កំពតៈ មន្ត្រីក្រសួងបរិស្ថានកំពុងពិនិត្យទិដ្ឋភាពច្បាប់ប្រឆាំងនឹងបុគ្គលល្មើសច្បាប់ លួចទន្ទ្រានកាន់កាប់ដីព្រៃក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលសកម្មភាពនេះនៅតែបន្តកើតមានច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការអះអាងរបស់មន្ត្រីបែបនេះបានធ្វើឡើងក្រោយពេល លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំមន្ត្រីជំនាញ និងមន្ត្រីមូលដ្ឋានក្នុងខេត្តកំពត ដើម្បីល្បាតពិនិត្យ ការងារដីធ្លីនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោកាលពីថ្ងៃទី ២៦ ខែកក្កដា ដើម្បីបង្កើនប្រសិទ្ធភាពលើការការពារនិងអភិរក្សតំបន់ការពារធម្មជាតិ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងឱ្យដឹងថា ក្រសួងបរិស្ថានបានសង្កេតឃើញថា ស្ថានភាពនៃការចូលទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ បានកើតឡើងច្រើនក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលបង្កឡើងដោយក្រុមជនខិលខូច ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២០ មករហូតមកដល់ខែមិថុនា ឆ្នាំ២០២។
ក្នុងដំណើរការល្បាតពិនិត្យមើលស្ថានភាពរំលោភច្បាប់នោះ មន្ត្រីបានកត់សម្គាល់ថា មានការទន្ទ្រានកាន់កាប់ព្រៃរដ្ឋដោយខុសច្បាប់ ចំនួន ១៩២ កន្លែង មានទំហំជាង ៧០០ ហិកតា ដែលស្ថិតនៅក្នុងឃុំចំនួន ៨ របស់ស្រុកឈូក និងស្រុកទឹកឈូ និងក្រុងកំពត។
លោក នេត្រ ភក្ត្រា ថ្លែងថា៖ «ស្ថានភាពនៃការទន្ទ្រានកាន់ កាប់ដីព្រៃថ្មីៗមិនមែនជាដីដែលត្រូវបានប្រើប្រាស់និងអាស្រ័យផលយូរឆ្នាំឡើយ។ ការល្មើសច្បាប់ក្នុងការទន្ទ្រានដីរដ្ឋនោះត្រូវតែអនុវត្តទៅតាមច្បាប់ដោយមិនមានការលើកលែងឡើយ វិធានការទប់ស្កាត់ ការអនុវត្តនីតិវិធីច្បាប់កម្រិតណា អាហ្នឹងស្ថិតនៅលើក្រសួងបរិស្ថាន»។
លោក ជាវ តាយ អភិបាលខេត្តកំពត ថ្លែងឱ្យដឹងថា ឧទ្យានជាតិ គឺជាការគ្រប់គ្រងរបស់ក្រសួងបរិស្ថានដែលមានព្រះរាជក្រឹត្យ ចំណែករដ្ឋបាលខេត្តគ្រាន់តែអមដំណើរក្នុង ការចុះទៅពិនិត្យទីតាំងដែលមានការទន្ទ្រាននោះ ហើយមន្ទីរបរិស្ថានខេត្តកំពតបានធ្វើរបាយការណ៍ជូនអភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តដើម្បីចេញដីកាដកហូត និងរក្សាការពារដីដែលទន្ទ្រានកាន់កាប់ទាំងនោះ។
ទោះជាយ៉ាងណាក៏ដោយ លោក ភក្ត្រា បញ្ជាក់ថា ក្រសួងបរិស្ថានបានសង្កេតឃើញថាមេឃុំមួយចំនួននៃស្រុកឈូក និងស្រុកទឹកឈូ បានចេញលិខិតធ្វើមោឃភាពលើការលក់ទិញ ផ្ទេរសិទ្ធិ លើដីធ្លីក្នុងតំបន់ការពារធម្មជាតិ ហើយនេះជាជំហានមួយយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ភាពអនាធិបតេយ្យនៃការទន្ទ្រានកាន់កាប់ និងលួចលក់ដីព្រៃរដ្ឋដោយខុសច្បាប់។
ការទន្ទ្រានកាន់កាប់ ការលក់-ដូរ ឬការផ្ទេរដីក្នុងឧទ្យានជាតិ ឬដែនជម្រកសត្វព្រៃគឺខុសច្បាប់។ ការទន្ទ្រានកាន់កាប់ដីក្នុងឧទ្យានជាតិ ឬដែនជម្រកសត្វព្រៃអាចមានរូបភាពដូចជាការបោះបង្គោល ឬការឈូសឆាយធ្វើចម្ការជាដើម។
លោកភក្ត្រាថ្លែងថា ដីតំបន់ការពារធម្មជាតិជាដីសាធារណៈរបស់រដ្ឋ ហើយការប្រើប្រាស់ ការបែងចែក ឬធ្វើប្រទានកម្មដីក្នុងតំបន់ការពារធម្មជាតិលុះត្រាតែមានការសម្រេចយល់ ព្រមពីរាជរដ្ឋាភិបាល ដូច្នេះគ្មានអ្នកណាម្នាក់អាចមានសិទ្ធិទន្ទ្រាន កាន់កាប់ លក់ ដូរ ផ្ទេរសិទ្ធិកាន់-កាប់ដីធ្លី ឬបញ្ជាក់លើលិខិតស្នាមកាន់កាប់ ឬលក់-ដូរដីក្នុងតំបន់ការពារធម្មជាតិបានឡើយ៕
វីដេអូ៖