ភ្នំពេញៈ តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានគម្រោងអនុវត្តចំនួន ៥៥គម្រោង ដែលមានថវិកាសរុប ២១លានដុល្លារអាមេរិក ដែលក្នុងនោះក្រសួងកសិកម្ម បានទទួលអនុវត្តគម្រោងចំនួន៦។ នេះបើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម លោកវេង សាខុន។
លោករដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៣ កក្កដា ថា គម្រោងទាំង៦ ដែលក្រសួងកសិកម្មទទួលបាន គឺមានថវិកាសរុបជាង២លាន ៦សែនដុល្លារអាមេរិក ហើយគម្រោងទាំងនោះ បានផ្តោតទៅលើការដោះស្រាយបញ្ហាពីការអន់ថយគុណភាពដី និងការលើកកម្ពស់ជីវភាពរស់នៅតាមមូលដ្ឋាន។
លោកបន្តថា គម្រោងនោះ ក៏មានគម្រោងស្តារព្រៃឈើ និងការលើកកម្ពស់ការប្រើប្រាស់ព្រៃឈើដោយចីរភាពនៅអាស៊ីអាគ្នេយ៍ គម្រោងលើកកម្ពស់ប្រសិទ្ធភាពយុទ្ធសាស្រ្តតំបន់សម្រាប់ការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់តាមទន្លេមេគង្គ និងគម្រោងអភិវឌ្ឍសមត្ថភាព ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពក្នុងតំបន់មេគង្គ-ឡានឆាងជាដើម។
លោកវេង សាខុន អះអាងថា៖«សកម្មភាពចម្បងរបស់គម្រោងទាំងនេះ គឺការរៀបចំកិច្ចប្រជុំថ្នាក់តំបន់ ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សា រវាងប្រទេសជាសមាជិក។ ប៉ុន្តែដោយសារជួបបញ្ហាជំងឺកូវីដ១៩ ដែលជាបញ្ហាសកល ធ្វើឱ្យគម្រោងមួយចំនួន មិនអាចដំណើរការអនុវត្តសកម្មភាពទៅបាន»។
ចំណែកគម្រោង ដែលគ្រោងអនុវត្តក្នុងឆ្នាំ២០២១នេះ លោកថា មានមូលនិធិពិសេសឆ្នាំ២០២០ ចំនួន ១គម្រោង ស្តីពីការកសាងសមត្ថភាពរបស់សមាជិកនៃប្រទេសតាមដងទន្លេមេគង្គ ដើម្បីការពារសត្វផ្សោតទឹកសាប និងជីវចម្រុះ ដែលមានថវិកាអនុវត្តជាង៤សែនដុល្លារអាមេរិក រយៈពេលអនុវត្ត២ឆ្នាំ(២០២១-២០២២) ក៏កំពុងគ្រោងអនុវត្តបន្តផងដែរ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖«គម្រោងនេះ មានគោលបំណង និងលទ្ធផលរំពឹងទុកថា ក្នុងចំណោមប្រទេសសមាជិក អាចធ្វើការគ្រប់គ្រង និងអភិរក្សផ្សោតទឹកសាប និងជីវចម្រុះនៅក្នុងបរិស្ថានទឹកសាប ដោយការកសាងសមត្ថភាពមន្រ្តី និងអនុរក្ស និងពង្រឹងកិច្ចសហប្រតិបត្តិការ លើការចែករំលែកចំណេះដឹង បទពិសោធ និងព័ត៌មាន លើការអនុវត្តសកម្មភាពអភិរក្ស»។
លោកព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៥ កក្កដា ស្រដៀងនឹងរដ្ឋមន្ត្រីកសិកម្មដែរថា ក្នុងអំឡុងពេលផ្ទុះកូវីដ១៩ គម្រោងមួយចំនួន ត្រូវបានខកខានអនុវត្ត។ ទោះយ៉ាងណា ក្នុងពេលនេះ លោកឱ្យដឹងថាក្រសួង ក៏គ្រោងអនុវត្តនូវគម្រោងមួយចំនួនឡើងវិញ ដោយរង់ចាំការទម្លាក់ថវិកាសម្រាប់បន្តជំហានបន្ទាប់ពីភាគីចិន តាមរយៈក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
លោកថ្លែងថា៖«គម្រោងនេះ តាមរយៈក្រសួងកាបរទេស គាត់មិនទាន់ទម្លាក់លុយមកឱ្យខាងយើង ដោយគិតថា ដោយសារតែបញ្ហាកូវីដ១៩ យើងមិនទាន់អាចធ្វើសកម្មភាពអ្វីបាន។ ប៉ុន្តែខាងយើង រង់ចាំថវិកា ដើម្បីអនុវត្ត ព្រោះគម្រោងខ្លះ គឺក្រុមការងារ អាចបន្តសកម្មភាពបាន ដូចជាក្នុងគម្រោងចុះអភិរក្សសត្វផ្សោតទឹកសាបជាដើម»។
បើតាមលោកព្រំ សុមានី តាមរយៈកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមេគង្គ-ឡានឆាង គឺបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាសមាជិក ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងប្រទេសវៀតណាម ជាដើម ក្នុងនោះ ក៏បានគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនផងដែរ៕