ភ្នំពេញ: មានករណីគោឈឺចំនួន ៦ ៨០៤ករណី បន្ទាប់ពីមានការផ្ទុះនូវជំងឺដុំពកស្បែកគោក្របីនៅដើមខែមិថុនា ឆ្នាំ ២០២១ ដែលករណីដំបូងកើតមាននៅខេត្ត ព្រះវិហារ និងឧត្តរមានជ័យ និងបន្ទាប់មកដល់ខេត្តជាប់ព្រំដែនថៃមួយចំនួនទៀត។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បង្ហាញតាមរយៈហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣១ ខែកក្កដានេះឲ្យដឹងថា មានគោឈឺជំងឺដុំពកស្បែកគោក្របីចំនួន ៦ ៨០៤ ករណី ក្នុងនោះបានជាសះស្បើយចំនួន ៦៥% និងកំពុងឈឺនៅឡើយមាន៣៥% សត្វបានងាប់ចំនួន ១% (ភាគច្រើនលើកូនគោ) គិតពីដើមខែមិថុនា រហូតមកដល់ពេលថ្ងៃទី ២៩ ខែកក្កដា។
លោក វេង សាខុន បានឲ្យដឹងថា ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease) បង្កឡើងដោយវីរុសក្នុងគ្រួសារ Poxviridae ក្រុម Capripoxvirus។ វីរុសនេះមានភាពធន់ជាមួយនឹងបរិស្ថាន ហើយអាចរស់បានយូរចាប់ពី ៣ខែឡើង នៅលើកំណកកមរមាស់លើស្បែកស្ងួតនិងយ៉ាងយូរ ៦ ខែចំពោះស្បែកប្រឡូកប្រឡាក់កខ្វក់។
ជំងឺនេះឆ្លងតាមរយៈវ៉ិចទ័រ ដែលអាចសម្គាល់តាមរយៈការលេចឡើងជាដុំពកស្បែក និងបង្កឡើងដោយវីរុសដែលមានសេនេទិច ស្រដៀងបំផុតទៅនឹងវីរុសអុត និងកញ្រ្ចិល ដែលបង្កនៅលើជៀម និងពពែ បណ្តាលឲ្យមានដុំពកស្បែកនៅលើរាងកាយរបស់សត្វ។
បើតាមលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ជំងឺនេះបានបង្កឱ្យសត្វគោ ក្របីឈឺ ពី ៥-៤៥% និងស្លាប់តិចជាង១០% ដែលមានរោគសញ្ញាលើសត្វដូចជា៖ គ្រុនក្តៅ (កំដៅកើនឡើងដល់ ៤១ អង្សាសេ ស្រងូតស្រងាត់ អត់ស៊ីចំណី រលាកប្រហោងច្រមុះ ហៀរសំបោរ និងទឹកមាត់ ជាដើម ដែលសត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្កកំណើត និងមេផើមអាចរលូតកូន។
លោកថ្លែងថា៖«ជំងឺនេះឆ្លងតាមរយៈ វ៉ិចទ័រដែលជាសត្វល្អិតប៊ឺតជញ្ជក់ឈាមដូចជា តាប៉ោម រុយ ដង្កែ ការប៉ះពាល់ផ្ទាល់ ឬប្រយោល ការបង្កាត់ពូជ មធ្យោបាយដឹកជញ្ជូននិងសម្ភារបរិក្ខារបសុព្យាបាល»។
ជំងឺនេះបង្កឲ្យមានផលប៉ះពាល់លើសុខុមាលភាពសត្វ និងខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរដល់កសិករចិញ្ចឹមគោ ក្របី ជាលក្ខណៈគ្រួសារ ពាក់កណ្តាលពាណិជ្ជកម្ម និងបែបពាណិជ្ជកម្ម ប៉ុន្តែមិនឆ្លងមកមនុស្សទេ។ មេរោគនៃជំងឺនេះមានភាពធន់ខ្លាំងទៅនឹងបរិស្ថានអាចរស់នៅក្នុងក្រម៉ស្បែករហូតដល់ ៣ ខែនិងរហូតដល់ ៦ ខែក្នុងទ្រុងកខ្វក់ និងគ្មានពន្លឺចេញចូលគ្រប់គ្រាន់។
មេរោគនេះអាចរស់នៅក្នុង pH ពី ៦,៣ ទៅ ៨,៣ ហើយនឹងងាយងាប់ដោយពន្លឺថ្ងៃ ជាតិអាស៊ីត និងជាតិបាសខ្ពស់ និងបញ្ឈប់សកម្មភាពនៅសីតុណ្ហភាព ៥៥ អង្សាសេក្នុងរយៈពេល ២ ម៉ោង ៦០អង្សាសេក្នុងរយៈពេល ១ ម៉ោង និងសីតុណ្ហភាព ៦៥ អង្សាសេក្នុងរយៈពេល ៣០ នាទី និងងាយកម្ចាត់ដោយសារទឹកសាប៊ូ និងថ្នាំសម្លាប់មេរោគធម្មតា៕