កំពង់ស្ពឺៈ ដីព្រៃសហគមន៍ទ័ពមាន ក្នុងឃុំទ័ពមាន ស្រុកថ្ពងបានទទួលរងការកាប់ទន្ទ្រានវាតយកកាន់កាប់អស់ប្រមាណ ៣៥ ហិកតា។ ប្រធានសហគមន៍នេះកំពុងមានការព្រួយបារម្ភ និងគ្រោងដាក់ពាក្យស្នើសុំឱ្យមន្ត្រីជំនាញជួយអន្តរាគមន៍ ការពារកុំឱ្យមានការកាប់រានយកដីព្រៃសហគមន៍កាន់កាប់បន្ថែមទៀត។
លោក ផូ ផាន ប្រធានសហគមន៍ទ័ពមានថ្លែងពីម្សិលមិញថា ដីព្រៃសហគមន៍ទ័ពមានត្រូវបានរងការទន្ទ្រានពីសំណាក់ជនមិនស្គាល់មុខ ដោយបានលួចចូលកាប់រានទន្ទ្រានព័ទ្ធរបងវាតយកដី និងដាំដំណាំ។
យ៉ាងណាក្តីលោកមិនបានបញ្ជាក់ច្បាស់ថា ដីដែលមានការកាប់ទន្ទ្រាននោះ មានចំនួនប៉ុន្មានហិកតាឱ្យប្រាកដនោះទេ ដោយលោកគ្រាន់តែប៉ាន់ស្មានថា អាចមានសរុបប្រមាណជាង ៣០ ហិកតា។
លោកថ្លែងថា៖ «ដីហ្នឹងនិយាយទៅ ទាំងការរានថ្មីចុងក្រោយហ្នឹង និងការរានពីមុនៗសរុបប្រមាណជាង ៣០ ហិកតា។ ខ្ញុំស្មានមើលទេ ព្រោះអត់មានប្រដាប់វាស់វែងច្បាស់លាស់» ។ បើតាមលោក ផូ ផាន កន្លងមកមានការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន និងបានដាក់ពាក្យបណ្តឹងទៅកាន់ខាងតុលាការដែរ ប៉ុន្តែមិនឃើញមានដំណោះស្រាយអ្វីទេ។
លោក លីវ សារុំ បណ្តាញសហគមន៍កសាងសន្តិភាព ដែលបានចូលរួមចុះទៅល្បាតក្នុងសហគមន៍ទ័ពមានបានឱ្យដឹងថា ប្រជាពលរដ្ឋដែលលួចចូលទៅកាប់ទន្ទ្រានយកដីសហគមន៍ទ័ពមាន អាចមានអ្នកនៅពីក្រោយខ្នង ប៉ុន្តែលោកនៅមិនទាន់ដឹងច្បាស់ថា ជាអ្នកណាឱ្យប្រាកដនៅឡើយ ទេព្រោះបញ្ហានេះប្រជាសហគមន៍កំពុងធ្វើការស្រាវជ្រាវបន្ថែម។
លោក សារុំ បញ្ជាក់ថា តាមការដែលលោកពិនិត្យឃើញជាក់ស្តែង ទីតាំងថ្មីដែលទើបត្រូវបានកាប់រានទន្ទ្រានហើយនោះមាន ២ ទីតាំង ទីតាំងទី ១ ប្រហែល ៤ ហិកតា និង ១ ទីតាំងទៀតអស់ជាងកន្លះហិកតា។ ហេតុនេះ សរុបដីដែលមានការកាប់ទន្ទ្រាននៅក្នុងសហគមន៍ទ័ពមាន អស់ប្រមាណ ៣៥ ហិកតាក្នុងដីសហគមន៍សរុបទាំងអស់ ៣៥១ ហិកតា។
បើតាមលោក សារុំ ដីដែលមានការកាប់ទន្ទ្រានចុងក្រោយនោះមានការដាំដំណាំខ្លះៗ ដូចជា ដូង ស្វាយ មៀន ជាដើម ប៉ុន្តែមិនមានស្នាមកាប់រានទន្ទ្រានបន្ថែមទៀតទេ។
លោកថ្លែងថា៖ «កន្លងមកសហគមន៍ទ័ពមាន ធ្លាប់បានដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីសុំឱ្យជួយអន្តរាគមន៍ ប៉ុន្តែខាងតុលាការគេមិនទទួល។ ប៉ុន្តែលើកនេះ ខាងសហគមន៍នឹងប្រជុំពិភាក្សាគ្នានៅថ្ងៃអង្គារនេះ ដើម្បីរៀបចំដាក់ពាក្យទៅខាងមន្ត្រីជំនាញ ដើម្បីសូមឱ្យជួយអន្តរាគមន៍ដាក់ពាក្យបន្តទៅកាន់តុលាការ»។
លោក លាវ លាងគា អភិបាលស្រុកថ្ពងថ្លែងពីម្សិលមិញថា ជុំវិញរឿងដីធ្លីនៅសហគមន៍ទ័ពមាន លោកមិនបានដឹងទេ ដោយសារតែមិនមានរបាយការណ៍ណាមួយពីខាងឃុំឡើយ ហើយលោកបានបង្វែរឱ្យទៅសួរខាងអាជ្ញាធរឃុំ។
យ៉ាងណាក៏ដោយ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ហែម សុង មេឃុំទ័ពមានបានទេ កាលពីម្សិលមិញដោយសារទូរស័ព្ទចូលតែមិនមានអ្នកទទួល។
លោក រ័ត្ន ថាវី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ ថ្លែងថា លោកមិនបានដឹងពីបញ្ហាដែលកើតឡើងនៅសហគមន៍ទ័ពមាននោះទេ។ យ៉ាងណាក្តី លោកយល់ឃើញថា ករណីដាក់ពាក្យបណ្តឹងទៅខាងតុលាការ បើមានសំអាង និងហេតុផលច្បាស់លាស់ ត្រឹមត្រូវតាមផ្លូវច្បាប់ ខាងតុលាការប្រាកដជាទទួលដោះស្រាយ។
ប៉ុន្តែលោកបានបញ្ជាក់ថា៖ «បើសិនជាពលរដ្ឋដាក់ពាក្យបានត្រឹមត្រូវទៅតាមច្បាប់ហើយតុលាការមិនទទួលនោះ អាហ្នឹងវាគឺជារឿងអយុត្តិធម៌មួយ ប៉ុន្តែជុំវិញរឿងនេះ ខ្ញុំមិនបានចុះទៅស្រាវជ្រាវជាក់ស្តែងនោះទេ ហេតុនេះមិនដឹងថា រឿងរ៉ាវយ៉ាងណាប្រាកដនោះទេ ពលរដ្ឋមិនដឹងគាត់មានការដាក់ពាក្យយ៉ាងម៉េចដែរ»៕