ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន នឹងធ្វើជាសហប្រធានជាមួយរដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី ២ ដែលនឹងធ្វើឡើងនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ។
រដ្ឋមន្ត្រីការបរទេសប្រទេសមេគង្គផ្សេងទៀត ដែលរួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងអគ្គលេខាធិការអាស៊ាន ក៏នឹងចូលរួមនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះផងដែរ។
ក្រសួងការបរទេសបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២ ខែសីហា ថា អង្គប្រជុំនឹងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋ-អាមេរិកលើកទី១ដែលធ្វើឡើងកាលពីឆ្នាំ ២០២០ តាមប្រព័ន្ធវីដេអូ។
ក្រសួងការបរទេសបានគូសបញ្ជាក់ថា កិច្ចប្រជុំក៏នឹងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ និងជំរុញបន្ថែមទៀត លើកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាបាននូវអនុតំបន់មេគង្គដែលមានស្ថិរភាព ភាពរឹងមាំធន់នឹងវិបត្តិការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងវិបុលភាពប្រកបដោយចីរភាព។
បើតាមក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសទាំងអស់នឹងរួមគ្នាគិតគូរពិចារណាទៅដល់ជំងឺរាតត្បាតកូវីដ ១៩ និងផែនការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពរបស់អនុតំបន់ក្រោយជំងឺរាតត្បាត។
ក្រសួងបញ្ជាក់ថា៖ «កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី ២ នេះនឹងបញ្ជាក់អំពីមិត្តភាពដ៏រឹងមាំ និងកិច្ចសហការដ៏ជោគជ័យ រវាងបណ្តាប្រទេសទន្លេ-មេគង្គ និងសហរដ្ឋអាមេរិក ហើយនិងផ្តល់នូវកាលានុវត្តភាព ប្រកបដោយសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការជាក់លាក់ និងមានផលប្រយោជន៍ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងអនុតំបន់មេគង្គ និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២ ខែសីហា ថា តាមរយៈកិច្ចសហប្រតិបត្តិការភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកកន្លងមកសហរដ្ឋអាមេរិកបានជួយកម្ពុជាលើវិស័យបរិស្ថាន ធនធានធម្មជាតិ ការអប់រំ និងសន្តិសុខក្នុងការប្រើប្រាស់ទឹកទន្លេមេគង្គ។
លោកថ្លែងថា៖ «គេរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ពីព្រោះគំនិតផ្តួចផ្តើមមេគង្គ-អាមេរិកកន្លងមកហ្នឹង ផ្តោតខ្លាំងទៅលើបម្រែបម្រួលអាកាសធាតុ។ មានគម្រោងច្រើនដែលត្រូវបានដាក់ចេញតាមរយៈយន្តការមេគង្គ-សហរដ្ឋអាមេរិក ដែលនៅក្នុងនោះការអប់រំ ក៏បានរំលេចនៅក្នុងមេគង្គ-សហរដ្ឋ-អាមេរិកដែរ»។
លោក គិន ភា ថ្លែងថា នៅក្នុងកិច្ចប្រជុំមេគង្គ-សហរដ្ឋអាមេរិកលើកទី ២ នេះ សហរដ្ឋអាមេរិក ប្រហែលផ្តោតខ្លាំងលើការប្រើប្រាស់ទឹកទន្លេមេគង្គ ហើយប្រហែលជាលើកបញ្ហាប្រទេសដែលសាងសង់ទំនប់វារីអគ្គិសនីខ្សែទឹកខាងលើ ដែលជាការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ដែលចង់សំដៅលើប្រទេសចិន។
លោកបារម្ភថា យន្តការភាពជាដៃគូមេគង្គក្រោម-សហរដ្ឋ-អាមេរិក ជាយន្តការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ប៉ុន្តែបើសិនចិន និងអាមេរិកបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក សម្រាប់បណ្តាប្រទេសតាមដងទន្លេមេគង្គ វានឹងមានផលប្រយោជន៍សម្រាប់កម្ពុជាផងដែរ។
លោកបានបញ្ជាក់ថា៖ «អ្វីដែលបារម្ភហ្នឹង គឺរឿងក្តៅមួយចំនួនភាគច្រើនត្រូវបានលើកដែរ នៅពេលគេប្រជុំ ហើយលើក [ឡើង] ហ្នឹង គឺពាក់ព័ន្ធជាមួយប្រទេសចិន ការប្រើប្រាស់ទឹក ការបំពុលបរិស្ថាន ការសាងសង់ទំនប់វារីអគ្គិសនីជាដើម»។
លោក ភា បានលើកឡើងថា កម្ពុជាគួររក្សាគោលការណ៍ពហុភាគីនិយម ហើយព្យាយាមធ្វើឱ្យមានតុល្យភាពរវាងសហរដ្ឋអាមេរិក ចិន និងប្រទេសមេគង្គផ្សេងទៀត តាមលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក។ ការធ្វើបែបនេះគឺជារឿងផ្តល់ផលចំណេញជាជាងចាប់យកប្រទេសណាមួយ ហើយវាយប្រហារប្រទេសណាមួយ ឬឱ្យតម្លៃប្រទេសណាមួយ ហើយទម្លាក់តម្លៃប្រទេសណាមួយ។
លោកបានបញ្ជាក់ថា៖ «យើងព្យាយាមទាញយកផលប្រយោជន៍ទៅតាមគំនិតផ្តួចផ្តើម ទៅតាមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការតាមគ្រប់រូបភាពដែលអាចធ្វើបានដើម្បីផលប្រយោជន៍ជាតិយើង»៕