ភ្នំពេញៈរដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍ លោក ថោង ខុន នៅ​ថ្ងៃ​ទី២៩ ខែកក្កដា​នេះ បាន​ចេញ​លិខិត​ជូន​ដំណឹង ដល់​ប្រធាន​មន្ទីរ​ទេស​ចរណ៍​រាជ​ធានី-ខេត្ត​ ឱ្យផ្អាក​សកម្ម​ភាព​ទេសចរណ៍​ទូទាំង​ប្រទេស​រយៈ​ពេល ១៤​ថ្ងៃ គិត​ចាប់​ពីថ្ងៃទី​២៩ ខែ​កក្កដា ដល់​ថ្ងៃទី​១២ ខែសីហា​ ឆ្នាំ​២០២១ ដើម្បី​​ចូល​រួម​អនុវត្ត​យុទ្ធ​នា​ការ​ពង្រឹង​វិធាន​ការ​ប្រយុទ្ធ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាលជំងឺកូ​វីដ​បំប្លែង​ថ្មី​។

ក្រសួង​បាន​គូស​បញ្ជា​ក់ថា ៖«​មន្ទី​រ​ទេស​ចរណ៍រាជ​ធានី​ -ខេត្ត​ ត្រូវ​ចាត់​តាំង​ក្រុមការ​ងារ​ដើម្បី​តាមដាន​ត្រួត​ពិនិត្យ​កិច្ច​ការ នេះឱ្យ​បាន​ម៉ត់​ចត់ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​សកម្ម​ភាព​ទេស​ចរណ៍​ណាមួយ​នៅតាម​រមណីយ​ដ្ឋាន​ទេសច​រណ៍ គោល​ដៅ​ទេសច​រណ៍ សហ​គមន៍​ទេសច​រណ៍ និង​កន្លែង​ដែល​មាន​សក្តា​នុពល​ទេសចរណ៍​ដែល​មាន​នៅ​ក្នុង​មូល​ដ្ឋាន របស់​ខ្លួន​ក្នុង​រយៈ​ពេល​នៃការ​ផ្អាក​ជាបណ្តោះអា​សន្ន​នេះ ជាដាច់ខា​ត​»។

ទន្ទឹម​នេះដែរ សេចក្តី​ជូន​ដំណឹង​រួមគ្នា​រវាង អាជ្ញា​ធរ​ជាតិ​អប្សរា និង​គ្រឹះស្ថាន​អង្គរ ចុះ​ថ្ងៃទី ២៩ ខែកក្កដា​នេះ សម្រេច​បិទ​ការ​ទស្សនា​ប្រាសាទ​នានា និង​ផ្អាក​ការលក់​សំបុត្រ​ ចូល​ទស្សនា នៅក្នុង​រមណីយដ្ឋាន​អង្គរ រយៈ​ពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ៣០ ខែកក្កដា​ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១​។

សេចក្តី​ជូន​ដំណឹងបន្តថា ការផ្អាក​ជាបណ្តោះ​អាសន្ន​នេះ ដោយ​អនុ​លោម​តាម​សេចក្ដី​សម្រេចរបស់​​រាជ​រដ្ឋាភិបាល ស្តីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​ខេត្ត​ជាប់​ព្រំដែន​រួម​មាន ខេត្តកោះ​កុង ខេត្ត​ពោធិ៍​សាត់ ខេត្តបាត់​ដំបង ខេត្ត​ប៉ៃលិន ខេត្ត បន្ទាយ​មាន​ជ័យ ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ខេត្ត​ព្រះវិហារ និង​ខេត្តសៀមរាប ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាលដាល​ក្នុង សហគមន៍​នៃ​មេរោគ​កូ​វីដ​១៩ ប្រភេទ​ដែល​តា (Delta)។

«ក្រសួង ស្ថាប័ន​ជាតិ អន្តរ​ជាតិ អាជ្ញាធរ​ដែនដី មន្ទីរ​-​អង្គ​ភាព សមាគម​ទីភ្នាក់​ងារ​ទេស​ចរណ៍ សមាគម​មគ្គុទ្ទេសក៍​ទេសចរ​ណ៍ សមាគម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេស​ចរ ក្រុមហ៊ុន ទេស​ចរណ៍ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរ​ជាតិ សាធារណ​ជន ត្រូវ​ទទួល​ជា​ព័ត៌មាន​»។​

