ភ្នំពេញៈ ក្រសួងសុខាភិបាលអនុញ្ញាតឱ្យខេត្តចំនួន ២២ អាចព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះរបស់អ្នកជំងឺទាំងនោះ។
ប្រកាសក្រសួងសុខាភិបាលចុះថ្ងៃទី ២៩ ខែកក្កដា បញ្ជាក់ថា៖ «ត្រូវបានដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ដែលជាឧបសម្ព័ន្ធនៃប្រកាសនេះក្នុងភូមិសាស្ត្រខេត្ត [ចំនួន ២២]»។
ខេត្តទាំង ២២ នោះរួមមាន បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កោះកុង ព្រះសីហនុ កំពត កែប តាកែវ កំពង់ស្ពឺ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រៃវែង និងស្វាយរៀង។
ប្រកាសក្រសួងបញ្ជាក់ថា៖ «អភិបាលនៃគណៈអភិបាលខេត្ត ត្រូវពិនិត្យ និងរៀបចំលក្ខណសម្បត្តិ និងពេលវេលាសមស្រប ដើម្បីដាក់ឱ្យដំណើរការព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅផ្ទះក្នុងភូមិសាស្ត្រខេត្តនីមួយៗ»៕