ភ្នំពេញៈ កម្ពុជាប្រារព្ធពិធីអបអរសាទរខួប ១២ ឆ្នាំនៃការដាក់បញ្ចូលបណ្ណសារ សារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ (៣១-កក្កដា-២០០៩ ៣១-កក្កដា-២០២១) កាលពីថ្ងៃទី ៣១ ខែកក្កដា ដើម្បីផ្សព្វផ្សាយឱ្យមនុសុ្សជាតិនៅលើពិភពលោកយល់ដឹង។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងនៅថ្ងៃទី ១ ខែសីហា ថា ការប្រារព្ធពិធីនេះ ក្រសួងតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយឱ្យមនុស្សជាតិនៅលើពិភពលោកយល់ដឹង និងចៀសវាងការប្រព្រឹត្តនូវអំពើឧក្រិដ្ឋកម្មប្រឆាំងទៅនឹងមនុស្សជាតិដូចនៅប្រទេសកម្ពុជា។
លោកបន្តថា ជារៀងរាល់ឆ្នាំ កម្ពុជាតែងតែប្រារព្ធពិធីនេះមិនដែលខាននោះទេ ប៉ុន្តែមិនមានលក្ខណៈធំដុំ ដូចការប្រារព្ធពីដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបេតិកភណ្ឌពិភពលោកទេ។ ការប្រារព្ធនេះដោយមានការថ្លែងបទអន្តរាគមន៍ និងមានការអញ្ជើញចូលរួមពីបណ្តាតំណាងស្ថានទូត និងអង្គការអន្តរជាតិនានាតែប៉ុណ្ណោះ។ «ទោះជាយ៉ាងណាសម្រាប់ឆ្នាំនេះ ក្រសួងមិនអាចធ្វើពិធីជួបជុំគ្នាបាននោះទេ ដោយមានការបង្ហោះសារ និងវីដេអូតាមហ្វេសប៊ុកមានពិព័រណ៍ និងមានការចូលរួមពីតំណាងស្ថានទូត និងអង្គការអន្តរជាតិឱ្យមានការចូលរួម។ ព្រោះនេះ ជាកម្មវិធី ស្មារតីចងចាំពិភពលោក។ យើងមិនអាចចោលព្រឹត្តិការណ៍នេះបានទេ»។
លោក ហង្ស និស្ស័យ ប្រធានគ្រប់គ្រងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឱ្យដឹងដែរថា ក្រោយចូលក្នុងបញ្ជីស្មារតីចងចាំពិភពលោក នាឆ្នាំ ២០០៩ ក្រសួងវប្បធម៌ដោយមានសារមន្ទីរទួលស្លែង ជាប្រតិបត្តិករបានទទួលការគាំទ្រពីអ្នកជំនាញជាតិ និងអន្តរជាតិដើម្បីអភិរក្សឯកសារទាំងអស់ដែលនៅសេសសល់ពីមន្ទីរ ស ២១ នេះដែលមានជាង ៤ សែនទំព័រ។
លោកបញ្ជាក់ថា ជាពិសេសកាលពីឆ្នាំ ២០១៨ ដោយមានការឧបត្ថម្ភពីអង្គការ KOICA នៃសាធារណរដ្ឋកូរ៉េ និងសម្របសម្រួល ដោយអង្គការយូណេស្កូ ព្រមទាំងមានការគាំទ្របច្ចេកទេសពីក្រុមហ៊ុន DDD សារមន្ទីរបានថតចម្លង និងបញ្ចូលទិន្នន័យបណ្ណសារទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យ (Database)។
បើតាមលោក ហង្ស និស្ស័យ តាមរយៈគម្រោងនេះ សារមន្ទីរបានបង្កើតគេហទំព័របណ្ណសារដែលសាធារណជនអាចស្វែងរកព័ត៌មានរបស់សាច់ញាតិ និងស្រាវជ្រាវឯកសារពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រខ្មែរក្រហម ដែលមានក្នុងបណ្ណសារដ្ឋាន។ ក្រៅពីនេះ បានអភិរក្ស និងថែរក្សាឯកសារជាង ៤ សែនទំព័រ បណ្តុះបណ្តាលបុគ្គលិកសារមន្ទីរ និង ការផ្សព្វផ្សាយតាមរយៈគេហទំព័រដល់សាធារណជន។
លោកថ្លែងថា គម្រោងនេះបានអនុវត្តមកដល់ឆ្នាំ ២០២១ នេះ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឱ្យគម្រោងនេះជួបបញ្ហាប្រឈម។ ទោះជាយ៉ាងណា មន្ទីរ-ស ២១ បានថតចម្លងឯកសារមានទាំងរូបថត ចម្លើយសារភាព សៀវភៅខ្មែរក្រហមទាំងអស់បញ្ចូលទិន្នន័យបណ្ណសារទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យ (Database)។
លោកថ្លែងថា៖ «នៅចំពោះមុខនេះ យើងថែរក្សា និងអភិរក្សនូវរាល់ឯកសារទាំងអស់នេះ ឱ្យគង់វង្ស។ ព្រោះគោលដៅរបស់យើងចង់ឱ្យសាធារណជនគ្រប់ទីកន្លែងចូលមើល សិក្សាស្រាវជ្រាវ និងប្រើបេតិកភណ្ឌនេះបាន។ ជាពិសេសយើងនឹងពង្រឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យមានការប្រើប្រាស់កាន់តែច្រើននូវវេបសាយនេះ»៕