ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន អំពាវនាវដល់អាស៊ាន ឱ្យជួយសម្រាលការលំបាករបស់ប្រជាជនក្រីក្រ ក្នុងនោះក៏មានពលរដ្ឋកម្ពុជាផងដែរ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងដោយសារជំងឺកូវីដ ១៩។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នាថ្ងៃទី ៣ សីហា បានដកស្រង់សម្តីលោក ប្រាក់ សុខុន ថា៖ «ខណៈដែលអាស៊ាន កំពុងប្រឈមមុខនឹងផលប៉ះពាល់ ដែលបង្កដោយការរីករាលដាលជំងឺកូវីដ ១៩ ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ មកលើប្រជាជនក្រីក្រ អាស៊ាន គួរខិតខំប្រឹងប្រែងរួមគ្នាដើម្បីកាត់បន្ថយការលំបាក របស់ប្រជាជនទាំងនោះ និងបន្តវឌ្ឍនភាព នៃការកាត់បន្ថយភាពក្រីក្រ»។
លោក ប្រាក់ សុខុន បានស្នើឡើងដូច្នេះ ខណៈលោកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៤ កាលពីថ្ងៃទី ២ ខែសីហា តាមប្រព័ន្ធវីដេអូ។
លោកស្នើដល់អាស៊ាន ឱ្យមានការធានាឱ្យបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងកំណើនសម្រាប់តំបន់ តាមរយៈការសម្រេចឱ្យបាន នូវក្របខ័ណ្ឌការរៀបចំច្រករបៀង ធ្វើដំណើរក្នុងតំបន់អាស៊ាន និងការធ្វើប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈនិងជំងឺដែលកំពុងកើតមាន។
លោកថ្លែងថា ការធានាថា ការចូលរួមរបស់អាស៊ាន ជាមួយដៃគូខាងក្រៅ គឺគាំទ្រដល់មជ្ឈមណ្ឌលអាស៊ានដែលស្របនឹងគោលការណ៍អាស៊ានរួមមាន ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានពិភាក្សាអំពីវិធីសាស្ត្រពង្រឹងការអនុវត្តនូវគំនិតផ្តួចផ្តើមតំបន់ផ្សេងៗ រួមមានមូលនិធិអាស៊ាន ឆ្លើយតបទៅនឹងជំងឺកូវីដ ១៩។
មជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន។
ការរៀបចំច្រករបៀងធ្វើដំណើរអាស៊ាន និងក្របខ័ណ្ឌស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ានក្នុងកិច្ចខិតខំជម្នះជំងឺរាតត្បាតកូវីដ ១៩ និងដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចសង្គមដែលបណ្តាលមកពីវិបត្តិនេះ។
ប្រទេសជាសមាជិកអាស៊ាន បានលើកឡើងអំពីតម្រូវការក្នុងការចាប់ផ្តើមឱ្យមានអភិក្រមរួមប្រកបដោយបរិយាប័ន្ននិងរឹងមាំ ក្នុងការឆ្លើយតបចំពោះការប្រឈមភ្លាមៗ ជាពិសេសដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ ១៩ និងធានាបាននូវការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងតំបន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ក្នុងន័យនេះកិច្ចប្រជុំបានឯកភាពពន្លឿនការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងផែនការអនុវត្តក៏ដូចជាគំនិតផ្តួចផ្តើមសំខាន់ៗផ្សេងទៀតដែលបានឯកភាពគ្នារួច រួមមានកិច្ចព្រមព្រៀងច្រករបៀងធ្វើដំណើរ នៅក្នុងតំបន់អាស៊ាន ដើម្បីធានាថា អាស៊ានងើបចេញពីជំងឺរាតត្បាតកូវីដ១៩ ប្រកបដោយភាពកាន់តែរឹងមាំជាងមុន»។
លោក ប្រាក់ សុខុន បានលើកឡើងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការជំរុញតំបន់និយម និងពហុភាគីនិយមក៏ដូចជាពង្រឹងនិម្មាបនកម្មតំបន់ ដែលបើកចំហ ឱ្យមានតម្លាភាព ប្រកបដោយបរិយាប័ន្ននិងផ្អែកលើគោលការណ៍ច្បាប់ដោយយកអាស៊ានជាស្នូលក្នុងការដោះស្រាយបញ្ហាប្រឈមរួម ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានប្តេជ្ញាចិត្តប្រកាន់ខ្ជាប់របៀបវារៈសិទ្ធិមនុស្ស រួមទាំងការការពារ និងលើកកម្ពស់សេរីភាពស្នូល របស់ប្រជាជនអាស៊ាននិងបានជំរុញឱ្យគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សកាន់តែសកម្មក្នុងការបំពេញ ភារកិច្ច ដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សទូទាំងអាស៊ាន ជាពិសេសអំឡុងពេលដ៏លំបាក ដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ១៩។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣ ខែសីហា ថា អាស៊ានបានដាក់ចេញនូវយន្តការជាច្រើន សម្រាប់ជួយប្រជាពលរដ្ឋដែលជួបវិបត្តិដោយសារកូវីដ ១៩ និងបានបង្កើតជាមូលនិធិអាស៊ាន សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទកូវីដ ១៩ និងក្រោយកូវីដ ១៩។
លោកថ្លែងថា៖ «អាស៊ានបានដាក់ចេញមកហ្នឹង គឺភាគច្រើនជាកិច្ចព្រមព្រៀង ជាឯកសារដែលមាននៅលើតុហ្នឹងច្រើនជាងការអនុវត្តជាក់ស្តែង»។
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣ ខែសីហា ថា ការគាំទ្រដល់ក្រុមដែលងាយរងគ្រោះបំផុត ក្នុងកំឡុងពេលមានវិបត្តិសុខភាពសាធារណៈ និងឱនភាពសេដ្ឋកិច្ច គឺជាវិស័យមួយក្នុងចំណោមវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់នានា។
លោកថ្លែងថា៖ «អាស៊ាន បានបង្កើតផែនការស្តារឡើងវិញ ក្នុងតំបន់ ប៉ុន្តែការអនុវត្តនៅតែជាបញ្ហា។ ដូច្នេះអាស៊ានចាំបាច់ ត្រូវពង្រឹងការទទួលខុសត្រូវ ដើម្បីអនុវត្តគោលនយោបាយទាំងអស់ ដែលទាក់ទងនឹងការស្តារសេដ្ឋកិច្ចសង្គមក្រោយជំងឺរាតត្បាត»។
លោក វណ្ណារិទ្ធ បញ្ជាក់ថា ការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងប្រទេស និងរវាងប្រទេសជាសមាជិកអាស៊ានត្រូវការការជំរុញផ្នែកហិរញ្ញវត្ថុបន្ថែមទៀត៕