ព្រះវិហារៈ នគរបាលព្រហ្មទណ្ឌខេត្តព្រះវិហារ នៅថ្ងៃទី ២៨ ខែកក្កដា កំពុងបន្តសាកសួរបុរសម្នាក់ ២ ថ្ងៃបន្ទាប់ពីចាប់ខ្លួន នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ពាក់ព័ន្ធការបង្ហោះសារ តាមហ្វេសប៊ុក រិះគន់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សេង ផល្លី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានប្រាប់នៅថ្ងៃទី ២៨ កក្កដាថា ករណីនេះសមត្ថកិច្ចកំពុងសាកសួរលើឈ្មោះ ផុន កុលចំរើន។ លោកឆ្លើយប្រាប់យ៉ាងខ្លីថា៖ «ការងារនេះខ្ញុំកំពុងធ្វើ»។
ទោះយ៉ាងណា បើតាមមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារមួយរូបស្នើសុំមិនបញ្ចេញឈ្មោះឱ្យដឹងនៅព្រឹកថ្ងៃទី ២៨ កក្កដាថា ជនសង្ស័យឈ្មោះ ផុន កុលចំរើន អាយុ ៣២ ឆ្នាំមានស្រុកកំណើតនៅភូមិសៀមរាប សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ប៉ុន្តែបច្ចុប្បន្ននេះ ជនសង្ស័យរស់នៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ជាម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ «ស្លាបប៉ាកាទេវរាជ»។ មន្ត្រីរូបនេះបានបន្តថា៖ «ពេលនេះខាងមន្ត្រីជំនាញកំពុងសាកសួរជនសង្ស័យ ប៉ុន្តែមិនទាន់ដឹងថា ត្រូវចាត់ការបន្តយ៉ាងណាទេ»។
លោករៀបរាប់ថា កាលពីវេលាម៉ោជាង ៧ យប់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ សមត្ថកិច្ចនគរបាលខេត្តព្រះវិហារបានស្រាវជ្រាវឃាត់ខ្លួនបុរសខាងលើនៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង។ ជនសង្ស័យជាប់ពាក់ព័ន្ធពីបទញុះញង់ និងជេរប្រមាថប្រមុខរាជរដ្ឋាភិបាលតាមរយៈការសរសេរសារបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក។
មន្ត្រីនគរបាលរូបនោះបញ្ជាក់ថា រូបគេបានគេចខ្លួនពីខេត្តកោះកុង មកដល់ខេត្តព្រះវិហារ ហើយបានសុំផ្ទះឈ្មោះ មុំ កន ស្នាក់នៅបាន ២ ថ្ងៃនៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ហើយក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តងទៅ។
ចំពោះវត្ថុនៅជាប់នឹងខ្លួនជនសង្ស័យមានទូរស័ព្ទដៃចំនួន ១ គ្រឿង និងសម្ភារមួយចំនួនទៀត។
លោក ជា សុភាព នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកោះកុង បានប្រាប់នៅថ្ងៃទី ២៨ កក្កដាដែរថាជនសង្ស័យបច្ចុប្បន្នរស់នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
ប៉ុន្តែសមត្ថកិច្ចមិនទាន់បានទទួលព័ត៌មានពីការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផុន កុលចំរើន នៅឡើយទេ។
នៅក្នុងអាខោនហ្វេសប៊ុកឈ្មោះ «ស្លាបប៉ាកាទេវរាជ» គេឃើញមានបង្ហោះឃ្លីបវីដេអូ និងការសរសេរសារជាច្រើនដោយបានធ្វើការរិះគន់ខ្លាំងៗ ទៅលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក៏បានធ្វើការរិះគន់ពីដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ននេះផងដែរ៕