ភ្នំពេញៈ ប្រទេសស៊ុយអែត និងប្រទេសស្វ៊ីស បានសម្រេចផ្តល់ថវិកាចំនួន ៤,៥ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់អង្គការ BBC Media Action ក្នុងការអនុវត្តគម្រោងថ្មីមួយដែលមានឈ្មោះថា «ការលើកកម្ពស់ការចូលរួមរបស់យុវជននៅក្នុងសហគមន៍ក្លាហាន 9 SPACE» នៅក្នុងប្រទេសកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែលចេញផ្សាយកាលពីម្សិលមិញបានបញ្ជាក់ថា គម្រោងនេះមានគោលបំណងបង្កើនកម្រិតនៃការចូលរួមបែបស្ថាបនានៅក្នុងសហគមន៍ក្នុងចំណោមយុវជនកម្ពុជាដែលមានអាយុចន្លោះពី ១៥-៣០ ឆ្នាំតាមរយៈការផ្តល់ឱ្យពួកគេនូវចំណេះដឹង ជំនាញ ទំនុកចិត្ត ការលើកទឹកចិត្ត និងបណ្តាញនានា។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ប្រទេសស៊ុយអែតបានចុះកិច្ចព្រមព្រៀងដើម្បីផ្តល់ថវិកាចំនួន ១៨ លានសេក (ប្រមាណជា ២ លានដុល្លារអាមេរិក) ខណៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស្វ៊ីសនឹងផ្តល់ថវិកាគាំទ្រចំនួន ២,៥ លានដុល្លារអាមេរិក។
គម្រោងក្លាហាន 9 SPACE នេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០២១ នេះដល់ឆ្នាំ ២០២៤។
លោក សាម៊ូអែល ហឺទិក ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា បានលើកឡើងក្នុងសេចក្ដីប្រកាសនេះថា ការគាំទ្រនេះស្របតាមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត ជាមួយកម្ពុជាដោយផ្តោតលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
លោកបានបញ្ជាក់ថា៖ «យើងរីករាយក្នុងការចាប់ដៃគូជាមួយអង្គការ BBC Media Action ដើម្បីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងជាឧបករណ៍សំខាន់ដើម្បីលើកទឹកចិត្ត និងគាំទ្រយុវជនកម្ពុជាក្នុងការចូលរួមក្នុងជីវិតសាធារណៈ និងផ្តល់ការគាំទ្រដល់សកម្មភាពសហគមន៍សម្រាប់យុវជននៅតាមបណ្តាខេត្ត»។
បើតាមលោក សាម៊ូអែល ហឺទិក គម្រោងក្លាហាន 9 SPACE នឹងរួមបញ្ចូលការអនុវត្តសកម្មភាពដូចជា ការផលិតមាតិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយ និងសកម្មភាពសហគមន៍ផ្សេងៗជាដើម។
គម្រោងនេះ នឹងអនុវត្តដោយអង្គការ BBC Media Action និងដៃគូអនុវត្តគម្រោងដូចជា មជ្ឈមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន។
លោកស្រី ជេមម៉ា ហេយម៉េន នាយិកាប្រចាំប្រទេសនៃអង្គការ BBC Media Action លើកឡើងដែរថា គម្រោងនេះនឹងគាំទ្រដល់យុវជនដែលមានអាយុចន្លោះ ១៥-៣០ ឆ្នាំ ដើម្បីចូលរួមក្នុងជីវិតសាធារណៈនៅក្នុងសហគមន៍របស់ពួកគេតាមរយៈការកសាងចំណេះដឹង និងជំនាញ ផ្លាស់ប្តូរឥរិយាបថអវិជ្ជមានជុំវិញការចូលរួមរបស់យុវជន និងជំរុញឱ្យមានការពិភាក្សារវាងប្រជាជនដែលមានវ័យខុសគ្នា។
លោកបានថ្លែងថា៖ «យើងពិតជារីករាយដែលមានឱកាសក្នុងការកសាងលើភាពជោគជ័យក្នុងការងារអភិវឌ្ឍន៍យុវជននាពេលកន្លងមក និងរំភើបចិត្តក្នុងការធ្វើការងារជាមួយដៃគូអនុវត្តន៍ដែលមានបទពិសោធ និងអ្នកពាក់ព័ន្ធជាច្រើននៅក្នុងប្រទេស»៕