ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចយកវ៉ាក់សាំង AstraZeneca ជាដូសទី៣ សម្រាប់ចាក់ជូនពលរដ្ឋ ដើម្បីជំរុញឱ្យមានភាពស៊ាំ ដែលជំហានដំបូងនឹងអនុវត្តចំពោះកម្លាំងជួរមុខ និងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខណៈលោកក៏បានបញ្ជាឱ្យបញ្ជូនស្បៀងជូនពលករខ្មែរដែលកំពុងជាប់គាំងនៅតាមព្រំដែនក្នុងប្រទេសថៃ ដែលមិនទាន់អាចអនុញ្ញាតឱ្យត្រឡប់ចូលប្រទេសវិញបានផងដែរ។
ថ្លែងនៅក្នុងសន្និសីទកាសែតនៃការប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនក្មេង និងយុវវ័យអាយុចាប់ពី ១២ ឆ្នាំទៅក្រោម ១៨ ឆ្នាំ នាព្រឹកថ្ងៃទី ១ សីហា នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលបានសម្រេចយកវ៉ាក់សាំង AstraZeneca ជាដូសទី៣ សម្រាប់ចាក់ជូនពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាម និងស៊ីណូវ៉ាក់ រួចទាំង ២ ដូស។
ជាមួយគ្នានេះលោក ហ៊ុន សែន ក៏បានអះអាងដែរថា រដ្ឋាភិបាលនឹងពិចារណាថែមទៀត សម្រាប់អ្នកចាក់វ៉ាក់សាំងប្រភេទផ្សេង ដើម្បីបានទទួលវ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំបានល្អប្រសើរ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំបានយកការសម្រេចហើយ អនុញ្ញាតឱ្យចាក់ដូសទី៣ ដោយប្រើប្រាស់ AstraZeneca ធ្វើជាដូសជំរុញ។ អ្នកដែលបានចាក់ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ត្រូវយក AstraZeneca ធ្វើជាដូសជំរុញ ហើយត្រូវបញ្ជូនជាបន្ទាន់ទៅអនុវត្តនៅខ្សែត្រៀមជួរមុខតាមព្រំដែនកម្ពុជា ថៃ»។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការចាក់ដូសទី៣ នេះអាចនឹងអនុវត្តក្នុងពេលឆាប់ៗ ព្រោះការចាក់វ៉ាក់សាំងដូសទី ៣ គឺត្រូវការចាក់តែ ១ ដូសប៉ុណ្ណោះ ដែលនឹងបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់វ៉ាក់សាំងដូសទី៣ ជូនដល់ពលរដ្ឋ។
សម្រាប់វ៉ាក់សាំង AstraZeneca ជាដូសទី៣ ដែលត្រៀមចាក់ជូនពលរដ្ឋក្នុងពេលនេះ គឺជាវ៉ាក់សាំងដែលទទួលបានពីប្រទេសជប៉ុន អង់គ្លេស ខណៈលោកក៏បានណែនាំឱ្យមន្ត្រីចរចាបន្ថែមទៀត ក្នុងការទិញវ៉ាក់សាំង AstraZeneca នេះតាមរយៈយន្តការកូវ៉ាក់។
ចំណែកការទប់ស្កាត់ការនាំចូលវីរុសកូវីដថ្មីដែលជាប្រភេទ ដែលតា វិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាទៅអាជ្ញាធរពាក់ពន្ធឱ្យយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ការនាំចូលពីប្រទេសជិតខាង ព្រោះបើមិនដូច្នេះទេ វាអាចនឹងរីករាលដាលពាសពេញប្រទេស ហើយនឹងធ្វើឱ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត។
បន្ថែមពីលើនេះទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានទទូចដល់ពលករខ្មែរ សូមកុំទាន់ត្រឡប់ចូលកម្ពុជា ក្នុងពេលនេះ ព្រោះការចូលរបស់ពលរដ្ឋនៅពេលនេះគឺអាចនឹងនាំយកនូវវីរុសប្រភេទថ្មីដែលតា ដែលនាំឱ្យមានឆ្លងរីករាលដាលចូលក្នុងប្រទេសកាន់តែខ្លាំង។
