ភ្នំពេញៈ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​ទឹកទន្លេ​មេគង្គ ដែល​អាច​នឹង​ហក់​ឡើង​ក្នុង​រយៈពេល​ពី​ ៣ ​ទៅ​ ៤ ​ថ្ងៃ​ខាងមុខ​ ដោយសារ តែ​ឥទ្ធិពល​ព្យុះ ដែល​នឹង​បណ្តាល ឱ្យ​ជន់លិច​តំបន់​ទំនាប​អម​មាត់​ទន្លេមេគង្គ​លើ នៅ​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ម្សិលមិញ​បាន​ឱ្យដឹងថា ការហក់​ឡើង​នូវ​ទឹកទន្លេ​មេគង្គ គឺ​បណ្តាល​មកពី​ឥទ្ធិពល​ព្យុះ​ទី​ ៧ ដែលមាន​ឈ្មោះថា សេម ប៉ាកា​ (CEM-PAKA) ដែល​អាច​ធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បង្គួរ​ទៅ​ច្រើន បណ្តាល​ឱ្យ​ជនលិច​តំបន់​ទំនាប​អប​មាត់ទន្លេ​មេគង្គ​ប៉ែក​ខាងលើ​។

យ៉ាងណាក្តី​ក្រសួង​បញ្ជាក់ថា ការហក់​ឡើង​នេះ មិនទាន់​ដល់​កម្រិត​កម្ពស់​ដែល​ត្រូវ​ឱ្យមាន​ការប្រុងប្រយ័ត្ន​នៅឡើយ​នោះទេ​។

ក្នុង​សេចក្តី​ប្រកាស​ក្រសួង​ធនធានទឹក​សរសេរថា​៖ «​ក្នុង​រយ:ពេល​កន្លងមក​ព្យុះ​ទី​ ៧ ឈ្មោះ សេម ប៉ាកា (CEMP-AKA) និង​បណ្តា​ឥទ្ធិពល​នៃ​ព្យុះ​ផ្សេងៗ​ទៀត​ និង​ប្រព័ន្ធ​នានា ដែល​មាន​ឥទ្ធិពល​មកលើ​អាង​ទន្លេមេគង្គ បាន​ធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ក្នុង​អាង​ទន្លេមេគង្គ​ភាគ​ខាងលើ​មាន​ប្រទេស ចិន ថៃ និង​ប្រទេស​ឡាវ ព្រមទាំង​នៅ​តំបន់​ខ្ពង់រាប ភាគ​ឦសាន​ប្រទេស​កម្ពុជា​»​។

ស្ថានភាព​បែបនេះ​បាន​ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង ហើយ​នឹង​បន្ត​ឡើង​នៅក្នុង​រយៈពេល​ពី ៣ ​ទៅ​ ៤ ​ថ្ងៃ​ខាងមុខ​ទៀត ដែល​អាច​បណ្តាល​ឱ្យ​ជន់​លិច​តំបន់​ទំនាប​អប​មាត់ទន្លេ​មេគង្គ​លើ នៅក្នុង​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​។

សេចក្តី​ប្រកាស​របស់​ក្រសួង​ធនធានទឹក​បញ្ជាក់ថា​៖ «​សូមឱ្យ​សាធារណជន អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អប​សងខាង​ទន្លេមេគង្គ និង​តំបន់​ទំនាប​នានា ជ្រាប​ជា​ព័ត៌មាន និង​រួសរាន់​ប្រមូល​កសិផល ឱ្យបាន​ទាន់​ពេលវេលា និង​បង្កើន​ការយកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមាន​ជាយថាហេតុ​»​។

ទិដ្ឋភាព​ទឹកទន្លេ​មេគង្គ នៅ​ទន្លេ​ ៤ ​មុខ មុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ២៦ ខែកក្កដា ឆ្នាំ​ ២០២១​។ហេង ជីវ័ន

លោក អ៊ុក ធាវី ប្រធាន​មន្ទីរ​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង ថ្លែង​ពី​ម្សិលមិញ​ថា រដ្ឋបាលខេត្ត​នឹង​ចេញ​សេចក្តី​ជូនដំណឹង​ប្រាប់​ពលរដ្ឋ​ដែល​នៅតាម​ដង​ទន្លេ​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​ត្រៀមខ្លួន​ទុកជាមុន​។

