ភ្នំពេញៈ គិតត្រឹមថ្ងៃទី ២៩ ខែកក្កដា មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបបាន ទទួលថវិកាពីសប្បុរសជនបានប្រមាណ ៨ ម៉ឺនដុល្លារ រួមនឹងបរិក្ខារប្រឆាំងកូវីដផ្សេងទៀត បន្ទាប់ពីធ្វើយុទ្ធនាការស្វែងរកជំនួយប្រមាណជាង ១០ ថ្ងៃ ខណៈនៅថ្ងៃម្សិលមិញនេះ មន្ទីរពេទ្យនេះក៏បានរកឃើញកុមារមានវិជ្ជមានជំងឺកូវីដ ១៩ បន្ថែម ១ នាក់ទៀត។
យុទ្ធនាការរៃអង្គាសថវិកានេះបានធ្វើឡើងចាប់ពីថ្ងៃទី ១៦ ខែកក្កដា បន្ទាប់ពីមន្ទីរពេទ្យនេះរកឃើញកុមារ ២ នាក់ មានវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី ២ ខែកក្កដា។ មន្ទីរពេទ្យនេះបញ្ជាក់ថា កុមារម្នាក់បានជាសះស្បើយ និងបានវិលត្រឡប់ទៅផ្ទះវិញ ខណៈកុមារម្នាក់ទៀតកំពុងសម្រាកព្យាបាល។
លោកស្រី ស៊ិន កេតអរុណ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈនៃមន្ទីរពេទ្យកុមារអង្គរប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា មន្ទីរពេទ្យ-កុមារអង្គរសម្រេចប្រកាសស្វែងរកជំនួយ ដើម្បីរៀបចំសាលព្យាបាល និងថែទាំអ្នកជំងឺកូវីដ ១៩ និងទិញសម្ភារបរិក្ខារពេទ្យដែលត្រូវការបន្ទាន់ដូចជា តេស្តរហ័សរកជំងឺកូវីដ ១៩ និងឯកសណ្ឋានការពារសម្រាប់បុគ្គលិកពេទ្យរួមទាំងសម្ភារមួយចំនួនទៀត។
លោកស្រីថ្លែងថា៖ «ថ្វីដ្បិតតែមន្ទីរពេទ្យកុមារអង្គរមិនបានដើរតួនាទីជាមន្ទីរពេទ្យដែលព្យាបាលជំងឺកូវីដ១៩ តែមន្ទីរពេទ្យនេះបាន និងកំពុងបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងការពិនិត្យព្យាបាល និងថែទាំកុមារមានជំងឺជាច្រើនផ្សេងទៀតដែលជំងឺទាំងនោះគឺងាយនឹងរងគ្រោះដល់អាយុជីវិតរបស់ពួកគេ ដោយសារតែឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ ១៩ ដូចជា ជំងឺគ្រុនឈាម កង្វះអាហារូបត្ថម្ភ កង្វះអនាម័យ និងការមិនអាចមកកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលឱ្យបានទាន់ពេលវេលា»។
លោកស្រី កេតអរុណ បានបញ្ជាក់ថា មន្ទីរពេទ្យរំពឹងថានឹងនៅតែមានសប្បុរសជនបន្តជួយមន្ទីរពេទ្យតាមរយៈកម្មវិធីផ្សេងៗទៀតរបស់មន្ទីរពេទ្យ ហើយចំនួនថវិកាប្រមាណ ៨ ម៉ឺនដុល្លារនេះអាចជួយមន្ទីរពេទ្យបានមួយគ្រា លុះត្រាតែការរាតត្បាតជំងឺកូវីដ ១៩ ត្រូវបានបញ្ចប់។ ក្នុងករណីមិនមានការបរិច្ចាគបន្ថែមទៀតមន្ទីរពេទ្យនៅតែបន្តស្វែងរកយុទ្ធសាស្ត្រថ្មីៗទៀតនៅក្នុងការស្វែងរកជំនួយ ឬចំណូលសម្រាប់ប្រតិបត្តិការរបស់មន្ទីរពេទ្យ។
