាន ប្រជាពលរដ្ឋ​ដែល​បាន​ចូល​មក​ប្រមូល​ផល​ផ្សិត​នៅ​ក្នុង​ព្រៃ​នោះ ពួក​គេ​ក្នុង​ម្នាក់ៗ អាច​ដក​ផ្សិត​បាន​ពី ៥ ដល់ ១០ គីឡូក្រាម តាម​ស្ថានភាព​ជាក់​ស្តែង ព្រោះ​ការ​ប្រទះ​ឃើញ​ផ្សិត​នៅ​ក្នុង​ព្រៃ​នេះ ផ្អែក​ទៅ​លើ​របប​ទឹក​ភ្លៀង​ផង​ដែរ។

ពួក​គាត់​និយាយ​ថា បើ​សិន​ជា​រក​ផ្សិត​បាន​តិច គឺ​ទុក​សម្រាប់​ហូប​ក្នុង​គ្រួសារ ហើយ​បើ​រក​បាន​ច្រើន គឺ​ទុក​សម្រាប់​ហូប​ខ្លះ និង​សម្រាប់​លក់​ខ្លះ ដោយ​លក់​បាន​ក្នុង ១ គីឡូក្រាម​បាន​ចន្លោះ​ពី ១៥ ០០០ រៀល ទៅ ២០ ០០០ ម៉ឺន​រៀល។ ពួក​គាត់​រីករាយ​ក្នុង​ការ​ប្រមូល​ផល​ផ្សិត ហើយ​ការ​ដើរ​ប្រមូល​ផ្សិត​នេះ ពុំ​មែន​ដោយសារ​តែ​ភាព​ក្រីក្រ​បង្ខំ​ឱ្យ​ពួក​គាត់​មក​បេះ​ផ្សិត​នោះ​ទេ តែ​ជា​ប្រពៃណី​ប្រចាំ​រដូវ ដែល​ពួក​គាត់​ត្រូវ​ចូល​មក​ប្រមូល​ផល​នៅ​ក្នុង​ព្រៃ​នេះ។

លើ​ទំព័រ​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន​សរសេរ​ថា៖ «យ៉ាង​ណា​ក៏​ដោយ អនុផល​ព្រៃឈើ​បាន​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​ពួក​គាត់ ហើយ​ពួក​គាត់​ក៏​ទទួល​ស្គាល់​ដែរ​ថា ការ​ចូលរួម​ថែរក្សា ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ពិសេស​ព្រៃឈើ បាន​ល្អ​ទើប​ពួក​គាត់​ទទួល​ផល​ដូច​សព្វ​ថ្ងៃ​នេះ។ មាន​តែ​ការ​ចូលរួម​ទាំង​អស់​គ្នា​ទេ ទើប​ធនធាន​ធម្មជាតិ​របស់​យើង​នៅ​គង់វង្ស និង​ផ្ដល់​ផល​ឱ្យ​យើង​បាន​រហូត»។

លោក ភួង លីណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​ឧត្ដរមានជ័យ​បាន​ឱ្យ​ដឹង​ថា ដោយសារ​តែ​តំបន់​នេះ​ជា​តំបន់​ដែល​ត្រូវ​បាន​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូល​មក​ប្រមូល​ផល​ផ្សិត​ទាំង​នេះ គឺ​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ត្រឹមត្រូវ និង​ត្រូវទ​ទួល​បាន​នូវ​ការ​ការពារ​សុវត្ថិភាព​ពី​ក្រុម​ឆ្មាំ​ការពារ​ព្រៃ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «កិច្ច​ការពារ​អភិរក្ស និង​ថែរក្សា​ធនធាន​ធម្មជាតិ វា​ច្បាស់​ណាស់ អនុផល​ព្រៃឈើ​ដ៏​សម្បូណ៌​បែប វា​នឹង​ប្រាកដ​កើត​ឡើង។ ដោយ​កាល​ពី​ឆ្នាំ​មុន ប្រជាពលរដ្ឋ​ទទួល​បាន​ផល​ផ្សិតប៉ក់ ដែល​លក់​បាន​តម្លៃ​ថ្លៃ ចំណែក​ផ្សិត​ក្ងោក ផ្សិត​ទន្សោង ផ្សិត​ធ្យូង និង​ផ្សិត​ផ្សេងៗ​ទៀត ប្រជាពលរដ្ឋ​ជុំវិញ​តំប​ន់នោះ ក្រៅ​ពី​ទុក​សម្រាប់​ធ្វើម្ហូ​ប ពួក​គាត់​អាច​ទុក​សម្រា​ប់​លក់​ឱ្យ​ឈ្មួញ​ដែល​មក​ប្រមូ​លទិញ ដល់​ភូមិ​របស់​ពួក​គាត់​ផង​ដែរ»៕

វីដេអូ៖