ភ្នំពេញៈ មន្ត្រី​សាធារណការ​បាន​ឱ្យដឹងថា សកម្មភាព​ល្មើស​នឹង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បាន​ថយចុះ​ស្ទើរតែ​លែងមាន​ក្នុង​មួយរយៈ​ចុងក្រោយ​នេះ ក្រោយពី​ការប្រកាស​មិន​លើកលែង​ចំពោះ​សកម្មភាព​ល្មើសច្បាប់។

លោក តាំង ពៅ ប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៨ កក្កដា​ថា សកម្មភាព​ល្មើស​នៃ​ការដឹក​លើស​ទម្ងន់​ពី​អ្នកបើកបរ​លើ​ដងផ្លូវ ហាក់​មានការ​ថយចុះ ឬ​ស្ទើរតែ​លែងមាន​បទល្មើស ដោយសារ​តែ​កន្លែង​ថ្លឹង​ឡាន​ជាង ៣០ កន្លែង ទូទាំង​ប្រទេស និង​ក្រុមការងារ​ចល័ត​ចុះ​ត្រួតពិនិត្យ​បទល្មើស​នេះ គឺ​ពុំមាន​ឃាត់​យានយន្ត ដែល​ល្មើសនឹង​ការដឹក​លើស​ទម្ងន់​កំណត់​នោះទេ។

លោក​បន្តថា៖ «យើង​មិនទាន់​ឃើញ​មាន​បទល្មើស​ថ្មី ដែល​យើង​ចាប់​បានទេ បន្ទាប់ពី​ការប្រកាស (របស់) ក្រសួង។ សកម្មភាព​ល្មើស គឺ​សុទ្ធតែ​រឿងចាស់»។

លោក តាំង ពៅ ថ្លែងថា ចំពោះ​យានយន្ត​ដឹក​លើស​ទម្ងន់​កំណត់​ជាង ១៧០ ករណី ដែល​ក្រុមការងារ​ធ្វើការ​ឃាត់​បាន​ក្នុង​រយៈពេល ១ ឆ្នាំនេះ​គឺ​នៅតែ​បន្ត​អនុវត្ត​ច្បាប់ ដោយ​ត្រូវ​រក្សាទុក ១ ឆ្នាំ និង​មានការ​ពិន័យ​ជា​ប្រាក់​ទៅតាម​ការកំណត់​នៃ​ច្បាប់ ហើយ​ក្រុមការងារ​នៅតែ​បន្ត​បង្កើន​សកម្មភាព​ត្រួតពិនិត្យ ចំពោះ​បទល្មើស​ដឹក​លើស​ទម្ងន់​កំណត់ នៅ​ទូទាំង​ប្រទេស​បន្តទៀត ដើម្បី​ធានាថា បទល្មើស​នេះ​នឹង​លែងមាន។

កាលពី​ថ្ងៃទី ២០ ខែកក្កដា អ្នក​បើកឡាន និង​ម្ចាស់​ឡាន​ដឹក​ដី ដឹក​ខ្សាច់​ប្រមាណ ២០០ នាក់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​កន្លែង​ថ្លឹង​រថយន្ត​លើ​ផ្លូវ ៦០ ម៉ែត្រ ក្នុង​ខេត្តកណ្តាល រឿង ឃាត់ទុក​យានយន្ត ក្រោយពី​ការបង្ក្រាប​កន្លងមក ប៉ុន្តែ​ត្រូវបាន​បដិសេធ ព្រោះ​ជា​ទង្វើ​ផ្ទុយ​ច្បាប់។

លោក ពុធ ស៊ីមេន អាជីវក​របើក​ឡានធំ​ម្នាក់​បាន​ថ្លែងថា៖ «យើង​មិនមាន​ការតវ៉ា​អី​ទៀត​ទេ យើង​សុំ​តែ​ឯកឧត្តម​រដ្ឋមន្ត្រី អាណិត​ប្រគល់​ឡាន​របស់​យើង​ដែល​ចាប់បាន​កន្លងទៅ​មកវិញ ដើម្បី​អាច​បន្ត​ការរកស៊ី​ចិញ្ចឹមជីវិត​វិញ។ យើង​សន្យា...កំហុស​ទាំង​ប៉ុន្មាន គឺ​លែង​ឱ្យមាន​ទៀតហើយ»។

លោក គង់ សុវណ្ណ អ្នកជំនាញ​សុខភាព​សាធារណៈ និង​ជានា​យក​កម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ​បាន​ថ្លែងថា មានតែ​ការពង្រីក​វិសាលភាព​ការអនុវត្ត​ច្បាប់​ឱ្យបាន​កាន់តែច្រើន និង​បង្កើន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ចល័ត​ទើប​ការ​ប្រព្រឹត្តល្មើស មាន​ការថយចុះ និង​ទប់ស្កាត់​មាន​ប្រសិទ្ធភាព៕