ភ្នំពេញៈ វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិកចំនួន ៦០៩ ៦០០ ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់បានដឹកមកដល់ប្រទេសកម្ពុជា កាលពីម៉ោង ០០៖៤០ នាទីយប់មិញឈានចូលថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ ដែលចំនួននេះជាជំហានទី ២ នៃជំនួយសរុប ១ លានដូសមកកាន់កម្ពុជា។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានអញ្ជើញទៅទទួលវ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់អាមេរិកនេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីយប់មិញ។
តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់, សហរដ្ឋអាមេរិកបានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១ លាន ៦ ម៉ឺន ១០០ ដូស (1,060,100) ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយជំនួយលើកទី ១ ទទួលបានរួចហើយចំនួន ៤៥០ ៥០០ ដូស កាលពីថ្ងៃទី ៣០ ខែកក្កដាកន្លងទៅ និងលើកទី ២ នេះមានចំនួន ៦០៩ ៦០០ ដូសទៀត។
ស្ថានទូតអាមេរិកបានប្រកាសថា អំណោយនេះគឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ៕