ភ្នំពេញៈ ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ អាជ្ញាធរមីនកម្ពុជា នៅតែបន្តសកម្មភាពស្រាវជ្រាវសំណល់គ្រាប់បែកចង្កោម ដើម្បីប្រមូលព័ត៌មាន និងពន្លឿនការបោសសម្អាត និងអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍បន្តផ្តល់ជំនួយ ដើម្បីគាំទ្រដល់សកម្មភាពនេះ។
អាជ្ញាធរមីន (CMAA) បានឱ្យដឹងថា ការស្រាវជ្រាវសំណល់គ្រាប់បែកចង្កោម គឺជាវិធីសាស្ត្ររួមបញ្ចូលគ្នារវាងការស្រាវជ្រាវមិនបច្ចេកទេស និងការស្រាវជ្រាវបច្ចេកទេស ដែលត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពគ្រាប់បែកចង្កោមនៅក្នុងប្រទេស។ គោលបំណងនៃការស្រាវជ្រាវសំណល់គ្រាប់បែកចង្កោមនេះ គឺដើម្បីកំណត់រកទីតាំង គូសផែនទី និងកំណត់តំបន់ដែលមានគ្រាប់បែកចង្កោម។
លោក លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន ប្រាប់ភ្នំពេញប៉ុស្តិ៍ថាគ្រាប់បែកចង្កោមដែលបន្សល់ពីសម័យសង្គ្រាមបានរមៀលប្តូរទីតាំងពីកន្លែង ១ ទៅកន្លែង ១ ដែលទាមទារឱ្យអាជ្ញាធរខិតខំពន្លឿនការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា និងបោសសម្អាតឱ្យអស់តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ ២០២៥។
លោកថា៖ «គ្រាប់រំសេវវារមៀលប្តូរទីកន្លែងដែលយើងមិនរំពឹងទុក។ កន្លែងខ្លះមិនមាន ទៅជាមានគ្រាប់បែកចង្កោម ហើយមួយចំនួនមិនប្តូរទីតាំង។ ជាការកត់សម្គាល់របស់យើងគ្រាប់មិនទាន់ផ្ទុះ ទោះបីជាមានអាយុកាលច្រើនទសវត្សរ៍ក៏ដោយ ក៏វានៅតែមានហានិភ័យចំពោះប្រជាពលរដ្ឋ»។
លោកបញ្ជាក់ថា ទោះបីជាមានបញ្ហាប្រឈមច្រើនក្នុងការស្រាវជ្រាវរកសំណល់គ្រាប់បែកចង្កោមក៏ដោយ ក៏ក្រុមការងារនៅតែមិនរាថយឡើយ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ហានិភ័យ។
លោកថា៖ «ករណីប្រឈមរបស់យើង គឺចំណាយពេលច្រើនជាងមុន។ ប៉ុន្តែយើងត្រូវតែធ្វើព្រោះយើងចង់បានផែនទីមួយច្បាស់លាស់ពិតប្រាកដបន្ថែមទៀត ទោះបីយើងបានព័ត៌មានខ្លះពីមុនក៏ដោយ។ អ៊ីចឹងជំហានទី១ យើងត្រូវពិនិត្យឡើងវិញឱ្យបានច្បាស់លាស់ ការកំណត់ផែនទី វត្តមានហានិភ័យគ្រាប់បែកចង្កោមនៅទូទាំងប្រទេស។ ទី២ ពេលដឹងច្បាស់លាស់ហើយ យើងចំណេញពេលវេលា និងធនធានដាក់ឱ្យចំគោលដៅ សម្អាតឱ្យបានចប់ តាមផែនការយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា»។
ទន្ទឹមនឹងនេះ លោក លី ធុជ ថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលបានផ្តល់ការគាំទ្រនាពេលកន្លងមក។ លោកក៏បានអំពាវនាវដល់ម្ចាស់ជំនួយ បន្តផ្តល់ជំនួយដល់អាជ្ញាធរមីន ដើម្បីទ្រទ្រង់ដល់សកម្មភាពសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
លោកថា៖ «កន្លងមកទាំងធនធានរបស់រដ្ឋាភិបាលយើង និងជំនួយពីដៃគូអភិវឌ្ឍន៍យកទៅសម្រុកសម្អាតនៅភូមិភាគខាងលិច។ ព្រោះសម្បូរគ្រាប់មីនធ្វើឱ្យប្រជាជនគ្រោះថ្នាក់ច្រើន ហើយធនធានមួយចំនួនតិចតួចដាក់ទៅភូមិភាគឦសានសម្បូរគ្រាប់បែកចង្កោម»។
លោកបន្ថែមថា៖ «អ៊ីចឹងគោលដៅយើងនៅពេលខាងមុខនេះ ចង់ពន្លឿនការបោសសម្អាតគ្រាប់បែកចង្កោមយ៉ាងតិចណាស់ ៤០ គីឡូម៉ែត្រការ៉េ ក្នុង ១ ឆ្នាំដែរ។ ព្រោះគ្រាប់បែកចង្កោមនៅសល់ជាង ២០០ គីឡូម៉ែត្រការ៉េទៀតនៅទូទាំងប្រទេស អ៊ីចឹងយើងស្នើសុំសហគមន៍ផ្តល់ជំនួយ បន្ថែមថវិកាសម្រាប់សកម្មភាពនៅភូមិភាគឦសាន»។
បើតាមលោក លី ធុជ នៅកម្ពុជា ខេត្តដែលសម្បូរគ្រាប់បែកចង្កោម រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ចាម និងខេត្តត្បូងឃ្មុំ។ ប៉ុន្តែលោកថា នៅកម្ពុជា គ្រាប់បែកចង្កោមមិនមានកម្រិតគំរាមកំហែងដូចគ្រាប់មីនទេ ព្រោះគ្រាប់មីនជាធម្មតាអាចផ្ទុះនៅពេលដែលទទួលរងទម្ងន់ពីមនុស្ស សត្វ ឬយានយន្ត។ ទោះយ៉ាងណា គ្រាប់បែកចង្កោមក៏អាចបង្កការគំរាមកំហែងដែរប្រសិនបើត្រូវទទួលរងកម្ដៅខ្លាំង។
លោកថា៖ «ចំពោះកុមារ គ្រាប់បែកចង្កោមអាចមានការគំរាមកំហែងខ្លាំងជាងគ្រាប់មីន ព្រោះវាមានរូបរាងតូចអាចមើលឃើញនៅលើផ្ទៃដី ដែលមានភាពទាក់ទាញឱ្យកុមាររើសយកមកលេង»។
លោកបន្តទៀតថា ក្រៅពីការបោសសម្អាតគ្រាប់បែកចង្កោម ក្រុមការងារក៏បានចុះធ្វើការអប់រំការយល់ដឹងដល់ប្រជាពលរដ្ឋ កុំឱ្យប៉ះពាល់ ឬយកគ្រាប់បែកចង្កោមទាំងនោះមកលេង ឬកែច្នៃបន្តដែលនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ចំនួនតួលេខនៃកូនគ្រាប់បែកចង្កោមមានចន្លោះពី ២៦ លាន ទៅ ៣០ លានគ្រាប់ត្រូវបានប្រើប្រាស់លើទឹកដីកម្ពុជានៅសម័យសង្គ្រាម។ នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២១ នេះ CMAC បានស្រាវជ្រាវរកឃើញគ្រាប់បែកចង្កោមជិត ២ ពាន់គ្រាប់លើផ្ទៃដីចម្ការគ្រាប់បែកប្រមាណជាង ១៤ គីឡូម៉ែត្រការ៉េ៕