លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​សម្រេច​ធ្វើ​ការ​បិទ​ខ្ទប់​ខេត្ត​ចំនួន ៨ ដែល​នៅ​ជាប់​នឹង​ព្រំប្រទល់​ប្រទេស​កម្ពុជា-ថៃ រយៈពេល ១៤ ថ្ងៃ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍​នៃ​មេរោគ​កូវីដ១៩ ប្រភេទ​ដែលតា (Delta)។

យោង​តាម​សេចក្តី​សម្រេច​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​បាន​ចេញ​នា​យប់​ថ្ងៃ​ទី ២៨ ខែ​កក្កដា នេះដោយ​បាន​សម្រេច​បិទ​ខ្ទប់ភូមិ​សាស្រ្ត​ខេត្ត​ចំនួន ៨ ដែល​មាន​ខេត្ត កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និង​ខេត្ត​សៀមរាប។

ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​ខេត្ត​ទាំង​នេះ ជា​បណ្តោះ​អាសន្ន​សម្រាប់​រយៈពេល ១៤ ថ្ងៃ គិត​ចាប់​ពី​វេលា​ម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី១២ ខែសីហា សំដៅ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ដែល​បណ្តាល​មក​ពី​មេរោគ​កូវីដ១៩ ប្រភេទ​ដែលតា (Delta)។

សេចក្តីសម្រេច​បាន​បញ្ជាក់​ថា៖ «ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ អាច​ត្រូវ​បាន​បែង​ចែក​ជា តំបន់​ក្រហម និង/ឬ តំបន់​លឿងទុំ និង/ឬ តំបន់លឿង អាស្រ័យ​តាម​កម្រិត​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ នៅ​ក្នុង​ភូមិសាស្ត្រ​បិទ​ខ្ទប់​នីមួយៗ»។

ការ​កំណត់​ភូមិ​សាស្ត្រ​ណា​មួយ​ក្នុង​តំបន់​បិទ​ខ្ទប់ ជា «តំបន់​ក្រហម», «តំបន់​លឿងទុំ» ឬ«តំបន់​លឿង» ត្រូវ​ធ្វើ​ឡើង​ដោយ​សេចក្តី​សម្រេចរបស់​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​នៃ​ខេត្ត​ដែល​ត្រូវ​បាន​បិទ​ខ្ទប់។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ក្នុង​សេចក្តី​សម្រេច​ថា ចំពោះ​ភូមិសាស្ត្រ​ដែល​មាន​ការ​ឆ្លងរាល​ដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូវីដ​១៩ ប្រភេទ​ដែលតា (Delta) ឬ​ភូមិ​សាស្ត្រ​ដែល​មាន​ការ​ផ្ទុះ​ឆ្លង​រាលដាល​លឿន​ខុស​ពី​ប្រក្រតី ឬ​មាន​ការ​សង្ស័យ​ពាក់​ព័ន្ធ​នឹង​មេរោគកូវីដ១៩ ប្រភេទ​ដែលតា (Delta), អភិបាល​ខេត្ត​នៃ​ខេត្ត​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ ត្រូវ​កំណត់​ភូមិ​សាស្ត្រ នោះជា «តំបន់​ក្រហម» ឬ «តំបន់លឿង​ទុំ» អាស្រ័យ​ទៅ​តាម​កម្រិត​នៃ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​ប្រភេទ​ដែលតា (Delta) នេះ៕

វីដេអូ៖