ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគោលដៅចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ ១៩ ឱ្យបានជាង ៨០ ភាគរយនៃពលរដ្ឋសរុបទូទាំងប្រទេស រួមទាំងមនុស្សចាស់ យុវវ័យ និងកុមារ ប្រមាណជា ១៣ លាននាក់ ខណៈយុទ្ធនាការនៃការចាក់វ៉ា់ក់សាំងដល់មនុស្សមានអាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា ខាងមុខនេះ ដែលចៅលោកនាយករដ្ឋមន្ត្រីនឹងចាក់មុនគេ ដោយចាប់ផ្តើមយុទ្ធនាការនេះចេញពីរាជធានីភ្នំពេញមុនគេផងដែរ។
ថ្លែងនៅក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងក្នុងជំហានដំបូងចំនួន ៣៣២ ០០០ ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុននាយប់ថ្ងៃទី ២៣ ខែកក្កដា លោក ហ៊ុន សែន បានលើកឡើងថា មកទល់ពេលនេះ (យប់ ២៣ ខែកក្កដា) ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងបានចាក់វ៉ាក់សាំងបានជាង ៦៥ ភាគរយហើយនៃចំនួនប្រជាជនដែលត្រូវចាក់ ១០ លាននាក់។
លោកបានមានប្រសាសន៍ថា៖ «គោលដៅរបស់ខ្ញុំគឺចង់ចាក់ឱ្យបានដល់ជាង ៨០ ភាគរយ។ អ៊ីចឹង!យើងគិតនៅក្នុងចំនួននេះ បើចាក់ ១២ លាននាក់ យើងមាន ៧៥ ភាគរយ បើចាក់ ១៣ លាននាក់យើងនឹងបានទៅដល់ជាង ៨១ ភាគរយនៃប្រជាពលរដ្ឋកម្ពុជា ១៦ លាននាក់។
ដូចនេះ ពេលនោះយើងនឹងមានភាពស៊ាំនៅក្នុងសហគមន៍»។
លោកនាយករដ្ឋមន្ត្រីបានពន្យល់ថា គោលដៅចាក់វ៉ាក់សាំងនេះ គឺមនុស្សដែលមានអាយុ ១៨ ឆ្នាំឡើង ដែលអាចចាក់វ៉ាក់សាំងបានមានចំនួន ១០ លាននាក់ មនុស្សចាប់ពីអាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ មានចំនួនប្រមាណ ២ លាននាក់ និងមនុស្សក្រោមអាយុ ១២ ឆ្នាំ ដែលមានប្រមាណជា ១ លាននាក់។ ដូចនេះគិតត្រឹមតែចំនួន ១៣ លាននាក់ នោះកម្ពុជានឹងចាក់បានសរុប ៨២,២៥ ភាគរយនៃប្រជាជនសរុប។
នៅថ្ងៃទី ១ ខែសីហា ខាងមុខនេះ លោក ហ៊ុន សែន នឹងបើកសម្ពោធនូវយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់មនុស្សអាយុ ១២ ដល់ ១៧ ឆ្នាំនៅមន្ទីរពេទ្យកាល់ម៉ែត ហើយនៅថ្ងៃនោះ លោកនឹងនាំចៅៗរបស់លោកដែលគ្រប់អាយុទៅចាក់វ៉ាក់សាំងបង្ការនេះ ហើយនឹងធ្វើសន្និសីទកាសែតនៅទីនោះផងដែរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវទៅដល់មាតាបិតាយកកូនទៅចាក់វ៉ាក់សាំង ដើម្បីការពារជំងឺរាតត្បាតនេះ។ ខ្ញុំសង្ឃឹមថា វ៉ាក់សាំងដែលនៅសេសសល់នឹងដឹកជូនមកដល់កម្ពុជាដែលយើងអាចប្រើប្រាស់ក្នុងយុទ្ធនាការដែលខ្ញុំសង្ឃឹមថា យើងអាចបញ្ចប់យ៉ាងយូរនៅក្នុងខែតុលាដើម្បីបញ្ចប់មនុស្ស ១០ លាននាក់ ហើយទៅជាមួយគ្នាយើងអាចនឹងបន្ថែម ២ លាននាក់ ឬច្រើនជាង ២ លាននាក់សម្រាប់កុមារ និងយុវវ័យនៅក្នុងប្រទេសរបស់យើង»។
លោកបានបន្តថា យោងតាមស្ថិតិអ្នកដែលរស់នៅទីក្រុងភ្នំពេញ កុមារ និងយុវវ័យមានតែចំនួនជាង ១៩ ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែដោយទាំងអ្នកដែលមកធ្វើការនៅទីក្រុងភ្នំពេញដែលមានកូនក៏ត្រូវតែចាក់ឱ្យពួកគេដែរ ដែលមានស្ថិតិរហូតដល់ ២៨ ម៉ឺននាក់។
«ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែសម្រេចឱ្យបាននូវការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជាដែលមានអាយុត្រូវចាក់ហើយពេទ្យអនុញ្ញាតឱ្យចាក់។ ពិភពលោកក៏ដូចជាកម្ពុជានៅតែសង្ឃឹមលើករណីវ៉ាក់សាំងនេះប៉ុណ្ណោះ ហើយយើងក៏បានមើលឃើញនូវសញ្ញានៃការថមថយចុះ ពិសេសនៅក្នុងតំបន់រោងចក្រនៅក្នុងរាជធានី-ភ្នំពេញមានការថមថយចុះនៃការឆ្លង ហើយបើមានការឆ្លងក៏មានស្ថានភាពមិនរុញទៅរកជំងឺធ្ងន់ធ្ងរ ឬការស្លាប់នោះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហ៊ុន សែន។
ជាមួយគ្នានោះដែរ លោក ហ៊ុន សែន ក៏បានលើកឡើងដែរថា ករណីចាក់វ៉ាក់សាំង ២ ដូសហើយ នៅតែមានឆ្លង និងស្លាប់ មិនមែនមានតែនៅកម្ពុជានោះទេ សូម្បីតែនៅសហរដ្ឋអាមេរិកនៅប្រទេសអង់គ្លេស និងនៅអឺរ៉ុប ក៏នៅតែមានករណីដូចគ្នាផងដែរ ទោះបីជាគេអួតថា មានវ៉ាក់សាំងខ្លាំងៗក៏ដោយ។
លោកថ្លែងថា៖ «ដូចនេះទោះបីជាទទួលបានវ៉ាក់សាំងហើយក្តី មិនទាន់ទទួលវ៉ាក់សាំងក្តី ការការពារតាមវិធានការ៣កុំ និង៣ការពារនៅតែត្រូវបន្តដែលនេះជាវិធីដ៏ល្អបំផុតសម្រាប់យើង។
សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង បន្ទាប់ពីឪពុកម្តាយបានចាក់គ្មានបញ្ហានឹងនាំកូនដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅចាក់វ៉ាក់សាំងដែរ»។
គិតត្រឹមយប់ថ្ងៃទី ២៤ ខែកក្កដា មនុស្សជាង ៦,៦ លាននាក់ ឬស្មើនឹងជាង ៦៦ ភាគរយ ធៀបនឹង ១០ លាននាក់នៅទូទាំងប្រទេសបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានឱ្យដឹងថា ក្នុងរយៈពេល ៤ ថ្ងៃទៀតមនុស្សទី ៧ លានអាចនឹងរកឃើញ។
លោកស្រីបានសរសេរលើបណ្តាញ Twitter លោកស្រីពីយប់ថ្ងៃទី ២៤ ខែកក្កដាថា៖ «យើងអាចរកឃើញអ្នកចាក់វ៉ាក់សាំងទី ៧ លានហើយ។ តើនរណាជាអ្នកឈ្នះរង្វាន់លុយ ១០ លានរៀលពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន? ជាមួយនឹងវឌ្ឍនភាពល្អនេះយើងនឹងបន្តកាត់បន្ថយនូវការចម្លងមេរោគនេះ ហើយប្រជាពលរដ្ឋគ្រប់គ្នាត្រូវតែអនុវត្ត វិធានការ ៣ការពារ និង៣កុំឱ្យបានត្រឹមត្រូវ»។
ដោយឡែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រូវតែបន្តបង្កើន និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តវិធានការសុខាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនយើងនៅគ្រប់ទិសដៅ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានសម្រេចបង្កើតអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ចំណុះឱ្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ ផងដែរ ដោយអនុគណៈកម្មការនេះមានភារកិច្ចដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់ដើម្បីការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩៕
វីដេអូ៖