ជាមួយ​គ្នា​នោះ​និង​ប្រាប់​ដល់​អាជ្ញាធរ​ឱ្យ​ចុះទៅ​ផ្សព្វផ្សាយ​បន្ថែម​ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​ពលរដ្ឋ​កុំឱ្យ​មាន​ការធ្វេសប្រហែស ព្រោះ​នេះ​ជា​រដូវភ្លៀង​ទឹក​អាច​ឡើង​គ្រប់​ពេលវេលា ជាពិសេស​នៅពេល​មាន​ចំហាយ​ព្យុះ​បោកបក់​មកពី​ក្រៅ​។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា ការប្រកាស​ប្រាប់​នោះ​ទៀតសោធ មិនមែន​តែ​ទន្លេមេគង្គ​ទេ ជារួម​គឺ​ដង​ទន្លេ​ទាំង​ ៤ ដែលមាន​ទន្លេមេគង្គ ទន្លេសេកុង សេសាន និង​ស្រែពក​។

លោក​ថ្លែងថា​៖ «​ជាទូទៅ​ទឹក​នៅ​ខាង​ខេត្ត​ស្ទឹងត្រែង គឺជា​រៀងរាល់ឆ្នាំ​ភាគច្រើន​អាច​នឹង​ឡើង​នៅ​ដើមខែ​សីហា ឬ​ចុងខែ​សីហា អាហ្នឹង​ករណី​ធម្មតា ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​ខ្យល់ព្យុះ មកពី​ខាងក្រៅ​ធ្វើឱ្យ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​ដែល​បាន​បណ្តាលឱ្យ​ទឹកទន្លេ​មេគង្គ​កើនឡើង​បន្តិច ប៉ុន្តែ​មិនជា​ខ្លាំង​ទេ​»​។

លោកស្រី ណៃ ធីតា ប្រធាន​មន្ទីរ​ព័ត៌មាន និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្តក្រចេះ​ក៏បាន​ថ្លែង​ពី​ម្សិលមិញ​ដែរ​ថា សម្រាប់​ខេត្តក្រចេះ​មាន​ការជូនដំណឹង​ជាប្រចាំ​ទៅ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន ដោយសារ​តែ​ខែ​នេះ​ជា​រដូវវស្សា​។

លោកស្រី​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​នៅតាម​ទន្លេ​គាត់​មាន​លក្ខណៈ​ត្រៀម​បង្ការ​រួច​ជាស្រេច ហើយ​មកដល់​ថ្ងៃនេះ​ទឹកទន្លេ​មេគង្គ គឺ​អត់​ទាន់​មាន​ឡើងដល់​កម្រិត​ត្រូវ​ប្រកាស​អាសន្ន​អី​ទេ មានន័យ​ថា ទឹក​នៅ​ឆ្ងាយ​ណាស់​ពី​កម្រិត​ប្រកាសអាសន្ន​» ។

ចំណែក​លោក​ ឃន ប្រុស នាយក​រដ្ឋបាល​ខេត្តកំពង់ចាម​ថ្លែង​ពី​ម្សិលមិញ​ថា ខេត្ត​កំពង់ចាម​អត់​ទាន់​មាន​អ្វី​ត្រូវ​ប្រកាសអាសន្ន​នោះទេ ដោយសារ​តែ​ទឹកទន្លេ​មេគង្គ គឺ​នៅ​បាតទន្លេ​នៅឡើយ​។

លោក​បាន​បញ្ជាក់ថា បើ​ទឹក​មាន​ឡើង ក៏​មិនមែន​ជា​ទឹកជំនន់​ធ្ងន់ធ្ងរ​អ្វី​នោះដែរ គ្រាន់តែ​ជា​ជំនន់​ទន្លេមេគង្គ​ដែល​តែងតែ​ឡើង​ហើយ​ក៏​ស្រក​ទៅវិញ​តាម​ធម្មតា​។

លោក​បាន​បញ្ជាក់ថា​៖ «​មិនមែន​ជា​គ្រោះទឹកជំនន់​ទេ នេះ​គេ​ហៅថា ជំនន់​ទន្លេមេគង្គ អ៊ីចឹង​ពេល​ដល់​រដូវ​វា គឺ​វា​ឡើង ហើយ​នៅពេល​ផុត​រដូវ​គឺ​វា​ស្រក​ទៅវិញ​បាត់អស់ វា​មាន​រដូវ​វា​ឡើង រដូវ​វា​ស្រក អ៊ីចឹង​រដូវ​ឡើង​យូរ​បំផុត​មាន​រយៈពេល​ ១ ​ខែ​គឺ​ផុត​ហើយ​។ ទឹកទន្លេ​មេគង្គ​ចាប់​ផ្តើមឡើង​ពី​ខែ​ហ្នឹង​ទៅ ឥឡូវ​ហ្នឹង​វា​ឡើង​ ១ ​តឹក​ ២ ​តឹក​ហ្នឹង​»៕

វីដេអូ៖