សៀមរាបៈ មន្ទីរបរិស្ថានខេត្តសៀមរាប បង្កើតកន្លែងទារកដ្ឋានសម្រាប់មន្ត្រីរាជការជាស្ត្រី ដើម្បីបានមើលថែ និងបំបៅដោះកូនក្នុងពេលមកបំពេញការងារ ខណៈនៅតាមបណ្តាស្ថាប័នចម្រុះដទៃទៀតរបស់ក្រសួងបរិស្ថាន ក៏មានគោលការណ៍បង្កើតរៀបចំឱ្យមានកន្លែងបែបនេះ ដើម្បីលើកកម្ពស់ដល់ស្ត្រីនៅកន្លែងធ្វើការ។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ទារកដ្ឋាននេះត្រូវបានរៀបចំបង្កើតឡើងមួយរយៈមកហើយ ដើម្បីផ្តល់ឱ្យមន្ត្រីរាជការជាស្ត្រី អាចមានពេលវេលាដ៏កក់ក្តៅក្នុងការបំពេញការងារ និងបានមើលថែកូនៗរបស់ពួកគាត់។
លោកប្រាប់ថា នៅទូទាំងខេត្តសៀមរាប មន្ត្រីរាជការជាស្ត្រី ចំណុះឱ្យមន្ទីរបរិស្ថានខេត្ត មានជិត ២០ នាក់។ ដូច្នេះការបង្កើតទារកដ្ឋាននេះ គឺជាតម្រូវការចាំបាច់មួយសម្រាប់មន្ទីរផងដែរ ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពម្តាយ ទារក។
លោកបញ្ជាក់ថា៖ «ទារកដ្ឋាននេះជាការរួមចំណែកមួយសម្រាប់លើកកម្ពស់សុខភាពមាតា និងទារករបស់ពួកគាត់ និងមួយទៀតឱ្យពួកគាត់ ដែលជាមន្ត្រីរាជការស្ត្រីមានឱកាសអាចធ្វើការនៅក្នុងមន្ទីរផ្ទាល់ផងដែរ។ នៅពេលគាត់ត្រូវមកធ្វើការ ជាជាងគាត់ទុកកូនគាត់ចោល ឬគ្មានអ្នកណាមើលនៅផ្ទះ ព្រោះម្តាយចាស់ជរា ហើយគាត់យកកូនមកទីនេះ គឺបានប្រាស្រ័យទាក់ទងរវាងមន្ត្រី និងមន្ត្រីផង»។
បើតាមលោក ស៊ុន គង់ ទារកដ្ឋាននេះ គឺមានបន្ទប់ ១ ក្នុងមន្ទីរតែម្តង ដោយមានសម្ភារក្មេងៗ និងមានការលម្អបន្ទប់នេះ សម្រាប់ក្មេងៗជាពិសេសផងដែរ។ ក្នុងពេលខាងមុខនេះ លោក ស៊ុន គង់ សម្តែងនូវក្តីរំពឹងថា មន្ទីរក៏អាចមានលទ្ធភាពផ្តល់ជូននូវថ្លៃអាហារ និងផ្តល់ជូនស្ត្រីមើលថែក្មេង សម្រាប់មើលថែកូនៗរបស់មន្ត្រីរាជការស្ត្រីផងដែរ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា នៅក្រសួងបរិស្ថាន និងនៅតាមមន្ទីរបរិស្ថាននានា ត្រូវរៀបចំកន្លែងនេះនៅតាមស្ថាប័នរបស់ខ្លួនរៀងៗខ្លួនទៅតាមលទ្ធភាព និងកាលៈទេសៈ ដើម្បីស្របនឹងច្បាប់ការងារដោយរាល់កន្លែងការងារត្រូវមានទារកដ្ឋាន។
លោកថា៖ «នេះគឺជាការយកចិត្តទុកដាក់ទៅលើស្ត្រី ព្រោះមន្ត្រីរាជការដែលបំពេញការងារនៅតាមក្រសួង មន្ទីរ គឺពួកគាត់មិនមែនត្រឹមតែមន្ត្រីរាជការទេ គាត់ក៏ជាម្តាយ និងឪពុករបស់កូនៗគាត់ដែរ។ អ៊ីចឹងការយកចិត្តទុកដាក់ គឺជាផ្នែកមួយនៃការគិតគូរដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ»។
ក្រសួងកិច្ចការនារីពីម្សិលមិញបានកោតសរសើរចំពោះក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ និងរៀបចំឱ្យមានកន្លែងមើលក្មេងសម្រាប់មន្ត្រី ដែលមានកូនតូច នៅកន្លែងធ្វើការនៃមន្ទីរបរិស្ថានខេត្តសៀមរាប។
ក្រសួងកិច្ចការនារីបានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ស្នាមញញឹមរបស់មន្ត្រីរាជការ និងសមាជិកគ្រួសាររបស់ខ្លួន ពិតជាមានន័យណាស់ នៅពេលដែលទទួលការគិតគូរ និងគាំទ្រពីកន្លែងការងារ និងថ្នាក់ដឹកនាំរបស់ខ្លួន»៕
វីដេអូ៖