ភ្នំពេញៈ អង្គការ WWF នៅថ្ងៃទី ៣១ ខែកក្កដា បានលើកឡើងថា មន្ត្រីល្បាត បានដើរតួនាទីស្នូលក្នុងការការពារវប្បធម៌ និងការរស់នៅរបស់ប្រជាជន ដែលពឹងអាស្រ័យ និងមិនអាចកាត់ផ្តាច់ចេញបានពីធម្មជាតិ បើទោះបីជាកំពុងមានការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការ WWF នៅល្ងាចថ្ងៃទី ៣១ ខែកក្កដា បានឱ្យដឹងថា រាជរដ្ឋាភិបាល និងអង្គការ WWF បាននិងកំពុងសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើត និងតំបន់ព្រៃលិចទឹកមេគង្គ ដោយក្នុងនោះមានមន្ត្រីឧទ្យានុរក្ស និងមន្ត្រីឆ្មាំទន្លេសរុបចំនួន ២០០ នាក់។
អ្នកទាំងនោះកំពុងធ្វើការជាប់លាប់ទាំងថ្ងៃទាំងយប់ ដើម្បីថែរក្សា និងការពារធនធានធម្មជាតិ ជីវចម្រុះ និងប្រព័ន្ធសេវាអេកូឡូស៊ី ដែលផ្គត់ផ្គង់ដល់ការរស់នៅរបស់មនុស្ស និងសត្វក្នុងនោះមានអាហារ ទឹក ខ្យល់បរិសុទ្ធ ប្រភពថាមពលក៏ដូចជាឱកាសការងារ ដែលអាចផ្តល់ប្រាក់ចំណូលគ្រួសារសម្រាប់សហគមន៍មូលដ្ឋាន។ បន្ថែមពីលើការអនុវត្តភារកិច្ចដោយមន្ត្រីល្បាតសមាជិកសហគមន៍សរុបចំនួន ៦៦០ នាក់ផ្សេងទៀតក៏បាន និងកំពុងចូលរួមក្នុងសកម្មភាពល្បាតជាប្រចាំនៅក្នុងតំបន់ការពារព្រៃសហគមន៍។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីល្បាតត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗរួមមានដូចជាទឹកជំនន់ អគ្គិភ័យ សត្វដែលអាចបង្កគ្រោះថ្នាក់ ជំងឺដូចជាជំងឺគ្រុនចាញ់ គ្រុនឈាម កូវីដ ១៩ ក៏ដូចជាត្រូវប្រឈមនឹងហានិភ័យនៃការក្លាយជាគោលដៅរបស់ជនល្មើស ខណៈពួកគេចុះអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើ ការទន្ទ្រានដីព្រៃខុសច្បាប់ និងនេសាទខុសច្បាប់។
ក្នុងសេចក្តីប្រកាសព័ត៌មានអង្គការនេះសរសេរថា៖ «មន្ត្រីល្បាតកំពុងស្ថិតនៅជួរមុខរួមចំណែកគ្រប់គ្រងភាពអាសន្ននៃវិបត្តិកូវីដ ១៩ ហើយពួកគេដើរតួនាទីស្នូលក្នុងការការពារវប្បធម៌ និងការរស់នៅរបស់ប្រជាជនដែលពឹងអាស្រ័យ និងមិនអាចកាត់ផ្តាច់ចេញបានពីធម្មជាតិ»។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ថ្លែងថា ខណៈពេលប្រជាជនជាច្រើនបន្តធ្វើការពីផ្ទះ ក្នុងអំឡុងពេលនៃការរីករាលដាលនៃកូវីដ ១៩ មន្ត្រីល្បាតទាំងអស់កំពុងអនុវត្តកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួននៅជួរមុខនៃការអភិរក្សធនធានធម្មជាតិ។ រាប់ចាប់ពីការដោះអន្ទាក់ចេញពីទីជម្រកសត្វព្រៃ ការទប់ស្កាត់ការបរបាញ់សត្វព្រៃខុសច្បាប់ និងការបំផ្លាញជម្រកព្រៃឈើ ដូចជាការកាប់ព្រៃឈើ ការទន្ទ្រានដីព្រៃខុសច្បាប់ជាដើម។
