ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់រដ្ឋាភិបាលក្នុងតំបន់យកចិត្តទុកដាក់ជាអាទិភាព ចំពោះការវិនិយោគលើការគាំពារ និងអភិវឌ្ឍន៍កុមារតូច ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) ។
លោក ហង់ជួន ណារ៉ុន បានអំពាវនាវបែបនេះ ពេលថ្លែងសុន្ទរកថា បើកសន្និសីទអន្តរជាតិ លើកទី៧ស្តីពីការប្រយុទ្ធប្រឆាំងភាពក្រីក្រ និងការអភិវឌ្ឍកុមារក្រោមប្រធានបទ «ការវិនិយោគចំពោះកុមារ ដើម្បីវិបុលភាពប្រកបដោយចីរភាព» (Investing in Children for Sustainable Prosperity) តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២៤ ខែកក្កដា។ សន្និសីទនេះត្រូវបានរៀបចំឡើង នៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។
លោករដ្ឋមន្រ្ដីថ្លែងថា ការវិនិយោគលើការអភិវឌ្ឍកុមារ គឺជារឿងមានប្រសិទ្ធភាព ដែលប្រទេសមួយអាចធ្វើបានដើម្បីលុបបំបាត់ភាពក្រីក្រ ជំរុញវិបុលភាពរួមគ្នា និងបង្កើតធនធានមនុស្សដែលត្រូវការសម្រាប់សេដ្ឋកិច្ច ដើម្បីធ្វើពិពិធកម្មនិងភាពរីកចម្រើន។
លោកបន្តថា ប្រទេសកម្ពុជា អត្រាមរណភាពរបស់ទារកបានធ្លាក់ចុះចំនួន ៥០ ភាគរយ នៅចន្លោះពីឆ្នាំ ២០១០ និង ២០១៤ ដោយសារការថែទាំ និងការអភិវឌ្ឍសេដ្ឋកិច្ចជាពិសេសការវិនិយោគលើការអប់រំកុមារតូច Early Childhood Education (ECE) និងការអប់រំមាតាបិតា។
លោករដ្ឋមន្រ្ដីថ្លែងថា៖«យើងក៏បានបង្កើតគោលនយោបាយ និងក្របខ័ណ្ឌច្បាប់ នៃការអប់រំកុមារតូច និងបានអនុម័តវិធីសាស្រ្តរួម និងការរួមបញ្ជូលគ្នាសម្រាប់ការអប់រំកុមារតូចនេះ»។
បើតាមលោករដ្ឋមន្រ្ដី ការរាតត្បាតជំងឺកូវីដ១៩ មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើកុមារតូចៗ។
អង្គការយូណេស្កូបានប៉ាន់ប្រមាណថា អ្នកសិក្សាប្រហែលជា ១,៥ ពាន់លាននាក់ ត្រូវបានរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩។
ផលប៉ះពាល់គួរឱ្យកត់សំគាល់នៃកូវីដ១៩ បានគំរាមកំហែងដល់វឌ្ឍនភាព នៃដំណើការអប់រំកុមារនៃគោលដៅ (SDGs) ក្នុងតំបន់។
លោកបានថ្លែងថា៖«តាមហេតុផលនេះ យើងត្រូវធ្វើការរួមគ្នា ចែករំលែកបទពិសោធ ដើម្បីបន្តការអប់រំសម្រាប់កុមាររបស់ពួកយើង»។
លោករដ្ឋមន្រ្ដី បានអំពាវនាវដល់រដ្ឋាភិបាលប្រទេសក្នុងតំបន់ យកចិត្តទុកដាក់ជាអាទិភាពចំពោះការផ្តល់ការអប់រំកុមារតូច ប្រកបដោយបរិយាបន្ន ដោយអនុម័តតាមក្របខ័ណ្ឌថែទាំ សម្រាប់ការអប់រំកុមារតូច (ECD) ក្នុងការគាំទ្រដល់ការសម្រេចបាន ការអប់រំកុមារ ស្របតាមគោលដៅគោលដៅ SDGs។
លោកបានអំពានាវឱ្យផ្តោតលើសហគមន៍ ដែលកុមារងាយប្រឈមនឹងការបោះបង់ចោលការសិក្សា និងយកចិត្តទុកដាក់ជាពិសេសទៅលើក្រុមគ្រួសារ និងកុមារដែលប្រឈមនឹងឧបសគ្គខ្លាំង ចំពោះការទទួលបានគុណភាពនៃការអប់រំកុមារ។
ដាក់ចេញនូវគោលនយោបាយ និងសកម្មភាព ដើម្បីដោះស្រាយវិសមភាព ចំពោះការរីករាលដាល ជំងឺកូវីដ១៩ និងផ្តល់ជំនួយបន្ថែមដល់កុមារពិការភាព ក្នុងការធានាថា កុមារដែលស្ថិតនៅតំបន់ជនបទ ដែលមិនអាចសិក្សាតាមអនឡាញបាន និងមិនមានផលប៉ះពាល់ ចំពោះការសិក្សារបស់ពួកគេ។
លោករដ្ឋមន្រ្ដីថ្លែងថា៖«យើងត្រូវធ្វើឱ្យមានតុល្យភាព រវាងការការពារនិងការអប់រំ ការសិក្សានឹងនៅតែអាចបន្តបាន ហើយភាពឆ្នៃប្រឌិតទៅនឹងការអប់រំកុមារតូច ក៏ជាតម្រូវការចាំបាច់»។
អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ បានលើកឡើងថា ការអប់រំមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍផ្ទាល់ខ្លួន និងសក្តានុពលពេញមួយជីវិតរបស់កុមារ។
ការអប់រំគឺជាគន្លឹះ ដើម្បីគេចចេញពីភាពក្រីក្រ កាត់បន្ថយវិសមភាព និងជំរុញការអភិវឌ្ឍដោយចីរភាព។
អង្គការសហប្រជាជាតិបញ្ជាក់ថា ការរាតត្បាតជាសកល នៃជំងឺកូវីដ១៩ បានបង្កការរំខានដល់ការអប់រំ និងការចូលរៀននៅទូទាំងសកលលោក។ នៅកម្ពុជា សាលារៀនបានបិទទ្វារជាង ២០០ ថ្ងៃមកហើយ គិតចាប់តាំងពីខែមីនា ឆ្នាំ ២០២០ មក ដែលបង្កការរំខានដល់ការរៀនសូត្ររបស់សិស្សប្រមាណ ៣,២ លាននាក់៕