ត្បូងឃ្មុំៈ រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញនូវវិធានការរដ្ឋបាល រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយត្រូវបានរឹតត្បិតការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក្នុងចន្លោះម៉ោង ២១ដល់ម៉ោង ៣ព្រឹក និងហាមការប្រមូលផ្តុំមនុស្សដើម្បីផឹកគ្រឿងស្រវឹង។
វិធានការនេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នាយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១។
ក្នុងវិធានការសម្រាប់ ១៤ ថ្ងៃ ក្រៅពីត្រូវបានរឹតត្បិតការធ្វើដំណើរចេញពីលំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្ន ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាព មុខរបរ ឬ អាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទ។
រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១០ (ដប់) នាក់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំបញ្ជាក់ថា៖ «គ្រប់ភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវបានអនុញ្ញាតឱ្យប្រកបអាជីវកម្មរបស់ខ្លួន ត្រឹមជាលក្ខណៈវេចខ្ចប់ ដោយមិនត្រូវអនុញ្ញាតឱ្យអតិថិជន ចូលមកទទួលទាននៅក្នុងបរិវេណនៃទីកន្លែងរបស់ខ្លួនឡើយ»។
រដ្ឋបាលខេត្តត្បូងឃ្មុំបន្តថា រាល់សកម្មភាពនៃការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ឬ សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលត្រូវបានអនុញ្ញាត ត្រូវអនុវត្តវិធានការសុវត្ថិភាពផែ្នកសុខាភិបាលឱ្យបានម៉ឺងម៉ាត់៕