ភ្នំពេញៈ ក្រសួងសុខាភិបាល អនុញ្ញាតឱ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលអាចស្នើសុំនាំចូលវ៉ាក់សាំងកូវីដ ១៩ ដែលបានទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក (WHO) ដើម្បីចែកចាយបន្តទៅផ្នែកសេវាសុខាភិបាលឯកជនសម្រាប់ចាក់ជូនពលរដ្ឋ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលលើកឡើងថា ក្នុងគោលបំណងសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្រសួងសុខាភិបាលនឹងអនុញ្ញាតឱ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថអាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ ១៩ ដែលត្រូវបានទទួលស្គាល់ដោយ WHO ដើម្បីចែកចាយចាក់តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
លោកបញ្ជាក់ថា៖ «គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលដែលស្នើសុំការនាំចូលវ៉ាក់សាំងកូវីដ ១៩ ត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងកូវីដ ១៩ នៅក្នុងឃ្លាំង ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់»។
លោក ម៉ម ប៊ុនហេង បន្ថែមថា ប្រធានគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ដែលមានបំណងនាំចូលវ៉ាក់សាំងកូវីដ ១៩ ត្រូវរៀបចំឯកសារសុំនាំចូលតាមបែបបទបច្ចេកទេសរបស់ក្រសួងសុខាភិបាល។
បុគ្គលិកនៃក្រុមហ៊ុន MASTER PHARMA GROUP LTD. ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសុំមិនឱ្យបញ្ចេញឈ្មោះប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៧ កក្កដាថា ខាងក្រុមហ៊ុនទើបតែទទួលបានលិខិតប្រកាសពីក្រសួងសុខាភិបាល។ ខាងក្រុមហ៊ុនកំពុងសាកសួរទៅខាងរោងចក្រសម្រាប់ការនាំចូលមកក្នុងប្រទេសកម្ពុជា ប្រសិនបើតម្លៃសមរម្យ ដែលអាចទទួលយកបាន។
អ្នកនាងប្រាប់ថា៖ «យើងមិនទាន់ដឹងទេថា តើប្រភេទវ៉ាក់សាំងណាយើងនឹងអាចនាំយកមកលក់ ប៉ុន្តែឱ្យតែក្រសួងសុខាភិបាលថាជាវ៉ាក់សាំងស្របច្បាប់មានការទទួលស្គាល់ហើយ យើងមានលទ្ធភាពនាំចូលបាន គឺយើងនឹងនាំចូលមក។ ប៉ុន្តែមកដល់ពេលនេះយើងទើបតែឃើញព័ត៌មានពីក្រសួងដែរ មិនដឹងថារោងចក្រនឹងឆ្លើយតបយ៉ាងណានៅឡើយទេ»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ប្រាប់ឱ្យដឹងនៅថ្ងៃទី ២៧ កក្កដាថា យុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សចាប់ពីអាយុ ១២ ឆ្នាំដល់ ១៧ ឆ្នាំ នឹងត្រូវប្រកាសបើកនៅថ្ងៃទី ១ ខែសីហា នៅវិមានសន្តិភាព ដែលចាប់ផ្តើមដំបូងនៅរាជធានីភ្នំពេញ ហើយខេត្តបន្ទាប់មានខេត្តកណ្តាល ព្រះសីហនុ និងខេត្តកោះកុង។
លោកស្រីបន្តថា ខេត្តទាំង ៣ នេះបានចាក់វ៉ាក់សាំងរួចរាល់សម្រាប់មនុស្សដែលមានអាយុ ១៨ ឆ្នាំឡើង។ លោកស្រី ឱ វណ្ណឌីន ថ្លែងថា៖ «សម្រាប់រាជធានីភ្នំពេញ យើងមានការបែងចែក ដែលមានការចាក់ដោយមន្ទីរពេទ្យថ្នាក់ជាតិមាននៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យកុមារជាតិ សម្រាប់ចាក់ជូនទៅដល់កូនចៅរបស់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការស៊ីវិល អ្នកធុរកិច្ច អង្គការជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន»។
លោកស្រីបន្ថែមថា ដោយឡែកសម្រាប់ប្រជាពលរដ្ឋផ្សេងទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញអាចទៅចាក់វ៉ាក់សាំងនៅតាមទីតាំងដែលសាលារាជធានីភ្នំពេញបានរៀបចំនៅទីតាំងចំនួន ៤២ ទីតាំង ក្នុងខណ្ឌទាំង ១៤។
លោកស្រីបញ្ជាក់ថា សម្រាប់ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង គឺរដ្ឋបាលខេត្តទាំង ៣ នឹងមានការចាត់ចែង និងមានផ្សាយជូនជាព័ត៌មាននៅតាមខេត្តនីមួយ។ សម្រាប់ខេត្តដទៃទៀត ក្រសួងនឹងមានការរៀបចំជាបន្តបន្ទាប់នៅពេលដែលមានវ៉ាក់សាំងមកដល់បន្ទាប់។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសឱ្យបានជាង ៨០% នៃចំនួនប្រជាពលរដ្ឋសរុបចំនួនប្រមាណជា ១៦ លាននាក់៕