
កំពង់ផែស្វយ័តភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យក្រុមការងារពាក់ព័ន្ធខិតខំពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែឱ្យបានឆាប់រហ័ស និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងនាពេលខាងមុខ។
លោក ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែកាលពីថ្ងៃទី ២៦ ខែកក្កដានេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបក្នុងគោលបំណងពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ ដើម្បីឱ្យការរៀបចំច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយបម្រើឱ្យឧត្ដមប្រយោជន៍ជាតិ។
ថ្លែងទៅកាន់អង្គប្រជុំ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ លោក ស៊ុន ចាន់ថុល បានជំរុញឱ្យក្រុមការងារជំនាញពាក់ព័ន្ធចូលរួមផ្តល់ធាតុចូល គំនិត មតិយោបល់ ដើម្បីបំពេញបន្ថែមទៅលើចំណុចខ្វះខាតនៃសេចក្តីព្រាងច្បាប់នេះ និងបានណែនាំឱ្យក្រុមការងារខិតខំពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងនាពេលខាងមុខ។
លោកក៏បានថ្លែងថា ភាពចាំបាច់នៃច្បាប់ស្តីពីកំពង់ផែ និងប្រព័ន្ធគ្រប់គ្រងកំពង់ផែ គឺដើម្បីធានាដល់ការអភិវឌ្ឍវិស័យកំពង់ផែប្រកបដោយចីរភាព និងធានាឱ្យបានកាន់តែប្រសើរនូវប្រសិទ្ធភាព និងសមត្ថភាពកំពង់ផែ ដែលអាចផ្ដល់សេវាដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត មានភាពងាយស្រួល ឆាប់រហ័ស តម្លៃសមស្រប មានសន្តិសុខ និងសុវត្ថិភាពដល់នាវាទំនិញ និងអ្នកដំណើរ សំដៅចូលរួមចំណែកដល់កិច្ចការពារបរិស្ថាន និងសមត្ថភាពប្រកួតប្រជែងជាមួយកំពង់ផែនៅក្នុងតំបន់ និងអន្តរជាតិ។
ក្រសួងសាធារណការបានឱ្យដឹងថា នៅកម្ពុជា កំពង់ផែទន្លេមានសរុបទាំងអស់ចំនួន ៧៨ កំពង់ផែ ស្ថិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា។ ដោយឡែកកំពង់ផែសមុទ្រមានចំនួន ២៧ កំពង់ផែ។
ក្រសួងបន្តថា មុខងារកំពង់ផែទាំងនោះត្រូវបានបែងចែកចេញជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេង ជាដើម និងត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង។ កំពង់ផែទាំងនោះមានតួនាទីជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតំបន់ និង អន្តរជាតិ។
លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា៖ «កិច្ចការងារនេះ យើងមានក្រុមការងារ និងជំនាញការក្នុងស្រុក និងជំនាញការបរទេស ដែលជួយធ្វើកិច្ចការនេះ យើងក៏មានក្រុមអ្នកច្បាប់របស់យើងដែលស្រាវជ្រាវឯកសារ និងច្បាប់ពីប្រទេសជិតខាង ដូចជា ប្រទេសជប៉ុន កូរ៉េ ប៉ុន្តែរឿងនេះចំណាយពេលបន្តិច ព្រោះត្រូវការពេលបកប្រែ ព្រោះទាំងពេលវេលា និងធនធាននៅមានកម្រិត»។
រាជរដ្ឋាភិបាលនឹងសាងសង់ចំណតផែកុងតឺន័រ ថ្មីមួយទៀត ដែលមានជម្រៅទឹក ១៤,៥ ម៉ែត្រ និងប្រវែង ៣៥០ ម៉ែត្រ ស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅដើមឆ្នាំ ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ចំណតផែកុងតឺន័រថ្មីដែលនឹងត្រូវអភិវឌ្ឍឡើងនោះ អាចធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ ម៉ឺនតោន។
ក្រសួងសាធារណការឱ្យដឹងថា ក្រោយការសាងសង់ចំណតផែថ្មីនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រផ្ទុក និងឆ្លងកាត់លើសពី ១ លានក្នុង ១ ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅមកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង។
ជាមួយគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏កំពុងរៀបចំការពង្រីកកំពង់ផែ និងបង្កើតប្រព័ន្ធកំពង់ផែគ្រប់គ្រងទិន្នន័យស្វ័យប្រវត្តិ ហៅកាត់ថា EDI (Electronic Data Intercharge) ដើម្បីជួយសម្រួលដល់នីតិវិធីនាវាចេញ-ចូលកំពង់ផែកម្ពុជាឱ្យកាន់តែលឿន កាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញ តាមផ្លូវសមុទ្រ ការស្តុកទំនិញ និងអាចឆ្លើយតបទៅនឹងកំណើនវិនិយោគពីបរទេស ជាពិសេសសំដៅធ្វើឱ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយ ប្រកបដោយការប្រកួតប្រជែងនៅតំបន់អាស៊ីទាក់ទងនឹងវិស័យភ័ស្តុភារកម្ម និងការដឹកជញ្ជូន៕