លោកស្រី បានបន្ថែមថា៖ «ប៉ុន្តែកុមារមានជំងឺជាច្រើនផ្សេងទៀតនៅតែបន្តមកទទួលការព្យាបាលនៅទីនេះជាហេតុដែលយើងត្រូវតែស្វែងរកថវិកាថែមទៀតមិនអាចបញ្ឈប់បានទេ»។
បើតាមលោក ស្រី កេតអរុណ ថវិកាជាង ៨ ម៉ឺនដុល្លារគឺទទួលបានមកពីការបរិច្ចាគពីស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងសាធារណជនទូទៅរួមទាំងសម្ភារបរិក្ខារផ្សេងទៀតរួមមាន តេស្តរហ័សរកជំងឺកូវីដ ១៩ ឯកសណ្ឋានការពារសម្រាប់បុគ្គលិកពេទ្យ ម៉ាស់ អាល់កុល-លាងដៃ និងជែល ស្រោមដៃឧបករណ៍បំពាក់នៅក្នុងសាលព្យាបាលអ្នកជំងឺកូវីដ ១៩ ដូចជា ម៉ាស៊ីនបូមស្លេស្ម៍ ម៉ាស៊ីនចាក់ថ្នាក់។
គិតត្រឹមថ្ងៃទី ២៣ កក្កដា មន្ទីរពេទ្យនេះបានទទួលជំនួយតេស្តរហ័សចំនួន ៤ ០០០ តេស្ត ម៉ាស់ចំនួន ៣ ០០០ និងសម្ភារមួយចំនួនទៀត។ ក្នុងថ្ងៃនោះដែរលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាក៏បានបរិច្ចាគថវិកាចំនួន ៥ ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរនេះផងដែរ។
លោកស្រី ស៊ិន កេតអរុណ បានឱ្យដឹងថា៖ «មន្ទីរពេទ្យកុមារអង្គរនៅតែបន្តទទួលពិនិត្យ និងព្យាបាលកុមារដែលមានជំងឺជាច្រើនជាមធ្យម ៣០០ នាក់ប្រកបដោយគុណភាព និងក្តីមេត្តាករុណាដោយឥតគិតកម្រៃ»។
លោកស្រី កេតអរុណ បានឱ្យដឹងដែរថា កាលពីថ្ងៃទី ២៩ ខែកក្កដា កុមារាម្នាក់ទៀតត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវី ១៩ ដែលតម្រូវឱ្យបន្តព្យាបាលនៅមន្ទីរពេទ្យនេះ រហូតដល់ជាសះស្បើយ។
យោងតាមរបាយការណ៍មន្ទីរពេទ្យនេះ បានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ កុមារដែលទទួលពិគ្រោះជំងឺក្រៅមាន ៣០ ៦៣៥ ករណី សង្គ្រោះបន្ទាន់មាន ៥ ៩៧១ ករណី សម្រាកពេទ្យមានប្រមាណ ២ ៣០០ ករណី និងចំនួនអ្នកជំងឺស្លាប់មាន ១៦ ករណី។
របាយការណ៍ដដែលនេះបញ្ជាក់ថា ចំនួនកុមារអ្នកជំងឺដែលបានទទួលការព្យាបាលនៅក្នុងឆ្នាំ ២០២០ មានចំនួន ៩៧ ០៦៩ ករណី ខណៈចំនួនកុមារអ្នកជំងឺដែលបានទទួលការពិនិត្យព្យាបាលតាំងពីចាប់ផ្ដើមមន្ទីរពេទ្យនេះរហូតមកទល់បច្ចុប្បន្នមានជាង ២,៥ លានករណី។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបដិសេធធ្វើអត្ថាធិប្បាយកាលពីម្សិលមិញ៕