​ជាមួយគ្នានេះដែរ ឧទ្យាន​ជាតិ​គិរី​រម្យ នៅ​ខេត្តកំពង់ស្ពឺ បាន​ជូនដំណឹង​ដល់​សាធារណជន ស្តីពី​ការផ្អាក​ការចូល​ទស្សនា​ជា​បណ្ដោះអាសន្ន​រយៈពេល​១៤ ថ្ងៃ ចាប់ពី​ថ្ងៃទី ២៩ ខែកក្កដា​នេះ តទៅ ស្របតាម​វិធាន​ការ ដែល​រដ្ឋាភិបាល​បានដាក់​ចេញ សំដៅ​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ ១៩ បំប្លែង​ថ្មី ប្រភេទ Delta​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង លោក អ៊ុច​អ៊ុ ភី​នីស្សា​រ៉ា បាន​ថ្លែងថា ពាក់ព័ន្ធ​សារាចរ​ណែនាំ​នេះ​ដែរ គណៈកម្មការ​ថ្នាក់​ខេត្ត​ បាន​បើក​កិច្ចប្រជុំ​ជាបន្ទាន់​មួយ ដើម្បី​ដាក់ចេញ​វិធានការ​នានា​ក្នុង​មូលដ្ឋាន​ខេត្ត ទាំង​តំបន់​ទេសចរណ៍ និង​សកម្មភាព​អាជីវកម្ម​ផ្សេងទៀត​។

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​លោក តុ​ប សុភ័ក ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជា​ជំ​ហ៊ាន​ដំបូង​មន្ទីរ​ទេស​ចរណ៍​រាជធានី​-​ខេត្ត បាន​អនុវត្តតាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​រួចហើយ ខណៈ​ក្រសួង​បានធ្វើ​សេចក្តីណែនាំ​បន្ថែមទៀត​ ដល់​វិស័យ​ទេសចរណ៍​ដែល​ពាក់ព័ន្ធ​។

​លោក​ថា​៖«​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​ បានប្រគល់​ទៅឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​និ​មួយៗ​ចាត់ចែង។ ដោយឡែក​សម្រាប់​ក្រសួងទេសចរណ៍ យើង​ធ្វើ​លិខិត​ជូនដំណឹង​បន្ថែម​ដល់់​មន្ទីរ​ទេសចរណ៍​ខេត្ត ព្រោះ​រមណីយ​ដ្ឋាន​ទេសចរណ៍ វា​មាន​គោលដៅ​ទេសចរណ៍​ផ្សេង​ទៀត ដូចជា​សហគមន៍​ទេសចរណ៍ ទេសចរណ៍​ដែលមាន​កន្លែង​សក្តានុពល ដែល​ភ្ញៀវ​ទេសចរណ៍​ទៅលេង​កម្សាន្ត​មិន​រាប់​ចូលក្នុង​រមណីយដ្ឋាន​ទេ​ចរណ៍​ទេ ដូច្នេះ​យើង​នឹងមាន​ការណែនាំ​ដល់​ពួកគាត់​»​។​

​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​ប្រយុទ្ធ និង ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បណ្តាលមកពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែល​តា រាជរដ្ឋាភិបាល​ ​បានសម្រេច​ចេញ​នូវ​ការពង្រឹង​វិធានការ​ប្រយុទ្ធ​នឹង​ទប់ស្កាត់​ការ​រាលដាល​នេះ​នៅ​ទូទាំងប្រទេស​សម្រាប់​រយៈ​ពេល ១៤​ថ្ងៃ ចាប់ពី​ម៉ោង ២៣​​និង ៥៩ នាទី​យប់​ថ្ងៃទី ២៩ ខែកក្កដា​នេះ ដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ ២០២១៕

វីដេអូ៖