លោកបានបញ្ជាក់ថា៖ «កុំឱ្យដែលតា ចូលមកស្រុកខ្មែរ និងឱ្យបណ្តាខេត្តតាមព្រំដែន មានពេលដកដង្ហើមផង ដែលមកដល់ពេលនេះ មានជាង ១ ម៉ឺន ២ ពាន់ហើយ ដែលកំពុងធ្វើចត្តាឡីស័ក អ៊ីចឹងហើយបានបន្តអំពាវនាវ។ បើតាមបណ្តាខេត្តដែលមានបងប្អូនមកនោះ គឺពិនិត្យមើលការផ្គត់ផ្គង់ស្បៀង ដើម្បីឱ្យខាងថៃគាត់សហការកុំឱ្យបងប្អូនយើងមក។ យើងអាចរុញស្បៀងពីកម្ពុជាយើងទុកឱ្យគាត់នៅខាងថៃ។ យើងនឹងទទួលយកពួកគាត់»។
លោក លឹម សុផុន មន្ត្រីឃ្លាំមើលពលករនៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ បានថ្លែងកាលពីម្សិលមិញថា ពលករខ្មែរជាច្រើនបានសម្រុកមកកម្ពុជាវិញ ហើយបានជាប់គាំងនៅតាមព្រំដែន។ ពេលនេះ លោកក៏កំពុងសហការជាមួយស្ថានទូតកម្ពុជា ដើម្បីបន្តផ្តល់ស្បៀងដល់ពលករខ្មែរ ដែលកំពុងខ្វះខាត និងកំពុងប្រឈមនឹងជំងឺកូវីដ ១៩ នេះ។ ប៉ុន្តែលោកមើលថា ការជួយនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេដែលទាមទារឱ្យមានវិធានថ្មីៗបន្ថែមទៀត។
លោកបានបញ្ជាក់ថា៖ «បើទោះបីស្ថានទូត និងស្ថាប័នពាក់ព័ន្ធខំជួយខ្នះខ្នែងយ៉ាងណាក៏ខ្ញុំជឿថា ការចែកស្បៀងអាហារ ថ្នាំសង្កូវនេះ មិនគ្រប់នោះទេ។ ព្រោះថ្មីៗនេះ សម្ទុះនៃការរីករាលដាលកូវីដ ១៩ នៅក្នុងប្រទេសថៃខ្លាំង ឆ្លងស្ទើរសឹងតែគ្រប់គ្នាហើយ ឆ្លងលឿនមែនទែន»។
កាលពីថ្ងៃម្សិលមិញ ស្ថានទូតចិនប្រចាំកម្ពុជាក៏បានប្រកាសដែរថា វ៉ាក់សាំងបង្ការកូវីដចំនួន ១ លានដូសបន្ថែមទៀត ដែលជាជំនួយជំហានទី៥ របស់ចិនជូនកម្ពុជាបានមកដល់រាជធានីភ្នំពេញហើយ ហើយចិននឹងនៅធ្វើជាខ្នងបង្អែកសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់។
ជាមួយនឹងប្រកាសនេះ ស្ថានទូតចិនក៏បានអះអាងថា នេះជាជំនួយវ៉ាក់សាំងលើកទី៥ របស់ភាគីចិនជូនមកកម្ពុជា។ រហូតមកទល់ពេលនេះ ចំនួនវ៉ាក់សាំងដែលជាជំនួយរបស់ចិនជូនមកកម្ពុជាមានចំនួនសរុប ៣,២ លានដូស។
ស្ថានទូតចិនបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ «ចិននិងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូចដៃ និងជើង និងជាមិត្តភក្តិល្អក្នុងសហគមន៍វាសនារួម។ ភាគីចិន នឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំងសម្រាប់កម្ពុជា និងគាំទ្រមិនងាករេដល់កិច្ចការងារប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងកម្ពុជា។ ដរាបណាវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ»។
ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ មក ចិន និងកម្ពុជាបានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់វីរុសនៅក្នុងសហគមន៍អន្តរជាតិ។ ចាប់តាំងពីដើមឆ្នាំ ២០២១ នេះមកចិនបានផ្តល់វ៉ាក់សាំងបង្ការកូវីដដល់កម្ពុជាសរុប ១៨,៧ លានដូសក្នុងនោះ ៣,២ លានដូសជាជំនួយឥតសំណង និង ១៥,៥ លានដូសជាការបញ្ជាទិញរបស់ភាគីកម្ពុជា។
ក្នុងពេលឆាប់ៗនេះភាគីចិននឹងផ្តល់ជំនួយជាសម្ភារបន្ទាន់ជូនដល់ភាគីកម្ពុជា សម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុសដែលមានតម្លៃសរុបជាង ២០ លានយន់ក្នុងនោះរួមមាន ម៉ាស៊ីនអុកស៊ីហ្ស៊ែន សម្រាប់វេជ្ជសាស្ត្រ ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។ នេះបើយោងតាមការអះអាងរបស់ស្ថានទូតចិន៕