លោក កែវ សុភគ៌ បានថ្លែងថា៖ «កាតព្វកិច្ចរបស់មន្ត្រីល្បាត មិនត្រឹមតែទប់ស្កាត់បទល្មើសសត្វព្រៃ ការពារទីជម្រកព្រៃធម្មជាតិប៉ុណ្ណោះទេ មន្ត្រីយើងក៏អនុវត្តការងារដើម្បីបង្ការហានិភ័យនៃការចម្លងមេរោគផ្សេងទៀតកុំឱ្យឆ្លងពីសត្វទៅមនុស្សផងដែរ»។
បើតាមលោក សុភគ៌ ក្នុងឆមាសទី ១ ឆ្នាំ ២០២១ នេះ ការបង្ក្រាបសកម្មភាពជួញដូរសត្វព្រៃខុសច្បាប់រឹបអូសបានសាច់សត្វព្រៃខុសច្បាប់សរុបចំនួន ៦០ គីឡូក្រាម ដែលមន្ត្រីល្បាតបានដុតបំផ្លាញចោល។ សម្រាប់រយៈពេល ៥ ឆ្នាំចុងក្រោយនេះ សាច់សត្វព្រៃខុសច្បាប់សរុបចំនួន ៣ ៣១៩ គីឡូក្រាម ក្នុងនោះរួមមានសាច់សត្វឈ្លូស អណ្តើកព្រេច ជ្រូកព្រៃ ត្រកួត កាំប្រមា ទន្សោង ខ្ទីង និងក្ងោកបៃតង ព្រមទាំងសត្វព្រៃស្លាប់ចំនួន ១៧៦ ក្បាលផ្សេងទៀត ត្រូវក្រុមមន្ត្រីល្បាតរឹបអូសបានមុនពេលគេយកទៅប្រើប្រាស់ជាអាហារ និងឱសថ។
លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានថ្លែងថា អង្គការ WWF កោតសរសើរ ដល់មន្ត្រីល្បាតទាំងអស់ដែលមានការលះបង់ខ្ពស់ក្នុងការបំពេញភារកិច្ចនៅជួរមុខជាប្រចាំថ្ងៃ ដើម្បីបុព្វហេតុការពារទ្រព្យសម្បត្តិធម្មជាតិរបស់កម្ពុជាយើង ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិជំងឺឆ្លងកូវីដ១៩។
ការសិក្សាថ្មីមួយដោយអង្គការ WWF បានបង្ហាញថា សត្វព្រៃជាច្រើនប្រភេទដែលជាគោលដៅនៃការបរបាញ់ខុសច្បាប់ និងការចាប់ដោយការដាក់អន្ទាក់ រួមមានសត្វជ្រូកព្រៃ សំពោច និងពង្រូលជាដើម សុទ្ធសឹងជាប្រភេទសត្វមានលទ្ធភាពខ្ពស់ក្នុងការចម្លងមេរោគ ទៅមនុស្សប្រសិនបើមានការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វទាំងនេះ។
បើតាមលោក សេង ទៀក ខណៈអង្គការ WWF កំពុងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាគ្រប់អាជ្ញាធរនៅថ្នាក់ខេត្ត ក្នុងការគ្រប់គ្រងតំបន់ការពារព្រៃធម្មជាតិ និងតំបន់អភិរក្សធនធានជលផល នៅក្នុងតំបន់ទេសភាពទាំង ២ ក្នុងនោះមានការផ្តល់ការគាំទ្រចាំបាច់នានាសម្រាប់ការពង្រឹងការអនុវត្តច្បាប់ដែរ។
លោកបានអំពាវនាវឱ្យមានការដាក់ចេញនូវវិធានការសមស្រប ដើម្បីបញ្ឈប់ការជួញដូរសត្វព្រៃជាពិសេសប្រភេទថនិកសត្វសត្វស្លាប និងឧរុង្គសត្វដែលមានលទ្ធភាពខ្ពស់ក្នុងការចម្លងមេរោគទៅមនុស្ស៕