
គណនីហ្វេសប៊ុកឆបោកនិងចុងសន្លឹកផ្ញើលុយតាមវីងដើម្បីទិញបណ្ណបើកបរ នៅក្នុងខេត្តកំពង់ស្ពឺពីខែកក្កដា ។ រូបថត FN
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃស៊ើបអង្កេតករណីជនឆបោកបន្លំជាមន្រ្ដីធ្វើបណ្ណបើកបរយានយន្តដល់ពលរដ្ឋជាច្រើនករណីនាពេលកន្លងមក ខណៈក្រសួងពុំមានគោលការណ៍ផ្ដល់សេវាធ្វើប័ណ្ណបើកបរតាមរយៈបុគ្គលណាម្នាក់នោះ។ នេះបើតាមមន្រ្ដីនាំពាក្យក្រសួងសាធារណៈការ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ១ សីហាថា ករណីជនឆបោកក្លែងបន្លំជាមន្រ្ដីក្រសួងសាធារណៈការកន្លងមក ក្រសួងក៏ធ្លាប់បានសហការមួយចំនួនជាមួយមន្រ្ដីនគរបាលក្នុងការចាត់វិធានការហើយដែរ ព្រោះករណីនេះធ្លាប់បានកើតមានឡើងច្រើនលើកមកហើយ។
លោកបានថ្លែងថា៖ «ក្រសួងបានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃចាត់វិធានការហើយ។ យើងឃើញថាចំណុចដែលជាបញ្ហាប្រឈមនៅក្នុងបណ្ដាញសង្គម ការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ រួចផ្សព្វផ្សាយ មានភាពងាយស្រួលពេក ទើបបណ្ដាលឱ្យពលរដ្ឋដែលមិនទទួលបានព័ត៌មានពីការធ្វើប័ណ្ណបើកបរបានទូលំទូលាយងាយនឹងចាញ់បោកជនល្មើស»។
បើតាមលោក សុទ្ធាយុត្តិ ជាគោលការណ៍រួម ក្រសួងមិនមានការផ្ដល់លទ្ធភាពឱ្យភ្នាក់ងារណាមួយ ទៅធ្វើបណ្ណបើកបរឱ្យពលរដ្ឋទេ។ ការធ្វើបណ្ណបើកបរ ទាមទារ បុគ្គលម្ចាស់យានយន្ត ទៅធ្វើដោយខ្លួនឯង ឆ្លងកាត់ការប្រឡងដែលម្ចាស់ទៅប្រឡង និងមិនអាចឱ្យបុគ្គលណាទៅប្រឡងជំនួសបានទេ។
លោកបានបញ្ជាក់ថា៖ «ការធ្វើបណ្ណបើកបរ គឺមិនអាចធ្វើទៅបានតាមរយៈអ្នករត់ការទេ គឺគ្មានគោលការណ៍នេះដាច់ខាត។ ការធ្វើបណ្ណើបើកបរគឺជារឿងសំខាន់ វាពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពនៅលើផ្លូវថ្នល់។ បើយើងធ្វេសប្រហែសនៅក្នុងកម្រិតណាមួយនោះវាមិនត្រឹមតែគ្រោះថ្នាក់ដល់បុគ្គលខ្លួនឯងទេ ប៉ុន្តែបង្កគ្រោះថ្នាក់ដល់អ្នកនៅជុំវិញថែមទៀត»។
លោកបានអះអាងថា បុគ្គលប្រើប្រាស់ហ្វេសប៊ុកដែលមានគណនីឈ្មោះ «ភក្ត្រា សាធារណការ និងដឹកជញ្ជូន» គឺមិនមានជាមន្រ្ដីក្រសួងទេ គណនីនេះ គឺជាការឆបោក ក្រសួងធ្លាប់បានច្រានចោលគណនីឈ្មោះនេះជាច្រើនលើកហើយ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ធ្លាប់បានលើកឡើងនូវដំណោះស្រាយជាបន្តបន្ទាប់ ក្នុងការលុបបំបាត់ភាពស្មុគស្មាញលើការផ្ដល់សេវាធ្វើបណ្ណបើកបរ និងបានលុបបំបាត់អំពើពុករលួយលើការធ្វើបណ្ណបើកបរ ដែលជាបញ្ហាស្មុគស្មាញ របស់ក្រសួងនាពេលកន្លងមក។
លោកទេសរដ្ឋមន្ត្រីធ្លាប់បានអះអាងថាមិនមានការធ្វើបណ្ណបើកបរណាមួយដោយគ្មានការប្រឡងនោះឡើយ។ ជាមួយគ្នានេះ លោក ក៏ធ្លាប់បានព្រមានចាត់វិធានការតាមច្បាប់ចំពោះមន្ត្រី ដែលឃុបឃិត ប្រព្រឹត្តអំពើពុករលួយលើការធ្វើបណ្ណបើកបរនេះផងដែរ។
កាលពីខែមីនានិងខែកក្កដា ឆ្នាំ ២០២១ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្ដកំពង់ស្ពឺ បានសរសេរបង្ហោះជាសធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញពីករណីចាញ់បោកបុគ្គលប្រើប្រាស់ហ្វេសប៊ុកមានគណនីឈ្មោះ «ភក្ត្រាសាធារណការនិងដឹកជញ្ជូន» ដើម្បីធ្វើបណ្ណបើកបរនេះ។
តាមការសរសេររបស់ពលរដ្ឋដែលចាញ់បោកគេខាងលើបានឱ្យដឹងថា បុគ្គលប្រើប្រាស់ហ្វេសប៊ុកមានគណនីឈ្មោះ «ភក្ត្រា សាធារណការ និងដឹកជញ្ជូន» បានអះអាងថា រូបគេអាចធ្វើបណ្ណបើកបររថយន្តដោយមិនចាំបាច់ឆ្លងការប្រឡងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននោះឡើយ ហើយដើម្បីទទួលបានបណ្ណបើកបរដោយមិនបាច់ប្រឡងនេះ គឺត្រូវចំណាយថវិកាប្រមាណ ៥០០ ដុល្លារ។
ពលរដ្ឋបានរៀបរាប់ថា ជនឆបោកបានប្រើវិធីលួងលោមឱ្យអ្នកចង់ធ្វើបណ្ណបើកបរ ផ្ញើឯកសារពាក់ព័ន្ធនិងផ្ញើលុយតាមវីងដល់រូបគេ។ បើតាមការបង្ហាញរបស់ពលរដ្ឋករណីឆបោកនេះគឺជនឆបោកបានឱ្យអ្នកចង់បានបណ្ណបើកបរ ផ្ញើលុយទៅតាមលេខទូរស័ព្ទទាំងនេះ 096 64 202 52/081 336 609 ៕